Monday, January 28, 2019

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍​នៃសាធារណរដ្ឋ​ប្រជាមានិតចិន​ ធ្វើដំណើរទស្សនកិច្ច​នៅរមណីយដ្ឋាន​ទឹកដីអង្គរ​

សៀមរាប៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋ ប្រជាមានិតចិន លោក Luo Shu Gang បានមកបំពេញទស្សនកិច្ចផ្លូវការ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ដោយមានការចូលអមដំណើរ ដោយលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀតនោះ លោករដ្ឋមន្រ្តី ព្រមទាំងគណៈប្រតិភូទាំងអស់ បានធ្វើទស្សនកិច្ចទៅកាន់ប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ពិសេសទៅកាន់ប្រាសាទដែលស្ថិតក្នុងគម្រោងសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាសម្រាប់បេតិកភណ្ឌវប្បធម៌ចិន ហៅកាត់ថា CSA។
ក្នុងឱកាសនោះ គណៈប្រតិភូដែលដឹកនាំដោយលោក Luo Shu Gang បានអញ្ជើញទៅទស្សនកិច្ចនៅប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ ដែលប្រាសាទទាំងពីរនេះត្រូវបានជួសជុលក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាសម្រាប់បេតិកភណ្ឌវប្បធម៌ចិន។ ក្រៅពីទស្សនកិច្ចស្វែងយល់ពីការជួសជុលនៅប្រាសាទទាំងពីរខាងលើ លោក Luo Shu Gang និងគណៈប្រតិភូក៏បានទៅទស្សនាប្រាសាទបាយ័ន្ត ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយស្រី និងប្រាសាទភ្នំបាខែង ដែលជាគោលដៅបញ្ចប់ដំណើរទស្សនកិច្ចក្នុងខេត្តសៀមរាប។
ក្នុងដំណើរទស្សនកិច្ចខាងលើនេះ លោក Luo Shu Gang បានចាប់ អារម្មណ៍ខ្លាំងទៅនឹងសំណង់ប្រាសាទបុរាណខ្មែរ ដែលមានក្បូរក្បាច់ចម្លាក់ រចនាល្អឥតខ្ចោះ ស័ក្ដិសមជាសម្បតិ្តបេតិកភណ្ឌពិភពលោក។ ទាក់ទង នឹងការងារអភិរក្ស និងជួសជុលប្រាសាទវិញ លោកក៏បានសម្តែងការវាយ តម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នជំនាញនៃប្រទេសទាំងពីរ និងបញ្ជាក់ថា ប្រទេសចិនមានកិត្តិយសធំធេងណាស់ ដែលបានចូលរួម ចំណែកលើការងារជួសជុល និងអភិរក្សប្រាសាទនៅរមណីយដ្ឋានអង្គរ។
គួរបញ្ជាក់ថា៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នឹងបន្តដំណើរទស្សន កិច្ចទៅកាន់រាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ដើម្បីជួប ពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ មួយចំនួនទៀត។ ក្នុងនោះដែរ លោកគ្រោងនឹងចូលរួមជាអធិបតីភាព ក្នុងទិវាឆ្នាំទេសចរណ៍ និងវប្បធម៌ចិន-កម្ពុជាដំបូង ដែលធ្វើឡើងនៅ សាលចតុមុខ មុននឹងធ្វើដំណើរត្រឡប់ទៅប្រទេសមាតុភូមិវិញ៕



No comments:

Post a Comment