Thursday, June 04, 2020

តើរ៉ុង ឈុន ជាយុវជនការពារបរិស្ថានឬ?

អ្នកដែលមិនបានដឹងរឿងពិត និងបានត្រឹមតែឃើញរូបភាពតាមហ្វេសប៊ុក ពិតជាមានប្រតិកម្មថាហេតុអ្វីបានជាអាជ្ញាធរខេត្តកោះកុងត្រូវសួរនាំទៅលើក្រុមយុវជនជិះកង់ដើម្បីដាក់ញត្តិទាមទារសង្គ្រោះកោះកុងក្រៅ ខណៈ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបាននិងកំពុងសិក្សា រៀបចំឯកសារពាក់ព័ន្ធដាក់តំបន់នេះជា ឧទ្យានជាតិសមុទ្ររួចទៅហើយនោះ ហើយរំពឹងថាតំបន់កោះកុងក្រៅនេះនឹងប្រកាសជាផ្លូវការថាជាឧទ្យានជាតិសមុទ្រនៅអំឡុងឆ្នាំ ២០២១ ខាងមុខ។ ឆាកល្ខោននេះត្រូវបានគេរៀបចំឡើងក្នុងទម្រង់នៃការតស៊ូមតិដោយប្រើប្រាស់យុវជនមកប្រឈមមុខជាមួយអាជ្ញាធរហើយអ្នករៀបចំនិងដឹកនាំសម្តែងគឺ រ៉ុង ឈុន ជាសកម្មជនលាក់មុខរបស់ខ្មោចគណបក្សសង្គ្រោះជាតិជ្រកក្រោមស្លាកប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលមានឧបាយកលនយោបាយទុច្ចរឹតច្បាស់លាស់ក្នុងការបំពុលសង្គមក្រោមរូបភាពសកម្មភាពថ្មី ប៉ុន្តែបម្រើឱ្យផែនការចាស់របស់ខ្មោចគណបក្សសង្គ្រោះជាតិក្នុងការផ្លាស់ប្តូររបបតាមបដិវត្តន៍ពណ៌ មិនប្រជាធិបតេយ្យ។

វត្តមានរបស់ រ៉ុង ឈុន ត្រូវបានគេដឹងថាមាននៅលើទឹកដីខេត្តកោះកុង និងមានវត្តមានជាប់រហូតជាមួយក្រុមយុវជននៃអតីតអង្គការមាតាធម្មជាតិ និងអង្គការផ្សេងទៀត ព្រមទាំងបានចូលរួមរៀបចំយុទ្ធនាការជិះកង់នយោបាយនេះ ហើយ រ៉ុង ឈុន ខ្លួនឯងក៏បានថែមទាំងជិះកង់បើកយុទ្ធនាការថែមទៀត។ តើ រ៉ុង ឈុន ជានរណា? ប្រជាពលរដ្ឋខ្មែរ ពិតជាស្គាល់ច្បាស់ណាស់ថា រ៉ុង ឈុន ដែលជ្រកក្រោមស្លាក់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យជាថ្នាក់ដឹកនាំជាន់ ខ្ពស់មួយរូបរបស់ខ្មោចគណបក្សសង្គ្រោះជាតិ និងធ្វើសកម្មភាពទាំងឡាយដែលបម្រើឱ្យនយោបាយរបស់អតីតខ្មោចបក្សនេះ។ ចុងក្រោយនេះ រ៉ុង ឈុន បានចូលរួមយ៉ាងសកម្មជាមួយអតីតខ្មោចបក្សសង្គ្រោះជាតិ ក្រុមទណ្ឌិត សម រង្ស៊ី ដើម្បីរៀបចំផែនការវិលត្រឡប់នៃទណ្ឌិតរត់ចោលគុក សម រង្ស៊ីមកកម្ពុជាកាលពីឆ្នាំ ២០១៩ កន្លងទៅ។

តើក្រុមយុវជននេះមកពីប្រភពណា? ពួកគេជាសមាជិកនៃអតីតអង្គការមតាធម្មជាតិរបស់ អាឡិច ហ្គុងហ្សឺលេស ដែលត្រូវរដ្ឋាភិបាលកម្ពុជាដាក់ក្នុងបញ្ជីខ្មៅមិនឱ្យជាន់ទឹកដីកម្ពុជា ព្រោះជនបរទេស រូបនេះបានធ្វើសកម្មភាពនិងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអតីតគណបក្សសង្គ្រោះជាតិ ហើយចុងក្រោយនេះជនបរទេសរូបនេះថែមទាំងបង្ហាញផែនការលម្អិតក្នុងការបង្កចលាចលសង្គមកម្ពុជាតាមរយៈការញុះញង់ឱ្យពលរដ្ឋងើបបះបោរប្រឆាំងនឹងអាជ្ញាធរ ដែលស្របតាមការចង់របស់ក្រុមមេដឹកនាំនៃអតីតខ្មោចបក្សសង្គ្រោះជាតិថែមទៀតផង។ ក្រៅពីនោះក៏មានសមាជិកនៃក្រុមអង្គការបណ្តាញយុវជនកម្ពុជាចូលរួម និងមានបុគ្គលិកមកពីអង្គការសិទ្ធិមនុស្សលីកាដូអមដំណើរការពារពួកក្រុមយុវជនទាំងនេះផងដែរ។

នេះគឺជាការរៀបចំផែនការជាប្រព័ន្ធ និងមានផែនការច្បាស់លាស់ក្នុងការធ្វើតេស្តកម្លាំងសមត្ថកិច្ចក្រោមរូបភាពប្រើប្រាស់យុវជនជាខែលដើម្បីត្រៀមសម្រាប់ការអនុវត្តផែនការផ្សេងទៀត។ តាមពិត រ៉ុង ឈុន និងចៅហ្វាយនាយដែលគាំទ្រយុទ្ធនាការ និងថែមទាំងផ្តល់ថវិកាឱ្យក្រុមយុវជនដែលគេប្រើធ្វើនយោបាយទិញកង់សម្រាប់ជិះផងនេះ ពិតជាមានគោលដៅនយោបាយលើសពីការទាមទារឱ្យសង្គ្រោះកោះកុងក្រៅ។ អ្វីដែលគួរឱ្យកត់សម្គាល់ដើម្បីទាញចំណាប់អារម្មណ៍ ពួកគេបានប្រើប្រាស់ពាក្យ «សង្គ្រោះ» ដែលព្យាយាមបំភ្លៃ បំប៉ោង និងបំភ័ន្តមតិសាធារណៈ ប៉ុន្តែទិសដៅសំខាន់ពាក្យសង្គ្រោះអាចពួកគេចង់រំឭកឈ្មោះដល់ខ្មោចបក្សរបស់ខ្លួន ខណៈពលរដ្ឋខ្មែរភាគច្រើនមិនចង់រំឭឡើងវិញពីបក្សក្បត់ជាតិដែលត្រូវបានតុលាការសម្រេចរំលាយចោលស្របតាមច្បាប់។ នេះហើយជាការជិះកង់ធ្វើនយោបាយដែលខុសពីការជិះកង់កម្សាន្ត និងជិះកង់ហាត់ប្រាណ។ ម្យ៉ាងទៀត វិធានការរបស់អាជ្ញាធរខេត្តជាការត្រឹមត្រូវព្រោះក្រុមយុវជនរួមនឹងរ៉ុង ឈុន ផងគឺជាសមាជិកនៃអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពផ្សេងត្រូវស្ថិតក្រោមច្បាប់កំណត់។

ក្រុមយុវជនដែលគេប្រើជាខែលនយោបាយក៏គួរដឹងថាគេប្រើប្រាស់សកម្មភាពខ្លួនជាលេស បិទបាំងនយោបាយទុច្ចរិតរបស់ក្រុមប្រឆាំងនិងចៅហ្វាយនាយរបស់ពួកគេ។ ពេលសមត្ថកិច្ចសួរនាំក្រុមយុវជន ទាំងនោះនៅខេត្តកោះកុង រ៉ុង ឈុន បានគេចខ្លួនប្រាសអាយូស ទុកក្រុមយុវជនទាំងនេះចោល។ នេះជា ទម្លាប់នៃមេដឹកនាំខ្មោចសង្គ្រោះជាតិដែលតែងតែរត់ចោលសកម្មជនរបស់ខ្លួននៅពេលមានគ្រោះអាសន្ន។ ពួកគេដឹងតែទាញផលប្រយោជន៍ប៉ុណ្ណោះ។ ដូច្នេះ រ៉ុង ឈុន មិនមែនជាយុវជនការពារបរិស្ថានស្អីគេនោះដែរ
ហើយសកម្មភាពនៃការជិះកង់ដោយក្រុមសមាជិកអង្គក្រៅរដ្ឋាភិបាលដែលមិនសុំច្បាប់ទម្លាប់ក្នុងការធ្វើសកម្មភាពនេះ គឺគ្រាន់តែជាឆាកល្ខោនដែលគេរៀបចំឡើងដោយបម្រើផែនការឧបាយកលទុច្ចរិតចាស់របស់ពួកគេពីមុនប៉ុណ្ណោះ ហើយអ្នកដឹកនាំធ្វើផ្ទាល់គឺ រ៉ុង ឈុន ដែលមានចេតនាធ្វើវិទង្សនាប្រឆាំងកម្ពុជា ដោយប្រើប្រាស់យុវជនប៉ុន្មាននាក់មកបង្កើតរូបភាពប្រឈមនឹងអាជ្ញាធរមានសមត្ថកិច្ច។ តាមតពិតល្បិចកលនយោបាយទុច្ចរិតនេះ ពលរដ្ឋខ្មែរបានដឹងអស់ហើយ!!!

ដោយ ចៅចាក់ស្មុក
ស្រុកកំចាយមារ ខេត្តព្រៃវែង ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២០






No comments:

Post a Comment