Friday, September 04, 2020

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រកាសបញ្ចេញកញ្ចប់ថវិកា ១៥០លានដុល្លារ ដើម្បីអភិវឌ្ឍផ្លូវគមនាគមន៍ក្នុងទីក្រុងអង្គរ

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសបញ្ចេញកញ្ចប់ថវិកាជាតិ ១៥០លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវក្នុងខេត្តសៀមរាប។ ការប្រកាសនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដកស្រង់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលចាប់ផ្តើមគណៈរដ្ឋមន្ត្រីថ្ងៃសុក្រ ទី៤ កញ្ញា ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការផ្តល់ថវិកាចំនួន ១៥០លានដុល្លារ ដើម្បីសាងសង់ផ្លូវនៅក្នុងខេត្តសៀមរាប ដែលនឹងជួយកែលំអហេដ្ឋារចនាសម្ពន្ធខេត្តផង ផ្តល់ការងារដល់ប្រជាជនដែលអាចប៉ះពាល់ដោយកូវីដ១៩ផង»។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ថា ផ្លូវតូចធំដែលគ្រោងសាងសង់នេះមានចំនួន ៣៨ខ្សែ នៅក្នុងទីរួមខេត្ត។ លោកនាយករដ្ឋមន្រ្ដី បានលើកឡើងថា ការសាងសង់ផ្លូវទាំងនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិក្រោយជំងឺកូវីដ១៩។

លោកនាយករដ្ឋមន្រ្ដី បានប្រកាសថា លោកនឹងអញ្ជើញបើកការដ្ឋាសាងសង់ដោយផ្ទាល់។ លោកនាយករដ្ឋមន្ត្រីបង្ហាញក្តីសង្ឃឹមថា នៅចុងឆ្នាំ២០២១ ក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ល្បាញល្បីរបស់កម្ពុជា នឹងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ។

លោកនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គ្រប់ក្រសួងស្ថាប័ន ដែលបានសន្សំសំចៃ មិនខ្ជះខ្ជាយថវិកា ធ្វើឱ្យកម្ពុជាសន្សំបានថវិកាជាង ៦០០លានដុល្លារសម្រាប់យកមកអភិវឌ្ឍន៍ប្រទេសជាតិ៕





No comments:

Post a Comment