Thursday, June 20, 2019

ខួប៤២ឆ្នាំ ថ្ងៃយកជីវិតធ្វើដើមទុនតស៊ូរំដោះកម្ពុជាពីរបប ប៉ុល ពត, លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បង្ហោះចម្រៀង «សំបុត្រដែលពិបាកសរសេរបំផុត» ដើម្បីរំលឹកដល់ការឈឺចាប់

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ជាថ្ងៃខួបលើកទី៤២ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩) ថ្ងៃសម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន តាមរយៈ Facebook បានបង្ហោះបទចម្រៀងមួយបទដែលមានចំណងជើងថា «សំបុត្រដែលពិបាកសរសេរបំផុត» ដើម្បីរំលឹកដល់ការឈឺចាប់នៅពេលនោះ។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ទោះបីបច្ចុប្បន្ននេះ លោក និងប្រជាជនកម្ពុជា កំពុងទទួលបាននូវសេចក្តីសុខ តែលោកមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺនរាប់សែនដំណក់ នៅពេលដែលលោកឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះ ពិសេសចាកចេញចោលភរិយាដ៏កំសត់ ដែលកំពុងមានផ្ទៃពោះ។ នៅពេលនោះ លោកអត់មានជម្រើសឲ្យល្អជាងការយកជីវិតធ្វើដើមទុននោះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយ ដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ថ្ងៃ២០ មិថុនា ២០១៩នេះ ជាខួបលើកទី៤២ឆ្នាំ នៃថ្ងៃដែលខ្ញុំសម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩)។
ទោះបីពេលនេះ ខ្លួនខ្ញុំ និងប្រជាជនកម្ពុជា កំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺនរាប់សែនដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិ ចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោលភរិយាដ៏កំសត់ ដែលកំពុងមានផ្ទៃពោះ។ ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយ ដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។

ដើម្បីរំលឹកដល់ការឈឺចាប់នាពេលនោះ ខ្ញុំបានរៀបចំចម្រៀងមួយបទមានចំណងជើងថា «សំបុត្រដែលពិបាកសរសេរបំផុត» ទុកសម្រាប់ការស្តាប់ និងស្វែងយល់របស់បងប្អូនជនរួមជាតិ» ៕

No comments:

Post a Comment