Friday, January 25, 2019

សាខាកាំកុងត្រូលខេត្តប៉ៃលិន ចុះត្រួតពិនិត្យគុណភាពទំនិញ និងដកហូតមីខូចគុណភាពចំនួន ២២៨៨កញ្ចប់ នៅផ្សារសាលាក្រៅ

ប៉ៃលិន៖ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ លោក គិត សុវណ្ណា អនុប្រធាន សាខាកាំកុងត្រូលខេត្តប៉ៃលិន​បានដឹកនាំមន្រ្តីជំនាញ សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត ធ្វើការចុះត្រួតពិនិត្យទំនិញហួសសុពលភាព និងខូចគុណភាព ដែលដាក់តាំងលក់តាមតូបនានា នៅផ្សារសាលាក្រៅ ស្ថិតភូមិទួលខ្ពស់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយដកហូតបាន កម្ទេចមី ចំនួន២២៨៨កញ្ចប់តូច ដែលខូចគុណភាព ពីអាជីវករ យកទៅរក្សាទុកដើម្បីកម្ទេចចោល។
លោក គិត សុវណ្ណា អនុប្រធានកាំកុងត្រូលខេត្តប៉ៃលិនបានឱ្យដឹងថា ខេត្តប៉ៃលិនជាខេត្តមួយ មានព្រំប្រទល់ដែនជាប់ប្រទេសថៃដែលមានទំនិញ នាំចេញនាំចូលមកទីផ្សារប្រទេសកម្ពុជា ហើយក្នុងចំណោមទំនិញទាំងនោះ ទំនិញ ខ្លះក៍មានគុណភាពត្រឹមត្រូវមិនបង្កផល ប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋ តែក៍មានទំនិញចំណីអាហារ ភេសជ្ជៈ នំ ត្រី សាច់មួយ ចំនួនក៍មានសារធាតុគីមី និងសារធាតុដែលនាំឲ្យប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋផងដែរ ដូច្នេះសាខាកាំកុងត្រូលខេត្តប៉ៃលិន បានយក ចិត្តទុកដាក់ខ្លាំងណាស់ក្នុងការប្រមូលទំនិញដែលនាំឲ្យប៉ះពាល់ដល់ សុខភាពរបស់ប្រជាពលរដ្ឋនៅតាមសាលារៀន តាមតូបដាក់តាំងលក់ ក្នុងភូមិ ក្នុងទីផ្សារនានាក្នុងខេត្តប៉ៃលិន។
លោកអនុប្រធានបានបន្តថា បេសកកម្មរបស់កាំកុងត្រូល គឺដើម្បីសុខភាព របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការលុបបំបាត់ទំនិញដែលហួសសុពលភាព និងខូចគុណភាព កុំឱ្យមាននៅលើទីផ្សារ ក្នុងន័យលើកកម្ពស់សុខុមាភាព របស់បងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល។ នៅក្នុងឱកាសនោះលោកក៍បានធ្វើការណែនាំដល់អាជីវករ ពីសារៈសំខាន់នៃការមើលទំនិញ និងការរៀបចំដាក់តាំងលក់ឱ្យបាន ត្រឹមត្រូវ ក្នុងន័យការជៀសវៀងឱ្យឆ្ងាយពីទំនិញហួសសុពលភាព ទំនិញខូចគុណភាព ទំនិញគ្មានផ្លាកសញ្ញាត្រឹមត្រូវ និងទំនិញគ្មានច្បាប់ អនុញ្ញាត ជាពិសេសបងប្អូនប្រជាពលរដ្ឋទាំងអ្នកលក់ និងអ្នកទិញទាំងអស់ ត្រូវសហការផ្តល់ព័ត៌មាន ចំពោះការដាក់តាំងលក់ទំនិញណា ដែលមិនមាន ច្បាប់អនុញ្ញាត ដើម្បីមន្ត្រីសាខាកាំកុងត្រូលខេត្ត ធ្វើការដកហូតយក ទៅកម្ទេចចោល។

សូមបញ្ជាក់ថា ក្នុងការចុះត្រួតពិនិត្យទំនិញនាឱកាសនោះ មន្ត្រីកាំកុងត្រូល បានដកហូតទំនិញហួសសុពលភាព និងខូចគុណភាព ចំនួន ៥៤,៣៨ គីឡូក្រាម រួមមាន៖ កម្ទេចមីចំនួន ២២៨៨កញ្ចប់តូច ភេសជ្ជៈកំប៉ុង២៤ កំប៉ុង មីកំប៉ុង ៣៣ កំប៉ុង ទឹកក្រូចដប ២ដប ទឹកសៀងដប ០៤ ដប យកទៅរក្សាទុកដើម្បីយកកម្ទេចចោល ។





No comments:

Post a Comment