Thursday, June 04, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តក្រើនរំលឹកប្រជាពលរដ្ឋកុំឱ្យភ្លេចជំងឺកូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តរំលឹកប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ ដោយមិនត្រូវមានធ្វេសប្រហែស ឬភ្លេចចំពោះជំងឺឆ្លងដ៏កាសសាហាវមួយនេះនោះឡើយ។ លោក បានអំពាវនាវតាមទំព័រ Facebook នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ យ៉ាងដូច្នេះ «យើងទាំងអស់គ្នាត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួនទប់ស្កាត់ការឆ្លងរាលដាលជំងឺរលាកផ្លូវដង្ហើមកូវីដ១៩។ ជំងឺរាតត្បាតនេះងាយឆ្លងសាហាវខ្លាំងណាស់។ អ៊ីចឹងហើយបានជាប្រទេសជាច្រើនកំពុងបិទប្រទេសដាក់បម្រាមហាមឃាត់មិនឱ្យពលរដ្ឋធ្វើដំណើរ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានក្រើនរំលឹកប្រជាពលរដ្ឋឱ្យឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹកអាល់កុល និងពាក់ម៉ាសការពារជំងឺឆ្លងគ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះ សូមតាមដានព័ត៌មាន និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ។
ដោយយោងតាមទិន្នន័យពីអង្គការសុខភាពពិភពលោក (WHO) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកថា មកដល់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ អ្នកឆ្លងជំងឺកូវីដ១៩ បានរីករាលដាលលើដែនដី និងប្រទេសចំនួន២១៦ប្រទេស។ អ្នកឆ្លងបានកើនឡើងជាង៦លាននាក់ ក្នុងនោះអ្នកស្លាប់ បានកើនដល់ជិត ៣៨ម៉ឺននាក់។ លោក បានសង្កត់ធ្ងន់ថា មកទល់ពេលនេះពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ ហើយសម្រាប់កម្ពុជា ទោះបីចំនួនអ្នកឆ្លងតិចតែក៏មិនត្រូវធ្វេសប្រហែសមើលស្រាលជំងឺដ៏កាចសាហាវនេះឡើយ៕




No comments:

Post a Comment