Monday, November 23, 2020

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យសកម្មភាពស្តារផលិតកម្មស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករ

 កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយប្រតិភូក្រសួង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យសកម្មភាពស្តារផលិតកម្មស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅឃុំគោកបន្ទាយ ស្រុករលៀប្អៀ និងនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

លោករដ្ឋមន្ត្រីបានចូលរួមអបអរចំពោះសកម្មភាពដ៏រស់រវើករបស់បងប្អូនប្រជាកសិករក្នុងការស្តារផលិតកម្មស្រូវឡើងវិញ នេះសរបញ្ជាក់ឲ្យឃើញថាពួកគាត់បានយកចិត្តទុកដាក់ស្តារផលិតកម្មស្បៀងឡើងវិញបានទាន់ពេលវេលា ហើយសង្ឃឹមថាពួកគាត់នឹងទទួលបានផ្លែផ្កាដូចការរំពឹងទុក។ ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រីបានណែនាំឲ្យបងប្អូនយកចិត្តទុកដាក់លើការគ្រប់គ្រងទឹក និងឧស្សាហ៍ចុះស្រែដើម្បីមើលថែទាំ និងការពារសត្វចង្រៃផ្សេងៗ កុំឲ្យមកបំផ្លាញស្រូវ។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមកាងាររាជដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បាននាំយកពូជស្រូវចំនួន ១៧១តោនដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកចែកជូនបងប្អូនប្រជាកសិករ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា លទ្ធផលនៃការស្តារដំណាំស្រូវនៅតាមបណ្តាស្រុក ក្រុងទាំង៦ គិតមកទល់ពេលនេះសម្រេចបានចំនួន ៤៦៦ហ.ត នៃផ្ទៃដីខូចខាតចំនួន ១ ៧៩២ ហ.ត ហើយកំពុងបន្តស្តារដំណាំស្រូវឡើងវិញលើផ្ទៃដីដែលនៅសេសសល់៕







No comments:

Post a Comment