Friday, June 07, 2019

នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើសារពិសេសទៅកាន់នាយករដ្ឋមន្រ្តីសឹង្ហបុរី៖ «មេដឹកនាំសឹង្ហបុរីចូលរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ»

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅរាត្រីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ បានថ្លែងប្រតិកម្មធ្ងន់ៗទៅកាន់នាយករដ្ឋមន្រ្តីសឹង្ហបុរីថា មេដឹកនាំសឹង្ហបុរីបានចូលរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ព្រមទាំងបានចោទសួរថា តើលោកចាត់ទុកការកាត់ទោសមេដឹកនាំខ្មែរក្រហមកន្លងទៅនេះ ជាការត្រឹមត្រូវដែរឬទេ ?
ការប្រតិកម្មធ្ងន់ៗរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខទ្វីបអាស៊ី និងនៅក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីសប្តាហ៍មុន បានលើកឡើងថា ការអន្តរាគមន៍យោធារបស់កងទ័ពវៀតណាមនៅឆ្នាំ១៩៧៩ជា «ការឈ្លានពានរបស់វៀតណាម» ទៅលើកម្ពុជា។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានផ្ញើសារពិសេសតាមរយៈ Facebook ទៅកាន់នាយករដ្ឋមន្រ្តីសឹង្ហបុរី លី ស៊ានឡុង យ៉ាងដូច្នេះថា៖
ខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ដែល ឯ.ឧ នាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រ ហ្វេសប៊ុក កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅដោយលើកឡើងថា «ពេលដែលគាត់ (ឧត្តមសេនីយ៏ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង៥ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម។…»
ការលើកឡើងនេះបង្ហាញថា កាលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៏ និងចង់ឲ្យរបបប្រល័យពូជសាសន៏វិលត្រឡប់មកកម្ពុជាវិញដែរ។
សឹង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំដែលនាំដល់ការបង្កើតរដ្ឋាភិបាលចំរុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និងអូសបន្លាយសង្គ្រាមនៅកម្ពុជា និងទុក្ខវេទនារបស់ប្រជាជនកម្ពុជា ជាង១០ឆ្នាំថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ។
ការលើកឡើងនេះ ក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៏នោះ។ ការលើកឡើងរបស់លោក លី ស៊ានឡុង នាពេលនេះក៏បានបង្ហាញប្រជាជនសាំងកាពួ និងពិភពលោកថា មេដឹកនាំសឹង្ហបុរីនាពេលនោះបានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។
ចុងក្រោយនេះ ខ្ញុំចង់សួរ លោកនាយករដ្ឋមន្ត្រី លី ស៊ានឡុង ថា តើលោកចាត់ទុកការកាត់ទោសមេដឹកនាំខ្មែរក្រហមកន្លងទៅនេះថា ជាការត្រឹមត្រូវដែរឬអត់ ?
សូមជំរាបថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងការបរទេសរបស់វៀតណាម បានបង្ហាញការ «សោកស្តាយ» ចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong កាលពីសប្តាហ៍មុន ដែលថា ការអន្តរាគមន៍យោធារបស់កងទ័ពវៀតណាម នៅឆ្នាំ១៩៧៩ ជា «ការឈ្លានពានរបស់វៀតណាម» ទៅលើកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី Le Thi Thu Hang បានឆ្លើយតបជាសាធាណៈនៅថ្ងៃទី៤ ខែមិថុនា ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីសឹង្ហបុរី «មិនបង្ហាញពីការណ៍ពិតនៃប្រវត្តិសាស្រ្ត ដែលនាំឲ្យមានការប៉ះពាល់អវិជ្ជមានលើការយល់ឃើញរបស់សាធារណជន»។
តាមរយៈគេហទំព័រក្រសួរការបរទេសវៀតណាម អ្នកស្រីបានលើកឡើងថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចេញសាលក្រមលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលប្រព្រឹត្តដោយខ្មែរក្រហមកាលពីខែវិច្ឆិកាឆ្នាំមុន។
«សាលក្រមនេះគឺជាភ័ស្តុតាងជាក់ស្តែងចំពោះការណ៍ពិតជាប្រវត្តិសាស្ត្រ ហើយវាផ្តល់យុត្តិធម៌ និងប៉ះប៉ូវការខូចខាតដល់ជនរងគ្រោះដែលសាលក្រមនេះត្រូវបានស្វាគមន៍ដោយអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ» ៕

No comments:

Post a Comment