Thursday, June 20, 2019

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ប្រារព្ធខួប៤២ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ «ប៉ុល ពត» នៅតំបន់កោះថ្ម ឃុំទន្លុង

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការជាតិ តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ប្រារព្ធខួប៤២ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ «ប៉ុល ពត» (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩) នៅតំបន់កោះថ្ម ឃុំ​ទន្លុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឥស្សរ:ជនជាន់ខ្ពស់តាមបណ្តាក្រសួង ស្ថាប័ន​នានា លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកលោកស្រី ថ្នាក់ដឹកនាំតាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ កងកម្លាំងទាំង៣ប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិ​ស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ គឺជាចំណុចចាប់ផ្តើមដំបូងបង្អស់ នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រ​ល័យពូជសាសន៍ ប៉ុល ពត ដែល៤២ឆ្នាំមុននោះ សមមិត្ត ហ៊ុន សែន (សម្តេចតេជោ ហ៊ុន សែ​ន) និងកម្មាភិបាលដ៏ទុកចិត្ត៤រូប គឺលោក នុច ថន, ញឹក ហួន, ស៊ូ គីមស្រ៊ាង និង វ៉ា ប៉ោអ៊ាន បានភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយឧបត្ថម្ភក្នុងការរំដោះជាតិកម្ពុជា ចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត។ ការប្រារព្ធខួប៤២ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ «ប៉ុល ព​ត» គឺចង់បញ្ជាក់ និងរម្លឹកនូវប្រវត្តិសាស្ត្រដ៏ជូរចត់ ក្នុងការបូជាសាច់ស្រស់ឈាមស្រស់របស់សមមិត្ត ហ៊ុន សែន និងសមមិត្តផ្សេងទៀត ប្រាប់ដល់យុវជនជំនាន់ក្រោយឱ្យដឹង និងចងចាំបន្ថែមទៀត។
នៅក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ នឹងរៀបចំពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផ្លូវប្រវត្តិសាស្ត្រសម្តេចតេជោ» ដែលជាផ្លូវក្រាលគ្រួសក្រហមមានប្រវែង៩,៩០០ម៉ែត្រ, ធ្វើពិធីរំឮកគុណ គោរពព្រះភូមិ ទេពបង្ហាញផ្លូវ ទេវតាថែរក្សាទឹកដី, ពិធីដាំដើមជ្រៃ ជានិមិត្តរូប។ បន្ទាប់មកលោក នឹងគណៈប្រតិភូធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួនចេ​ញពីសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែនកោះថ្ម ទៅកាន់ព្រំប្រទល់កម្ពុជា-វៀតណាម ចំណុ​ចអាងដាច់ X16 «ដើមត្រយឹង» និងធ្វើពិធីទាញស្បៃសម្ពោធដាក់តាំងផ្ទាំងសិលាចារឹក នៅចំ​ណុចអាងដាច់X16 «ដើមត្រយឹង»។

«ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» ធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឱ្យកូនចៅ ជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះ៕






No comments:

Post a Comment