Sunday, March 01, 2020

ពិធីអបអរសាទរទិវាអន្តរជាតិនារី០៨ មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ “មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ”

ត្បូងឃ្មុំ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លើកឡើងថា ស្ត្រីគ្រប់ជាន់ថ្នាក់ គឺជាមាតាដៃមួយពាន់ និងដៃមួយម៉ឺន ក្នុងកិច្ចការក្នុងគ្រួសារ និងជួយអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើន
លោកថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី០៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ” នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាខេត្តត្បូងឃ្មុំ។
លោក ជាម ច័ន្ទសោភ័ណ បានបន្តថា រដ្ឋបាលខេត្ត មានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ គឺដោយសារពាក្យថា (អរគុណសន្តិភាព) ដែលនាំឱ្យនាវាកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ដោយសេដ្ឋកិច្ចជាតិក្នុងខេត្តត្បូងឃ្មុំ មានការកើនឡើងគួរឲ្យកត់សម្គាល់តាមរយៈការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក៏ដូចជាវិស័យឯកជន ក្នុងនោះទំនិញនាំចេញនាំចូលក៏មានការកើនឡើងផងដែរ។
លោកអភិបាលខេត្ត បានលើកឡើងទៀតថា តម្លៃនៃសន្តិភាព និងការលើកកម្ពស់សមភាពយេនឌ័រដែលរាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រជំរុញឱ្យមានការចូលរួមគ្រប់ស្ថាប័នរួមទាំងបុរសនិងស្ត្រី ដើម្បី វឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់ សិទ្ធិស្ថានភាពជីវភាព ឋានៈ តួនាទី របស់ស្ត្រីនិងសុខុមាលភាពសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពនិងប្រសិទ្ធភាព។
ពិសេសជាងនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជា បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងបានចាត់ទុកសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីជាការងារអាទិភាពដែលត្រូវបន្តអនុវត្ត ។
គួរបញ្ជាក់ថា ទិវាអន្តរជាតិនារី ដើម្បីរំលឹកពីការតស៊ូរបស់នារីពលករទូទាំងសកលលោកដើម្បីសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តន៍ សិទ្ធិ ស្មើភាពគ្នារវាងបុរសនិងនារី ដោយភ្ជាប់ជាមួយពាក្យស្លោកថា «មួយថ្ងៃធ្វើការ៨ ម៉ោង» «ធ្វើការស្មើគ្នាបៀវត្សស្មើគ្នា» និង«ការពារសុខភាពមាតា និងកុមារ»។
នាឱកាសនោះដែរ លោកស្រី នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ ក៏បានអាន ព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជូនដល់អង្គពិធីឲ្យបានជ្រួតជ្រាតពីខ្លឹមសារដ៏មានអត្ថន័យផងដែរ៕




No comments:

Post a Comment