Tuesday, March 12, 2019

លោកស្រី ដួង វណ្ណា៖ ស្ដ្រីដែលជាដៃគូមិនអាចខ្វះ​បានក្នុងគ្រប់ដំណើរការ​នៃសកម្មភាព​សង្គមជាតិ

នៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៩ លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌល ស្វាយរៀង​បាន​អញ្ជើញជាអធិបតីនៅក្នុងពិធីប្រារព្ធខួបលើកទី១០៨ ទិវានារីអន្តជាតិ ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារ​សង្គមដើម្បីអភិវឌ្ឍ​ធនធាន​មនុស្ស”​​​ដែលបានប្រារព្ធធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ព្រមទាំងមាន​ការ​អញ្ជើញចូលរួមពីសំណាក់លោកស្រី ពៅ សុភាព តំណាងរាស្ត្រមណ្ឌលស្វាយរៀង លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកអនុប្រធានសេនាធិការ លោកអនុប្រធានការិយាល័យកណ្តាល លោក លោកស្រីនាយ នាយរងការិយាល័យជំនាញ លោកអធិការ ក្រុង/ស្រុក កម្លាំង​ការិយាល័យជំនាញខេត្ត កងកម្លាំងនគរបាលនារី ទូទាំងខេត្ត និងសមាជិកនារី នៃសមាគម​អ្នក​ជិះកង់ដើម្បីសុខភាព និងការអភិវឌ្ឍ សរុបវត្តមាន ២៣៥ នាក់ (នគរបាលនារី ១១៤ នាក់)។
មានប្រសាសន៍នៅក្នុងពិធីនេះលោកស្រី ដួង វណ្ណា បានលើកឡើងបន្តទៀតថា សំខាន់​ជាង​នេះ​​ទៅទៀត ទិវានេះឆ្លុះបញ្ចាំង និងអបអរសាទរចំពោះសមិទ្ធផលទាំង​ឡាយដែលសម្រេច​បាន​ដោយការចូលរួមរបស់ស្ត្រីនៅគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គមរួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយព្រមទាំងដើម្បីរៀបចំផែនការសម្រាប់ អនុវត្តបន្តនៅឆ្នាំ បន្ត​បន្ទាប់​ទៀត ឆ្ពោះទៅលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី។
លោកស្រីបន្តថា ខួបលើកទី ១០៨ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩នៅឆ្នាំនេះ រាជរដ្ឋា​ភិបាល​បានជ្រើសរើសយកប្រធានបទ“លើកកម្ពស់សមភាពយេនឌ័រ និង​ការគាំ​ពារសង្គម​ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស”ក្នុងគោលបំណងរំលេចឲ្យឃើញកាន់តែច្បាស់ថែមទៀតពីផែនការសកម្មភាពគន្លឹះ ការយកចិត្តទុកដាក់ ការប្ដេជ្ញាចិត្ត និងទិសដៅ​ជាយុទ្ធសាស្ត្ររបស់​រាជរដ្ឋា​ភិបាល ក្នុងការធានាឲ្យមានចូលរួមពីគ្រប់ស្ថាប័នអង្គភាព ក្នុងកិច្ចគាំពារសង្គម និង​លើក​កម្ពស់ការចូលរួមរបស់ស្ដ្រីដែលជាដៃគូមិនអាចខ្វះបាននៅក្នុងគ្រប់ដំណើរការនៃសកម្មភាពសង្គម រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍ ធនធានមនុស្សផងដែរ ។

ជាចុងបញ្ចប់លោកជំទាវតំណាងរាស្រ្តខេត្តស្វាយរៀងបានជម្រុញឱ្យ កងកម្លាំងប្រដាប់​អាវុធ​ជាស្ត្រីទាំងអស់ បើទោះបីជាប់រវល់ និងមមាញឹកបំពេញភារកិច្ចការងារយ៉ាងណាក៏ដោយ ក៏​ប៉ុន្តែ​សូមកុំភ្លេចត្រូវឆ្លៀតពេលវេលាជួយអប់រំទូន្មានប្រៀនប្រដៅកូនចៅ សាច់ញាតិ ឲ្យក្លាយ ជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន អំពើហិង្សា និងគ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ៕





No comments:

Post a Comment