Monday, November 23, 2020

លោក ម៉ែន វិបុល ចុះចែកអំណោយមនុស្សធម៌ជូនដល់ជនងាយរងគ្រោះចាស់ជរាសរុប ១០៦ គ្រួសារ មកពី ១០ ឃុំ ក្នុងស្រុករំដួល

 ស្វាយរៀង៖ នៅព្រឹកថ្ងៃអាទិត្យទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តជូនដល់ជនងាយរងគ្រោះ ចាស់ជរា ៤៣ គ្រួសារ ជនពិការ ៥ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ៥៨ គ្រួសារ សរុប ១០៦ គ្រួសារ មកពី ១០ ឃុំក្នុងស្រុករំដួល ស្ថិតសាលាស្រុករំដួល ក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ក្នុងនាមគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវគណៈកម្មាធិការសាខាជាច្រើនរូបទៀតផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោកស្រី ម៉ែន សំអន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខ ទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រី បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះគឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសាទឹកដាំពុះ ហូប ស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ អោយសោះត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលព្រោះមួយរយៈពេលដ៏ខ្លីនេះមានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង ។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង១០៦ គ្រួសារ ក្នុង១ គ្រួសារទទួលបាន អង្ករ ៣០ គីឡូក្រាម មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (មុង១ ភួយ ១ ក្រមា ១ សារុង ១) និងថវិកា ៥០,០០០រៀល៕







No comments:

Post a Comment