Wednesday, January 22, 2020

បើគ្មានហេតុ ក៏គ្មាន​ផល​នៃ​អំពើ​ដែល​លោក កឹម សុខា បាន​ធ្វើនោះដែរ!

នៅព្រឹក​ថ្ងៃ​ទី​២២​ ខែ​មករា ​ឆ្នាំ​២០២០នេះ​ លោក ​កឹម ​សុខា​ មុន​ទៅ​ចូល​រួម​សវនា​បាន​លើក​ឡើងជាមួយអ្នក​សារព័ត៌មាន​ថា ​តុលាការ​មិន​អាច​ចោទ​រូប​លោក​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ដោយ​យោង​តាម​មាត្រា​ ៤៤៣ ​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ទេ​ដោយ​ហេតុ​ថា​ច្បាប់​នៃ​បទសន្ទិដ្ឋិភាព​នេះ​ចូល​អនុវត្ត​ជាធរមាន​នៅ​ឆ្នាំ​២០១០​ ចំណែក​ឯ​វីដេ​អូ​ និង​ភស្តុតាង​ដាក់​បន្ទុក​ចំពោះ​រូប​លោក​គឺ​បាន​ប្រព្រឹត្តិទៅ​តាំង​ពី​ឆ្នាំ​១៩៩៣ ​ដូច​នេះ​ច្បាប់​នេះ​មិនអាច​មាន​ប្រ​តិសកម្ម ​(​គ្របដណ្តប់​លើ​) ​ជា​មួយ​អំពើ​ដែល​គាត់​បាន​ធ្វើ​ពី​អតី​ត​កាលនោះ​ទេ​។
ការ​លើក​ឡើង​មក​នេះ​ មិន​ចាំ​បាច់​មេធាវី​ពន្យល់​បក​ស្រាយ​នោះ​ទេ ​សូម្បី​តែ​ខ្ញុំ​ជា​និស្សិត​ច្បាប់​ម្នាក់​ក៏​អាច​ធ្វើ​ការ​ពន្យល់​បក​ស្រាយ​ និង​លើក​អំពី​អង្គ​ហេតុ​នៃ​បទ​ល្មើស​របស់​លោក​ កឹម​ សុខា​បាន​ដែរ​។​ ខ្ញុំ​សូម​ពន្យល់​អំពី​អង្គ​ហេតុ​នៃ​បទ​ល្មើ​ស​នេះ​ដូច​ខាង​ក្រោម​៖
ទី១​-​​ លោក​ កឹម​ សុខា​ បាន​ទទួល​ស្គាល់​ថា ​ទាំង​រូបភាព​លោក​សម្លេងលោក ​និង​ទាំង​ខ្លឹម​សារ​ដែល​លោក​បាន​ថ្លែង​នៅក្នុង​វីដេ​អូដាក់​បន្ទុក​គឺ​ពិត​ជា ​រូ​ប ​សម្លេង ​និង​ខ្លឹម​សារ​របស់​គាត់​ពិត​ប្រាកដ​​មែន ​គ្រាន់​តែ​មាន​ការ​កាត់​យកត្រង់​ខ្លឹមសារ​ដែល​សំខាន់​ៗ​ ជាកង់​ៗ​ប៉ុណ្ណោះ​។​ នៅក្នុង​វីដេអូ​នោះ​ គឺលោក​បាន​និយាយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​លោកគឺ​ជាមនុស្ស​តែ​ម្នាក់​ដំបូង​គេ ​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​បំផុស​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ងើប​ឡើង​គាស់​រំលើង​រដ្ឋ​អំណាច​តាំង​ពី​ឆ្នាំ​១៩៩៣ ​ដែល​មាន​បរទេស​ជាអ្នក​ជួយឱ្យ​ទៅទទួល​ផែន​ការ​ ដោយ​មួយឆ្នាំគេ​ឱ្យ​ទៅ​ម្ត​ង​ៗ​។ ​ដូច្នេះ ​ការ​កំណត់​យក​រយៈ​ពេល​ដែល​ត្រូវ​យក​មក​ធ្វើ​សវនា​ការ​ពី​ឆ្នាំ​១៩៩៣​ រហូត​មក​ដល់​ឆ្នាំ​២០១៧ ​ដែល​ជាឆ្នាំ​ដែល​លោក​ កឹម ​សុខា ​ត្រូវ​បាន​ចាប់​ខ្លួន​គឺ​ពិត​ជារឿង​ត្រឹម​ត្រូវ​បំផុត​ពី​ព្រោះ​នៅ​ឆ្នាំ​១៩៩៣​នោះ ​គឺ​ជាឆ្នាំ​ដែល​លោក​ កឹម ​សុខា ​បាន​ចាប់​ផ្តើម​អនុវត្ត​តាម​ការ​បង្គាប់​បញ្ជា​របស់​បរទេស​ដំបូង​បំផុត​។
ទី២-​ ចំណែក​នៅក្នុង​វីដេអូ​ដែល​លោក​ កឹម ​សុខា ​បាន​ស្នើ​ឱ្យ​តុលាការ​ចាក់​នៅក្នុង​សវនា​ការ​ដែលមាន​រយៈពេល​ជាង​ ១ម៉ោង​នោះ ​ក៏​មាន​សម្តី​និយាយប​ញ្ជាក់​របស់​លោក​កឹម​សុខា​ដែរ​ថា ​«ខ្ញុំ​កឹម​សុខា​ធ្វើ​២០ឆ្នាំ​មក​ហើយ​ដែល​តស៊ូនេះ​…….;​ គឺ​ខ្ញុំ​សន្សំ ​២០​ឆ្នាំ​ហើយ​ប​ងប្អូន​……​»​។​ សម្តី​លោក​ កឹម​ សុខា​ ដែល​បាន​និយាយ​នេះ​គឺ​ជាតម្រុយ​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​សកម្ម​ភាព​ដែល​បាន​ធ្វើ​នា​ពេល​បន្ត​បន្ទាប់​មក​ទៀត ​ហើយ​សកម្មភាព​នោះ​គឺ​បាន​ស៊ី​សង្វាក់​គ្នា​ឥត​ខ្ចោះ​ជាមួយ​នឹង​សម្តី​ដែល​បាន​និយាយ​ពី​មុន​ និង​មាន​សកម្មភាព​ជាក់​ស្តែង​ថែម​ទៀត​។
ទី​៣-​ តាម​រយៈ​សម្តី​និយាយ​របស់​លោក ​កឹម ​សុខា ​និង​ការ​ពិនិត្យ​ឃើញ​នូវ​សកម្មភាព​ជាក់​ស្តែង​គឺ​បាន​ឆ្លុះ​បញ្ចាំង​ថា​ លោក ​កឹម ​សុខា ​ពិត​ជាបាន​អនុវត្ត​តាម​ផែន​ការ​របស់​បរទេស​ដែល​បាន​រៀប​ចំ​ត្រឹម​ត្រូវ​តាម​លំដាប់​លំដោយ ​គឺ​ការ​ចាប់​ផ្តើមធ្វើ ​កំពុង​ធ្វើ ​និង​បន្ត​ធ្វើ​សកម្មភាព​ផ្តួល​រំលំ​រដ្ឋ​អំណាច​ស្រប​ច្បាប់​រហូត​ដល់​ថ្ងៃ​ដែល​លោក ​កឹម ​សុខា ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​៣​ ខែកញ្ញា ​ឆ្នាំ​២០១៧ ​យ៉ាង​ពិត​ប្រាកដ​។
សរុប​មក ​ប្រសិន​បើ​រាជរដ្ឋាភិបាល​មិន​មាន​វិធាន​ការ​ច្បាប់​ទប់​ស្កាត់​ទាន់​ពេល​វេលា​នូវ​អំពើ​ក្បត់​ជាតិ​របស់​លោក ​កឹម ​សុខា ​ជាមួយ​បរទេស​ទេ​នោះ ​គឺ​នឹង​ធ្វើ​ឱ្យ​មាន​មហន្តរាយ​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​ប្រទេស​ជាតិ​ និង​ប្រជាជន​កម្ពុជា​ទាំង​មូល​ជាក់​ជាមិន​ខាន​។ ​ដូច្នេះ​ បើ​គ្មាន​ហេតុ​ទេ​ក៏​ គ្មាន​ផល​នៃ​អំពើដែល​លោក ​កឹម ​សុខា ​បាន​ធ្វើ​នោះ​ដែរ។ ​ក្នុង​នាម​ខ្ញុំ​ជានិស្សិត​ច្បាប់ ​ខ្ញុំ​សូម​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​ចំណា​ត់​ការ​របស់​រាជ​រដ្ឋាភិបាល​ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច ​ដែ​ល​បាន​នាំ​ខ្លួន​លោក ​កឹម ​សុខា​ ​មក​ជំនុំ​ជំរះ​នា​ពេល​នេះ ​ហើយ​ការ​សម្រេច​ក្តី​យ៉ាង​ណា​ចំពោះ​លោក​ កឹម ​សុខា​ ​ថា​ត្រូវ​មាន​ទោស​ឬគ្មាន​ទោសនោះ​ គឺ​ជា​ឆន្ទា​នុសិទ្ធិ​របស់​តុលាការ​។
ដោយ​៖​ និស្សិតឆ្នាំ​ទី​៤ ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច

No comments:

Post a Comment