Monday, September 02, 2019

នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី កោតសរសើរការរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោក មហាធៀរ មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី បានកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលបានប្រែប្រួលយ៉ាងឆាប់រហ័ស ដោយមានទាំងសំណងអគារខ្ពស់ៗ កំពុងរីកដុះដាលពាសពេញរាជធានីភ្នំពេញ។ លោកបានថ្លែងកោតសរសើរដូចនេះនៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញធ្វើបាឋកថាជូនដល់និស្សិតខ្មែរប្រមាណ៧០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្រោមប្រធានបទ «ការរក្សាតុល្យភាពទំនាក់ទំនង ជាមួយប្រទេសមហាអំណាច នៅក្នុងបរិបទអាស៊ាន»។

លោក មហាធៀរ មហាម៉ាត់ (Mahathir Mohamad) បានអះអាងថា នៅពេលយន្ដហោះចុះចត ដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ លោក បានសង្កេតឃើញថា រាជធានីភ្នំពេញ ហាក់បានផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ខុសប្លែកកាលពីពេលលោកអញ្ជើញមកលើកមុន ពោលបច្ចុប្បន្នរាជធានីភ្នំពេញមានអគារខ្ពស់ៗជាច្រើន បានរីកដុះដាល។ នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី បានគូសបញ្ជាក់ទៀតថា សម្រាប់ស្ថានភាពចរាចរណ៍វិញ ហាក់មានការមមាញឹកយ៉ាងខ្លាំង ដែលជាសញ្ញាណមួយបញ្ជាក់អំពីការអភិវឌ្ឍ និងសម្បូរសប្បាយរុងរឿងរបស់ប្រទេសកម្ពុជា។

យ៉ាងណាមិញ លោកនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា ការរីកចម្រើនរបស់ប្រទេសកម្ពុជា ក៏ដោយសារប្រជាជនមានសមត្ថភាព និងជំនាញពិតប្រាកដ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕





No comments:

Post a Comment