Thursday, November 21, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អគារឥន្ទ្រទេវីបានចូលរួមចំណែកបម្រើវិស័យអប់រំ និងសិក្សាស្រាវជ្រាវដ៏សំខាន់សម្រាប់សង្គមជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សង្ឃឹមយ៉ាងមុតមាំថា អគារឥន្ទ្រទេវី របស់រាជបណ្ឌិត្យសភាកម្ពុជា នឹងបានចូលរួមចំណែកបម្រើវិស័យអប់រំ និងការសិក្សាស្រាវដ៏សំខាន់សម្រាប់សង្គមជាតិយើង។ លោក ក៏បានថ្លែងអំណរគុណចំពោះក្រុមការងាររាជបណ្ឌិតសភាកម្ពុជា ដែលបានចូលរួមចំណែកក្នុងការសិក្សាស្រាវជ្រាវ និងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។
តាមរបាយការណ៍របស់ រាជ្យបណ្ឌិត្យសភាកម្ពុជាបានអោយដឹងថា អគារនេះមានកម្ពស់បីជាន់ ស្មើនឹង១៨ម៉ែត្រ មានបណ្ដោយប្រវែង៤០ម៉ែត្រ ទទឹង១៧ម៉ែត្រ។ «អគារឥន្ទ្រទេវី» ជាសមិទ្ធិផលថ្មីមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាកន្លែងប្រមូលផ្តុំដោយធនធានបញ្ញា សម្រាប់បម្រើការងារជាឧត្តមប្រយោជន៍ដល់សង្គមជាតិ។
អគារនេះគឺជាកន្លែងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) លើគ្រប់មុខជំនាញ, ជាមជ្ឈមណ្ឌលបកប្រែភាសាបរទេស និង ជាកន្លែងស្រាវជ្រាវ ប្រមូលផ្តុំបញ្ញវន្ត តាមរយៈការរៀបចំសិក្ខាសាលា សន្និសីទ និង កម្មវិធីតុមូលផ្សេងៗ សម្រាប់បញ្ញវន្តធ្វើការវិភាគអំពីបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យាទំនើបៗរបស់ពិភពលោកថ្មីៗ និងជាទីបម្រើដល់បញ្ញវន្តទាំងខាងផ្នែកវិទ្យាសាស្រ្តពិតនិងវិទ្យាសាស្រ្តសង្គម ដើម្បីឱ្យបញ្ញវន្តទាំងឡាយបានបង្ហាញស្នាដៃរបស់ខ្លួនសម្រាប់ការរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ៕









No comments:

Post a Comment