Monday, September 02, 2019

កម្ពុជា-កូរ៉េ ប្ដេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាថែមទៀតលើផ្នែកនគរបាល

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយលោក Lim Jung-Tack អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការរដ្ឋបាល ក្រសួងមហាផ្ទៃ និងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួងមហាផ្ទៃ។ ភាគីកម្ពុជា-កូរ៉េ បានប្ដេជ្ញាបន្តពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបន្ថែមទៀតទាក់ទងជាមួយវិស័យនគរបាល របស់ប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើង។
ភាគីកូរ៉េ នឹងបន្តអនុវត្តការចុះអនុស្សារណនៃការយោគយល់ (MOU) ជាមួយកម្ពុជាឲ្យស្របតាមការចងបានរបស់ភាគីទាំងពីរ។ ភាគីទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការ ជាពិសេសលើផ្នែកនគរបាល នៃប្រទេសទាំងពីរឲ្យកាន់តែមានការប្រសើរឡើងថែមទៀត។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងក្រសួងមហាផ្ទៃប្រទេសទាំងពីរ ដោយបានសហប្រតិបត្តិការលើផ្នែកនគរបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំណែក លោក Lim Jung-Tack ក៏បានអញ្ជើញលោក ស ខេង ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-កូរ៉េដែលនឹងប្រព្រឹត្តធ្វើនៅកូរ៉េ នាចុងខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។ ជាការឆ្លើយតប លោក ស ខេង នឹងពិនិត្យមើលលទ្ធភាពជាក់ស្ដែងហើយបើសិនជាមិនមានពេលវេលាសមស្រប លោកនឹងចាត់រដ្ឋលេខាធិការ ប្រចាំការរបស់ក្រសួងមហាផ្ទៃ ឲ្យដឹកនាំប្រតិភូទៅចូលរួមផងដែរ៕








No comments:

Post a Comment