Friday, January 29, 2021

ពិធីបិទអង្គសិក្ខាសាលាស្ដីពី ការអភិវឌ្ឍឯកសារបណ្ដុះបណ្ដាលគ្រូកម្មវិធីអក្ខរកម្មតាមប្រព័ន្ធក្រេឌីត

 ស្វាយរៀង៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញក្នុងពិធីបិទអង្គសិក្ខាសាលាស្ដីពី ការអភិវឌ្ឍឯកសារបណ្ដុះបណ្ដាលគ្រូកម្មវិធីអក្ខរកម្មតាមប្រព័ន្ធក្រេឌីត។

ថ្លែងក្នុងពិធីបិទអង្គសិក្ខាសាលា រដ្ឋលេខាធិការ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពទី១ក្នុងយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាលជាពិសេសវាបានក្លាយជាអាទិភាពទី១នៅក្នុងដំណាក់កាលទី៣ និងទី៤ ក្នុងគោលដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព ហើយធនធានដែលធ្វើឱ្យសង្គមជាតិមានការរីកចម្រើន និងសុខសន្តិភាពត្រូវមាន ចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ ស្មារតីទទួលខុសត្រូវ សុខភាពល្អ កាយសម្បទារឹងមាំ តួនាទីស្ត្រី និងកិច្ចការពារសង្គម។ ក្នុងន័យនេះការអភិវឌ្ឍធនធានមនុស្ស គឺផ្តោតសំខាន់លើ ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម។

ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ការអប់រំឆ្នាំ២០៣០ ដោយកំណត់នូវគោលដៅអាទិភាពជាយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនរួមចំណែកដល់ការលើកកម្ពស់ ការសិក្សាពេញមួយជីវិត គឺផ្ដល់ការរៀនសូត្រឱ្យបានទូលំទូលាយ និងធានាបាននូវនិរន្តរភាព គុណភាព និងប្រសិទ្ធភាព។
ជាមួយនោះក្រសួងអប់រំ យុវជន និងកីឡាបានកំណត់ផែនការអាទិភាពសម្រាប់កំណែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយ សម្បទា និងគុណតម្លៃជាពលរដ្ឋសកល ជាការងារដ៏សំខាន់ដើម្បីទទួលបានធនធានមនុស្សប្រកបដោយសក្ដានុពលឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ កំណែទម្រង់ដែលជាអាទិភាពនោះគឺកំណែទម្រង់ការអប់រំគ្រូបង្រៀន និងលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនតាមរយៈផែនការសកម្មភាព នៃគោលនយោបាយ ស្ដីពីគ្រូបង្រៀន ដើម្បីធានាឱ្យកម្ពុជាមានធនធានមនុស្សមានសមត្ថភាព ដែលជាកត្តាកំណត់ភាពជោគជ័យនៃការអភិវឌ្ឍគ្រប់វិស័យ។ ក្នុងន័យនេះ ទាំងការអប់រំក្នុងប្រព័ន្ធ និងការអប់រំក្រៅប្រព័ន្ធ ត្រូវតែយកចិត្តទុកដាក់ធ្វើកំណែទម្រង់ព្រមៗគ្នា។

ដូចនេះដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃធនធានមនុស្សសម្រាប់អភិវឌ្ឍប្រទេសជាតិ ក្រសួងអប់រំ យុវជន និងកីឡា ដែលមាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធជាសេនាធិការ បានធ្វើការជាបន្តបន្ទាប់ជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍរួមសហការគ្នាចងក្រងបានជា ក្របខណ្ឌកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនកម្មវិធីអក្ខរកម្មជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធតាមប្រព័ន្ធក្រេឌីត។ ដោយឡែកថ្ងៃនេះយើងបានរៀបចំ ឆ្លងឯកសារជាលើកទី៣ ដែលជាឯកសារសម្រាប់បណ្តុះបណ្តាលគ្រូកម្មវិធីអក្ខរកម្មតាមប្រព័ន្ធក្រេឌីត បន្ថែមទៀតដើម្បីធ្វើការបណ្ដុះបណ្ដាល និងលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនកម្មវិធីអក្ខរកម្មជាប់កិច្ចសន្យា ស្របតាមស្ដង់ដារជាតិក្នុងគោលបំណងឱ្យមានជំនាញ មានសមត្ថភាពគ្រប់គ្រាន់ និងមានគរុកោសល្យច្បាស់លាស់ក្នុងការបំពេញភារកិច្ចជាគ្រូបង្រៀន និងជំរុញឱ្យការបង្រៀន និងរៀនឆ្លើយតបទៅ នឹងតម្រូវការជាក់ស្ដែងរបស់អ្នករៀន និងធ្វើឱ្យពួកគេមានសមត្ថភាពដោះស្រាយបញ្ហាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕






No comments:

Post a Comment