Friday, March 20, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិ អំពីការកំណត់យកទីតាំងចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជនចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានផ្ញើសារលិខិតជូនជនរួមជាតិជាទីស្នេហា អំពីការកំណត់យកទីតាំងចំនួន ២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ ទីតាំងទាំង២កន្លែងដែល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំណត់យកសម្រាប់សម្រួលដល់ការទទួលជំនួយទាំងឡាយនោះរួមមាន៖

កន្លែងទី១៖ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានលោកនាយករដ្ឋមន្ត្រី ជាប្រធាន ហើយមានអាស័យដ្ឋាននៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល (តាមប្រកាសរបស់ក្រសួងសុខាភិបាល)។

កន្លែងទី២៖ គឺខុទ្ទរកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀង នាយករងខុទ្ទកាល័យ (០១២ ៩៦១ ៩៧១) និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា «ដោយបានជំនួយដែលនឹងត្រូវបានផ្តល់ រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង»។ លោក ក៏បានជូនពរដល់ជូនរួមជាតិ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនឹងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង តែគំរាមកំហែងទូទាំងពិភពលោកនេះ។

សូមជម្រាបថា ដើម្បីចូលរួមក្នុងការប្រយុទ្ធនឹងជំងឺ Covid-19 ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ ទ្រង់បានសព្វព្រះរាជហឫទ័យ ប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់ សរុបចំនួន៣០ម៉ឺនដុល្លារ សម្រាប់ជួយដល់រាជរដ្ឋាភិបាល ក្នុងការបំពេញតាព្វកិច្ច។ ជាមួយគ្នានេះ ក៏មានសប្បុរសជនជាបន្តបន្ទាប់ បានផ្តល់ជំនួយជាថវិកាមួយចំនួន ដល់រាជរដ្ឋាភិបាលផងដែរ៕


No comments:

Post a Comment