Wednesday, November 20, 2019

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចែករំលែកនូវទស្សនទានអំពីវិស័យវប្បធម៌ក្នុងការអភិវឌ្ឍធនធានមនុស្សនិងគំនិតឆ្នៃប្រឌិត

នាឱកាសដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំមហាសន្និបាតទូទៅនៃអង្គការយូណេស្កូលើកទី៤០នៅទីក្រុងប៉ារីស ប្រទេសបារាំង លោកស្រី​ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ត្រូវបានផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមអញ្ជើញចែករំលែកទស្សនទានក្នុងវេទិការដ្ឋមន្ត្រីក្រសួងវប្បធម៌អំពីវិស័យវប្បធម៌ក្នុងការអភិវឌ្ឍធនធានមនុស្សនិងគំនិតឆ្នៃប្រឌិត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
វេទិកាដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងដើម្បីឲ្យមានការចែករំលែកនូវបទពិសោធន៍ល្អៗអំពីភាពជោគជ័យរបស់ខ្លួនក្នុងការអប់រំបណ្តុះបណ្តាលវិស័យវប្បធម៌ អភិរក្សបេតិកភណ្ឌវប្បធម៌ ក៏ដូចជាការប្រើប្រាស់ដ៏មានប្រសិទ្ធភាពនូវធនធានវប្បធម៌របស់ខ្លួនដើម្បីអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ច។
គណៈប្រតិភូដែលអមដំណើរលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរាចូលរួមកិច្ចប្រជុំមហាសន្និបាតទូទៅលើកទី៤០នាពេលនេះមាន រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកអគ្គរាជទូតនៃតំណាងអចិន្ត្រៃយ៍កម្ពុជានៅអង្គការយូណេស្កូ ព្រមទាំងមន្ត្រីជំនាញមួយចំនួន៕






No comments:

Post a Comment