Tuesday, March 24, 2020

លោក ហ៊ុន ម៉ាណែត ណែនាំដល់ពលទាហានទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នរក្សាអនាម័យ និងមិនត្រូវធ្វើដំណើរផ្តេសផ្តាស ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

កំពង់ឆ្នាំង៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងគោកបានអញ្ជើញជួបសំណេះសំណាលជាមួយពលទាហានថ្មី ចំនួន ១៥៥នាក់ កំពុងធ្វើការហ្វឹកហ្វឺននៅក្នុងសាលាពលទាហានរបស់យោធភូមិភាគពិសេសដែលស្ថិតក្នុងភូមិថ្មីឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្នុងដំណើរចុះជួបសំណេះសំណាលនោះ ឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន នាយកសាលាពលទាហានយោធភូមិភាគពិសេស បានរាយការណ៍ជូនស្តីពីការរីកចម្រើននៅក្នុងអង្គភាពសាលា និងការហ្វឹកហ្វឺនដល់ពលទាហានថ្មី ១៥៥ នាក់ ដែលកំពុងធ្វើការហ្វឹកហាត់អំពីសណ្តាប់ធ្នាប់ជួរទ័ព វិន័យ ច្បាប់ លក្ខន្តិកៈខ.ភ.មផងដែរ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងគោក បានពាំនាំប្រសាសន៍សាកសួរសុខទុកពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់គិតគួរចំពោះជីវភាពរស់នៅរបស់កងទ័ព ទាំងនៅសមរភូមិមុខ ក៏ដូចជាសមរភូមិក្រោយជានិច្ច។ លោក បានមានប្រសាសន៍បញ្ជាក់ថាដើម្បីអោយកងទ័ពរឹងមាំមានជំនាញពិតប្រាកដគឺអាស្រ័យលើការហ្វឹកហាត់។ ខ.ភ.ម ត្រូវតែ ហ្វឹកហ្វឺនអោយចេះទាំងយុទ្ធសាស្រ្តយោធា កលយុទ្ធ និងយុទ្ធវិធីរបស់កងទ័ព។
ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត បានជំរុញអោយពលទាហានថ្មីត្រូវតែខិតខំធ្វើការហ្វឹកហ្វឺននៅក្នុងសាលាដើម្បីអោយក្លាយជាកងទ័ពមានវិន័យសីលធម៌រស់នៅល្អ និងមានសមត្ថភាព ក្នុងការបំពេញភារកិច្ច។ លោក បានគូសបញ្ជាក់បន្ថែមទៀតថា ក្នុងពេលដែលជម្ងឺផ្លូវដង្ហើម(Covid-19) កំពុងរីករាលដាលឆ្លងនៅលើពិភពលោកដើម្បីធ្វើការទប់ស្កាត់ជំងឺនេះយើងត្រូវមានការប្រុងប្រយ័ត្នដោយធ្វើការហាត់ប្រាណ និងត្រូវលាងដៃនឹងសាប៊ូ ហើយមិនត្រូវដែរហើរផ្តេសផ្តាសចេញក្រៅសាលានោះឡើយ។ លោក ក៏បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមយោធាថ្មី ដែលកំពុងធ្វើការហ្វឹកហ្វឺននៅក្នុងសាលាពលទាហានរបស់យោធភូមិភាគពិសេស ត្រូវខិតខំយកចិត្តទុកដាក់ស្តាប់គ្រូយោធាចារ្យពន្យល់ ទាំងទ្រឹស្ដី និងការហ្វឹកហាត់នៅលើទីលានក្តី។ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងអោយបានល្អក្នុងវគ្គត្រូវជួយបង្រៀនអ្នកមិនទាន់ចេះពិសេសការគោរពវិន័យរបស់សាលាដើម្បីនៅបញ្ចប់វគ្គទទួលបាននិទ្ទេសល្អ។
នៅបញ្ចប់ពិធី លោក ហ៊ុន ម៉ាណែត ប្រគល់សម្ភារៈដល់សាលាពលទាហានមានមី៣០០កេស, ភេសជ្ជៈ ៣០០កេស, ទឹកសុទ្ធ ៣០០កេស រួមនិងថវិការមួយចំនួនផងដែរ៕






No comments:

Post a Comment