Friday, September 04, 2020

លោក អ៊ុន ចាន់ដា ទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពរបស់អង្កការសុខភាពពិភពលោក

 កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពរបស់អង្កការសុខភាពពិភពលោក ដឹកនាំដោយ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រី Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូក្រសួងសុខាភិបាល មន្រ្តីអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា លោកស្រី អភិបាលរងខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួននៅសាលប្រជុំសាលាខេត្ត។គោលបំណងនៃដំណើរទស្សនកិច្ចរបស់ប្រតិភូក្រសួងសុខាភិបាល ដើម្បីពិនិត្យ វាយតម្លៃលើការគ្រប់គ្រង និងការអនុវត្តវិធានការ ការពារការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម។

ក្នុងឱកាសនោះលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ បានផ្ដល់ជាអនុសាសន៍ និងការណែនាំដល់រដ្ឋបាលខេត្ត ក្នុងឱកាសនៃពិធីនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌខាងមុខនេះ ដោយត្រូវជម្រុញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្ត ត្រូវបន្តផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា និងសារាចរណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការបង្ការ និងការពារ ការឆ្លងនូវ ជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ និងស្នើឲ្យប្រជាពលរដ្ឋទូទៅដែលជាពុទ្ធសាសនិកជន និងគណៈកម្មការគ្រប់វត្តអារាម អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារទប់ស្កាត់កូវីដ-១៩ ដែលក្រសួងសុខាភិបាលបានដាក់ចេញឱ្យអនុវត្តនាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមទប់ស្កាត់ ការចម្លងចូលក្នុងសហគមន៍។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាន៍ថា សម្រាប់ខេត្តកំពង់ចាម បានចេញនូវបានចេញនូវសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាម។ ជាមួយគ្នានេះរដ្ឋបាលខេត្តកំពង់ចាមបានធ្វើការណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ឲ្យបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយនូវសារាចរណែនាំក្រសួងធម្មការ និងសាសនា និងសារាចរណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅគ្រប់ទីវត្តអារាម។

គួរបញ្ចាក់ថា៖ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំ មណ្ឌលចត្តាឡីស័កកម្រិត២នៅខេត្ត មានចំនួន ២កន្លែង ក្នុងនោះ ទី១ អតីតសណ្ឋាគារមេគង្គមានបន្ទប់ចំនួន ៧១បន្ទប់ ដែលអាចដាក់មុខសញ្ញាចត្តាឡីស័កបានចំនួន ១៤២នាក់ និងទី២ អាគារអន្តេវាសិក (ជាអំណោយដ៏ថ្លៃថ្លាររបស់លោកនាយករដ្ឋមន្រ្ដី ) ក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម មានចំនួន ៤០បន្ទប់ ដែលអាចដាក់មុខសញ្ញាចត្តាឡីស័កកម្រិត២ចំនួន ១២០នាក់។ ដោយឡែកគិតត្រឹមថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ពលរដ្ឋដែលទើបនឹងវិលត្រឡប់មកពីបរទេស និងបានស្នាក់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ មានចំនួន ៤.២៩៦នាក់ ក្នុងនោះ បានផុតការតាមដានសុខភាព ចំនួន ៤.២១២នាក់ និងបានសមាហរណកម្មពួកគាត់ ទៅក្នុងសហគមន៍ និងគ្រួសារវិញ ៕







No comments:

Post a Comment