Tuesday, March 12, 2019

លោក ថោង ខុន ចុះពិនិត្យមើលផ្លូវ ភូមិសាស្ត្ររវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យទន្លេ

កំពង់ឆ្នាំង៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នេះ បានធ្វើដំណើរឆ្លងកាត់ផ្លូវពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅខេត្តកំពង់ធំ និងបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋស្ថិតនៅឃុំច្រណូក ស្រុកកំពង់លែង អមដំណើរដោយលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោក សុខ លូ អភិបាលខេត្តកំពង់ធំ និង លោក លោកស្រី ប្រតិភូអមដំណើរទាំងពីខេត្តជាច្រើនរូបដើម្បីពិនិត្យមើលផ្លូវ ភូមិសាស្ត្ររវាងខេត្តទាំងពីរ រក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យទន្លេនៅថ្ងៃទី ១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានចេញសារលិខិតអបអរសាទរពិធីបុណ្យទន្លេលើកទី៥ ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំងផងដែរ។ នៅក្នុងសារលិខិត ក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ វិស័យឯកជន សហគ្រាសធុនតូច និងមធ្យម ចូលរួមឱ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាឱ្យបុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩នេះ និងពិធីបុណ្យទន្លេជាបន្តបន្ទាប់ទៀត ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ផ្លែផ្កានៃសន្តិភាពបានជំរុញឱ្យវិស័យទេសចរណ៍កម្ពុជា ដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ហើយដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងផ្ដល់ការងារយ៉ាងច្រើនដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជាផងដែរ៕

No comments:

Post a Comment