Friday, March 20, 2020

លោក វ៉ា ថន ជំរុញដល់ក្រុមគ្រូពេទ្យបន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងជំនាញ ដើម្បីលើកកម្ពស់វិស័យសុខាភិបាល

ក្រចេះ ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បាន អញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅបន្តសម្រាប់ឆ្នាំ២០២០ របស់មន្ទីរសុខាភិបាលខេត្តក្រចេះ។
ក្នុងរបស់របាយការណ៍របស់លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា បច្ចុប្បន្នយើងមានមន្ទីរពេទ្យបង្អែកសរុបចំនួន៣កន្លែង ប៉ុស្តិ៍សុខភាពចំនួន១៤កន្លែងកំពុងដំណើរការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងអគារមណ្ឌលសុខភាពចំនួន៨ កំពុងសាងសង់។ -អ្នកជំងឺចូលសម្រាកពេទ្យមានចំនួន២៤.២៨៦នាក់ កើនឡើងជាងឆ្នាំ២០១៨ មាន២១.០៦១នាក់ -អ្នកជំងឺស្លាប់ចំនួន១៧៨នាក់ ថយចុះជាងនៅឆ្នាំ២០១៨ មាន១៧៩នាក់ អត្រាស្លាប់ ០,៧៣% ថយចុះជាងនៅឆ្នាំ២០១៨ មាន០,៨៥% -សេវាផ្តល់ឈាមនៅមន្ទីរពេទ្យខេត្ត បានបូមពីរអ្នកស្ម័គ្រចិត្តបានចំនួន៦៥នាក់ កើនឡើងជាងនៅឆ្នាំ២០១៨ បាន៣៥នាក់ និងពីក្រុមគ្រួសារអ្នកជម្ងឺបានចំនួន១.៣០៥នាក់ កើនឡើងជាងឆ្នាំ២០១៨ មាន១.១៦៧នាក់ -ការប្រើប្រាស់សេវាសុខភាពនៅក្រោមយន្តការហិរញ្ញប្បទាន គាំទ្រជនក្រីក្រដោយមូលនិធិសមធម៌បានអនុវត្តនៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាពរបស់រាជរដ្ឋាភិបាល បានឧបត្ថម្ភប្រាក់ចំនួន៤ម៉ឺនរៀល ជូនស្ត្រីមកពិនិត្យផ្ទៃពោះបានចំនួន១.៧៤៤នាក់ ឧបត្ថម្ភប្រាក់ចំនួន២០ម៉ឺនរៀលជូនស្ត្រីសម្រាលកូន បានចំនួន១.២១១នាក់ នឹងឧបត្ថម្ភប្រាក់ចំនួន ៤ម៉ឺនរៀល ជូនស្ត្រីមកពិនិត្យក្រោយសំរាល និងនាំកូនអាយុក្រោម២ឆ្នាំ មកពិនិត្យសុខភាព និងទទួលថ្នាំបង្ការបានចំនួន ៤.៦២២នាក់ ។ ក្នុងនោះបេឡាជាតិរបបសន្តិសុខសង្គមបានចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ក្នុងខេត្តក្រចេះ គាំទ្រអ្នកជំងឺមកពិនិត្យពិគ្រោះបានចំនួន១.០៧០នាក់ កើនឡើងជាងឆ្នាំ២០១៨ បាន២៦៨នាក់ -ស្ត្រីសម្រាលកូនបានចំនួន២៩០នាក់ កើនឡើងជាងឆ្នាំ២០១៨ បានចំនួន២៧១ នាក់។
លោកបន្តថា មន្ត្រីសុខាភិបាលក្នុងឆ្នាំ២០១៩ មានចំនួន៧៣៧នាក់ -សេវាសុខាភិបាលឯកជនមានច្បាប់ចំនួន៣៩៩កន្លែង ថយចុះជាងនៅឆ្នាំ២០១៨ មាន៤២៤កន្លែង ក្នុងនោះឱសថស្ថាន ចំនួន២៨កន្លែង ឱសថស្ថានរង(ក)ចំនួន៣កន្លែង ឱសថស្ថានរង(ខ)ចំនួន១០កន្លែង។
ជាមួយគ្នានោះលោក វ៉ា ថន បានថ្លែងអំណគុណចំពោះមន្រ្តីពេទ្យទាំងអស់ដែលបានយល់ដឹងច្បាស់ចំពោះការកែទម្រង់វិស័យសុខាភិបាល ក្រោមចំណុះរដ្ឋបាលខេត្ត គឺដើម្បីបម្រើសេវា និងបង្ខិតសេវាឲ្យកានតែជិតប្រជាពលរដ្ឋមានប្រសិទ្ធភាព និងមានទំនុកចិត្ត និងត្រូវបន្តពង្រឹងសេវារបស់យើង ដើរឲ្យទាន់នឹងកំណែទម្រង់របស់រាជរដ្ឋាភិបាល ហើយក៏សាទរចំពោះបងប្អូនស្រ្តី ដែលមានផ្ទៃពោះ ដែលបានចូលរួមជាមួយគោលនយោបាយរបស់ក្រសួង ក្នុងការមកពិនិត្យសុខភាពបានទៀងទាត់ជាប្រចាំ មិនត្រឹមតែប៉ុណ្ណោះក៏ទទួលបានការឧបត្ថម្ភពីក្រសួងផងដែរ ក្នុងគោលនយោបាយលើកទឹកចិត្តស្ត្រីមានផ្ទៃពោះ និងសូមកោតសរសើរ ចំពោះបងប្អូនដែលស្ម័គ្រចិត្តបម្រើការងារជាគ្រូពេទ្យ ដោយតម្រូវឲ្យមានការអត់ធ្មត់ ព្យាយាម និងមានការស្រលាញ់ អធ្យាស្រ័យដល់អ្នកជម្ងឺ និងអ្នកមកទទួលសេវាប្រកបដោយក្រមសីលធម៌វិជ្ជាជីវ:និងជំនាញ ដើម្បីឲ្យវិស័យសុខាភិបាលនៅកម្ពុជា ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងមានទំនុកចិត្តពីប្រជាពលរដ្ឋ៕





No comments:

Post a Comment