Wednesday, November 20, 2019

កម្ពុជា-បង់ក្លាដែស ប្តេជ្ញាពង្រីកនិងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីទទួលជួបជាមួយអតីតប្រធានាធិបតីទីម័រខាងកើតរួចហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សាការងារបន្តជាមួយ លោកស្រី Shirin Sharmin Chaudhury ប្រធានសភាប្រទេសបង់ក្លាដែស។ ក្នុងជំនួបនោះ លោ​កនាយករដ្ឋមន្ត្រី បានអរគុណលោកស្រីដែលបានដឹកនាំប្រតិភូមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅកម្ពុជា។ វត្តមានរបស់លោកស្រីគឺបានបង្ហាញពីមិត្តភាពនិងសាមគ្គីភាពរវា​ងប្រទេសអាស៊ីប៉ាស៊ីហ្វិក និងផ្ដល់កិត្តិយសដល់ប្រទេសកម្ពុជា ព្រមទាំងបានចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។
លោកស្រីប្រធានសភាប្រទេសបង់ក្លាដែស បានអរគុណ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែ​ល​បានអនុញ្ញាតឲ្យលោកស្រីចូលជួបពិភាក្សាការងារ និងសម្ដែងការគួរសម ហើយលោកស្រី បានលើកឡើងអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសបង់ក្លាដេស និងកម្ពុជាដែលមានការវិវឌ្ឍទៅមុខយ៉ាងល្អ និងបានអរគុណប្រទេសកម្ពុជា ជាពិសេសរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏ដូចជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកកន្ល​ងទៅនេះ ដែលទទួលបានជោគជ័យ ជាពិសេសជំរុញយន្តការនៃកិច្ចប្រជុំ និងធ្វើឲ្យកាន់តែមា​នសារៈសំខាន់ដល់ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយនៅក្នុងតំបន់ផងដែរ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណដល់គណៈប្រតិភូរបស់ប្រទេសបង់ក្លាដេសដែលបានចូលរួមនាំមកនូវជោគជ័យដល់កិច្ចប្រជុំទាំងមូល។ លោក ក៏បានគូសបញ្ជាក់ផងដែរថា យើងត្រូវតែរកមធ្យោបាយធ្វើយ៉ាងណាជំរុញយន្តការកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ អោយកាន់តែស៊ីជម្រៅជាងមុន ហើយជាពិសេសទៀតប្រធានបទដែលបានលើកយកមកពិភាក្សានៅពេលនេះមានលក្ខណៈសំខាន់ ជាពិសេសការប្រមូលផ្តុំធ្វើយ៉ាងណាឱ្យគ​ណបក្សនយោបាយពីបណ្ដាប្រទេសក្របខណ្ឌអាស៊ីប៉ាស៊ីហ្វិក ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា នេះជាការប្រសើរដែលលោកស្រីបានជួបលោក ហេង សំរិន ប្រធានរដ្ឋសភា លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងការពង្រឹងទំនាក់ទំនងរវាងសភា និ​ងសភា ហើយលោកក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសទាំងពីរកន្លងមកបានចុះកិច្ចព្រមព្រៀ​ងមួយចំនួនផងដែរ ដែលទី១គឺនៅពេលដែលលោក ហ៊ុន សែន បានអញ្ជើញទៅទស្សនកិច្ចផ្លូវការនៅប្រទេសបង់ក្លាដេសកាលពីឆ្នាំ២០១៤ និងមួយទៀត នៅពេលដែល លោកស្រីនាយករដ្ឋមន្ត្រី បង់ក្លាដែស មកបំពញទស្សនកិច្ចនៅកម្ពុជាកាលពីឆ្នាំ២០១៧។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា ប្រទេសទាំងពីរបានរួមចំណែកក្នុងការចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ហើយជាពិសេសទៀត លោក បានគូសបញ្ជាក់ថា ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកគួរតែធ្វើយ៉ាងណាសហការគ្នានៅក្នុងកិច្ចខិតខំធ្វើយ៉ាងណាចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងពហុភាគីក្នុងក្របខណ្ឌអង្គការពាណិជ្ជក​ម្មពិភពលោក ដែលបច្ចុប្បន្នមាននិន្នាការទៅរកឯកតោភាគី។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការមេគង្គគង្គារ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យលោកស្រីជម្រាបជូនលោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដេស ពីការស្នើសុំក្នុងក្របខណ្ឌមេគង្គគង្គារ ហើយលោកកំពុងធ្វើការជាមួយបណ្តាប្រទេសដែលជាសមាជិកនៃយន្តការកិច្ចសហប្រតិបត្តិការមេគង្គគង្គារនេះ ដើម្បីស្នើសុំបញ្ចូលប្រទេសបង់ក្លាដែស ដូច្នេះត្រូវរង់ចាំការឆ្លើយតបពីបណ្ដាប្រទេសដែលជាសមាជិ​កនៃគណៈកម្មការនេះសិន ប៉ុន្តែកម្ពុជានឹងបន្តខិតខំជួយក្នុងកិច្ចការដ៏សំខាន់នេះ៕



No comments:

Post a Comment