Wednesday, August 21, 2019

១២ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅបន្តរបស់រដ្ឋបាលខេត្តស្វាយរៀង

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្វាយរៀង។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុក លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោកអភិបាលខេត្ត បានថ្លែងនូវការ អរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់លើការងារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិដែលបានបញ្ជប់ទៅដោយជោគជ័យនិងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ គ្រប់មណ្ឌលប្រឡងក្នុងខេត្តស្វាយររៀង។ លោកក៏បានផ្តាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួនទៀតក្នុងកិច្ចប្រជុំនោះដូចជា៖

១- គណៈបញ្ជាការឯកភាពខេត្ត អភិបាលក្រុង/ស្រុក ត្រូវយកចិត្តទុក ដាក់អនុវត្តការងារសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការពង្រឹងការគ្រប់គ្រងល្បែងភ្នាល់លើប្រព័ន្ធអនឡាញ។

២- អភិបាលក្រុង/ស្រុក ត្រូវរៀបចំគម្រោង ស្តីពីកាកសំណល់សម្រាមដាក់ ទៅក្រសួងបរិស្ថានតាមរយៈរដ្ឋបាលខេត្តដើម្បីបានកញ្ចប់ថវិកា ក៏ដូចជាទទួលបានឡដុតសម្រាម។

៣- អភិបាលក្រុង/ស្រុក មន្ទីរ អង្គភាព ពាក់ព័ន្ធត្រូវពិនិត្យមើលឡើងវិញនូវ បញ្ហាជម្ងឺបេស្តជ្រូកអាហ្វិ្រក ហើយចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យពិសារសាច់ជ្រូកឡើងវិញ ព្រោះជម្ងឺនេះមិនឆ្លងមកមនុស្សទេ។

៤- មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នា ប្រឆាំង នឹងពត៌មានក្លែងក្លាយ ដែលបង្កើតដោយទណ្ឌិត សម រង្ស៊ី និងត្រៀមកម្លាំងជាប់ជានិច្ច ដ៏រាបណាមានវត្តមានទណ្ឌិតរូបនេះជាន់លើដីខ្មែរតាមច្រកណាមួយក្នុងខេត្ត របស់យើងត្រូវចាប់ខ្លួនភ្លាម។

៥- រដ្ឋបាលក្រុង-ស្រុក អាជ្ញាធរពាក់ព័ន្ធត្រូវរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនាពេលបុណ្យភ្ជុំបិណ្ឌ ដែលនិងចូលមក ដល់នាពេលឆាប់ៗខាងមុខនេះ។

៦- អាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងការទប់ស្កាត់បទល្មើសគ្រឿងញៀន ការជួញដូរ ការចែកចាយ ការចរាចរណ៍គ្រឿងញៀនឆ្លង ដែននៅគ្រប់មូលដ្ឋាន។

៧- រដ្ឋបាលក្រុង/ស្រុក អាជ្ញាធរពាក់ព័ន្ធត្រូវត្រៀមលក្ខណៈរកទីទួលមានសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋ ក្នុងករណីមានទឹកជំនន់កើតឡើង នាពេលខាងមុខ។
៨- មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវចូលរួមផ្សព្វផ្សាយប្រយុទ្ធប្រឆាំងទប់ស្កាត់ បញ្ហាជម្ងឺគ្រុនឈាម។

៩- អភិបាលក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យដោះស្រាយ ចាត់វិធានការលើបញ្ហាសណ្តាប់ធ្នាប់សារធារណៈដូចជា ការសង់តូប ការតយ៉ាបលក់ដូររំលោភលើចិញ្ចើមផ្លូវជាដើម។

១០- មន្ទីរពាក់ព័ន្ធត្រូវពិនិត្យចាត់វិធានការលើការសាងសង់សំណង់ មិនមានច្បាប់ និងការពុះដីឡូលក់ដោយឥតមានច្បាប់អនុញ្ញាត្តិ ត្រូវឱ្យមកសុំច្បាប់ឱ្យបានត្រឹមត្រូវជាមុនសិន ទើបអោយដំណើរការបន្ត។

១១- រដ្ឋបាលបាលក្រុង ស្រុក ត្រូវហាមប្រជាពលរដ្ឋដាច់ខាតក្នុងការ ជួលដីស្រែអោយទៅប្រជាជនប្រទេសជិតខាង។
១២- នគរបាលទទួលផែនចរាចរណ៍ផ្លូវគោកត្រូវបន្តអនុវត្តច្បាប់ចរណ៍ឱ្យ បានម៉ឺងមាត់បន្ថែមទៀត៕





No comments:

Post a Comment