Friday, January 25, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា នឹងមានការកែសម្រួលរចនាសម្ព័ន្ធថ្នាក់ស្រុកដើម្បីបង្កើនប្រសិទ្ធភាពការងារ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងពេលឆាប់ៗខាងមុខនេះ លោកនឹងរៀបចំឱ្យមានការកែ សម្រួលរចនាសម្ព័ន្ធថ្នាក់ស្រុកដោយលុបចោលនូវការិយាល័យដែលចំណុះឱ្យមន្ទីរនៅថ្នាក់ស្រុកដោយធ្វើឱ្យមានរដ្ឋបាលឯកភាពមួយដែលនឹងអាចបង្កើនប្រសិទ្ធភាពការងារទៀតផង។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជាង ១ពាន់នាក់ មកពីរោងចក្រ សហគ្រាសទាំង១២ ក្រុងកំពត, ស្រុកទឹកឈូ, ស្រុកកំពង់ត្រាច, ស្រុកបន្ទាយមាស, ស្រុកដងទង់, កសិដ្ឋានចំការចេកស្រុកឈូក និងមកពីកសិដ្ឋានចំការម្រេចខេត្តកែបចំនួន១។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកនឹងរក្សាទុកនូវការិយាល័យនៃមន្ទីរមួយចំនួនប៉ុណ្ណោះរួមមាន អប់រំ សុខាភិបាល ដែនដី នគរបាល និងយោធា។ ដោយឡែកការិយាល័យនៃមន្ទីរដទៃទៀត នឹងត្រូវដាក់បញ្ចូលគ្នាមួយកញ្ចប់ដើម្បីងាយស្រួលក្នុងការបម្រើសេវាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងកាត់បន្ថយការចំណាយផ្សេងៗដែលនឹងអាចធ្វើឱ្យសេដ្ឋកិច្ចជាតិយើងមានការរីកចម្រើនមួយកម្រិតទៀត៕



No comments:

Post a Comment