Wednesday, January 23, 2019

លិខិតមិត្តអ្នកអាន៖ ពិភពលោកពហុប៉ូលជាឱកាសមាសដែលកំពុងអំណោយផលដល់កម្ពុជា!

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនលើកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វែងរកប្រយោជន៍ជាច្រើនដល់ប្រទេសនិងប្រជាជនខ្មែរ។ មហាយក្សចិន ដែលកំពុងត្រៀមខ្លួនដណ្តើមតំណែងជាមហាអំណាចសេដ្ឋកិច្ចទី១នៅលើលោកបានប្រកាសផ្តល់ជំនួយជាង ៦០០ លានដុល្លារដល់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍ប្រទេសរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ទន្ទឹមនឹងនោះ ចិនក៏បានសន្យាបង្កើនការទិញអង្ករពីកម្ពុជារហូតដល់៤០ ម៉ឺនតោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០១៩នេះ។ គឺជាលទ្ធផលភ្លាមៗដែលកម្ពុជាទទួលបានបន្ទាប់ពីសហភាពអឺរ៉ុបសម្រេចយ​កពន្ធលើអង្ករកម្ពុជាដែលនាំចូលទៅទីផ្សាររបស់ខ្លួន និងក្នុងបរិបទដែលបញ្ហាEBA កំពុងត្រូវបានលើកយកមកពិភាក្សា។
ជាទូទៅ ក្រុមអ្នកនយោបាយប្រឆាំងបានរំពឹងទុកថា ទណ្ឌកម្មណាមួយពីលោកខាងលិចនឹងធ្វើឲ្យកម្ពុជារងគ្រោះធ្ងន់ធ្ងរដែលពួកគេប្រាថ្នាចង់ឃើញ។ ប៉ុន្តែ ពួកគេដែលមានខួរក្បាលដឹតដាមដោយភាពចំណុះទៅនឹងឥទ្ធិពលរបស់លោកខាងលិចភ្លេចគិតថា លោកខាងកើតកំពុងតែ​បោះពួយយ៉ាងលេចធ្លោរឡើងហើយដែលកំពុងផ្លាស់ប្តូរពិភពលោក «ពីឯកប៉ូលទៅជាពហុប៉ូល»។  ប៉ូលថ្មីដែលកំពុងផុសត្រដែតឡើងនិងកំពុងឈានជើងទៅជំនួសប៉ូលចាស់គឺជាអំ​ណោយផលយ៉ាងល្អដល់កម្ពុជាដែលប្រកាន់គោលនយោបាយអព្យាក្រឹត្យពីព្រោះគោលន​យោ​បាយអព្យាក្រឹត្យនេះអាចឲ្យកម្ពុជាឈរជើងបានយ៉ាងរឹងមាំដោយរក្សាបាននូវអធិបតេយ្យភាពនិងឯករាជ្យភាពជាតិរបស់ខ្លួននៅចំពោះមុខនៃការប្រកួតប្រជែងដណ្តើមឥទ្ធិពលនិងផលប្រយោជន៍រវាងមហាអំណាច។
កាលពីមុន ប្រសិនបើប្រទេសណាមិនព្រមធ្វើជាចំណុះមហាអំណាចលោកខាងលិច ប្រទេសនោះនឹងត្រូវរងទណ្ឌកម្ម ហើយទីបំផុតអាចបង្ខំចិត្តធ្វើជារណបលោកខាងលិចដោយចៀសមិនផុតដើម្បីសង្គ្រោះស្ថានការណ៍។ ប៉ុន្តែ បច្ចុប្បន្នអ្វីៗបានប្រែប្រួលហើយ។ នេះគឺជាឱកាសមាសសម្រាប់ប្រទេសដែលប្រកាន់ជំហរអព្យាក្រឹត្យដោយមិនបាច់ចំណុះឬធ្វើជារណបរបស់ម​ហាអំណាចលោកខាងលិចដោយបង្ខំដូចពីមុនទៀតឡើយពីព្រោះបើអស់ពីលោកខាងលិច ក៏នៅមានលោកខាងកើតជួយបានដែរ។ អ្វីដែលសំខាន់ទៀត នោះគឺ មហាអំណាចលោកខាងកើ​តមិនទាមទារឲ្យកម្ពុជាឬប្រទេសផ្សេងណាមួយត្រូវយកអធិបតេយ្យភាពជាតិទៅប្តូរនឹងជំ​នួយដូចការទាមទាររបស់លោកខាងលិចឡើយ។ ក្នុងបរិបទបែបនេះ គឺលោកខាងលិចទេដែលខាតបង់ប្រសិនបើពួកគេមិនប្រញាប់ផ្លាស់ប្តូរនយោបាយការបរទេសរបស់ខ្លួនទេនោះ។
ជាក់ស្តែង នៅពេលដែលសហភាពអឺរ៉ុបព្យាយាមរាំងខ្ទប់អង្ករកម្ពុជាមិនឲ្យហូរចូលទីផ្សាររបស់ខ្លួនច្រើនពេក អង្ករកម្ពុជាអាចបង្វែរទៅរកទីផ្សារប្រទេសផ្សេងវិញដូចជាចិនជាដើម។ ទីផ្សារផលិតផលផ្សេងទៀតរាប់ទាំងជំនួយអភិវឌ្ឍន៍ផងក៏មាននិន្នាការដូចគ្នានេះដែរ។ ស្ថានភាពនេះជាអំណោយផលល្អខ្លាំងណាស់សម្រាប់កម្ពុជាគឺមិនដូចការឃោសនា ដោយបំភាន់និងបំពុលរបស់ក្រុមប្រឆាំងនោះឡើយ។ ម្យ៉ាងទៀត សូមកុំភ្លេចថា មហាអំណាចលោកខាងលិចពេលនេះកំពុងតែរឹតរួតដោយបញ្ហាផ្ទៃក្នុងយ៉ាងចម្រូងចម្រាស់ដែលជាសញ្ញានៃការចុះថមថយឥទ្ធិពល របស់លោកខាងលិច។
បញ្ហានៅសហរដ្ឋអាមេរិក និងវិបត្តិនៃការចាកចេញរបស់អង់គ្លេស ~Brexit ~ ពីសហគមន៍អឺរ៉ុប ជាដើមគឺជាឧទាហរណ៍ជាក់ស្តែងបំផុត។ នៅក្នុងស្ថានភាពបែបនេះ ការពឹងពាក់តែទៅលើមហាអំណាចលោកខាងលិចទាំងស្រុង ហើយមើលស្រាលលោកខាងកើត និយាយឲ្យចំគឺមើលស្រាលចិន ដូចដែលក្រុមប្រឆាំងកំពុងធ្វើ គឺជាកំហុសយុទ្ធសាស្ត្រដ៏ធំធេងមួយទៀតស​ម្រាប់នយោបាយការបរទេស។
ផ្ទុយទៅវិញ នយោបាយការបរទេសដែលខ្ញុំកត់សំគាល់លើរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុ​ន សែន ដែលបាននិងកំពុងបន្តធ្វើគឺជានយោបាយត្រូវសភាពការណ៍។ នយោបាយបែបនេះមិនត្រឹមតែអាចរក្សាបាននូវឯករាជ្យភាព និងអធិបតេយ្យភាពជាតិយើងប៉ុណ្ណោះទេ ប៉ុន្តែ លើ​សពីនេះ វាក៏ជាកាលានុវត្តភាពថ្មីរបស់កម្ពុជាក្នុងការពង្រឹងខ្លួនឲ្យកាន់តែរឹងមាំឈានទៅម្ចាស់ការលើខ្លួនឯងនៅពេលខាងមុខ។ ចំណែកក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី ដែលកំពុងធ្វើខ្លួនជារណបទាំងស្រុងរបស់លោកខាងលិចដោយគ្មានលក្ខខណ្ឌ ហើយទាត់ចោលទាំងស្រុង និងថែមទាំងប្រមាថ មាក់ងាយចិន ពួកគេអាចនឹងគ្មានទីតាំងឈរជើងឡើយក្នុងពេលខាងមុខនេះ។ និយាយតាមភាសាកីឡាបាល់ទាត់គឺ «អកហ្សើ» ដោយសារតែភាពតឹងត្អឹងមិនចេះបត់បែនទៅតាមសភាពការណ៍។ ខ្ញុំសង្ឃឹមថា មហាអំណាចលោកខាងលិចទំន​ងជាឆ្លាតជាងអ្វីដែលក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី គិតឆ្ងាយណាស់ពោលគឺ ពួកគេនឹងមិនបោះបង់ចោ​លកូនក្រមុំដ៏ស្រស់ស្អាតដូចកម្ពុជាឡើយពីព្រោះបើពួកគេហ៊ានបោះបង់កម្ពុជា គឺពួកគេនេះហើយជាអ្នកខាតបង់ធំនៅចំពោះមុខការពង្រីកឥទ្ធិពលឥតឈប់ឈររបស់មហាយក្សចិន។
សរុបសេចក្តីទៅ អ្វីដែលក្រុមប្រឆាំងគំនិតខ្លីដឹកនាំដោយ សម រង្ស៊ី កំពុងត្រេកត្រអាលនឹងទ​ណ្ឌកម្មរបស់លោកខាងលិច ឬត្រេកត្រអាលនឹងឥទ្ធិពល លោកខាងលិចហើយមើល ស្រា​លនិងប្រមាថតួនាទីរបស់ចិន គឺជាការស្រមើស្រមៃបែបមនុស្សដើរមិនទាន់សភាពការណ៍ ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយតែប៉ុណ្ណោះ។ នៅទីបំផុត ពួកគេនឹងបាត់បង់ទីពឹងដោយ​សារតែលោតខុសពីទិសខ្យល់បក់ជាមិនខាន។ រីឯអ្នកដែលកំពុងដើរត្រូវទិសខ្យល់ដែលខ្ញុំមើលឃើញគឺ លោក ហ៊ុន សែន នេះហើយ។ ហេតុដូច្នេះហើយបានជាគណបក្សរបស់លោក ហ៊ុន សែន តែងមានប្រៀបលើបក្សប្រឆាំងដឹកនាំដោយ សម រង្ស៊ី តែរហូតមក។
និយាយដល់ចំណុចវាយតំលៃសភាពការណ៍ត្រឹមត្រូវបំផុតនោះ ខ្ញុំនៅតែមិនកោតសរសើរលោក ហ៊ុន សែន គឺមិនបានដែលគាត់វាយតំលៃសភាពការណ៍និងចិត្តសាស្ត្រ ពលរដ្ឋអាមេរិកត្រូវដោយគាត់ហ៊ានប្រកាសជាសាធារណៈថាលោក Donald Trump នឹងឈ្នះឆ្នោតជាប្រ​ធានាធិបតីអាមេរីកនៅពេលដែលមនុស្សសឹងតែមួយពិភពលោកក្នុងនោះរាប់បញ្ចូលទាំងមេបក្សប្រឆាំងនៅកម្ពុជាគេនិយាយថា Hillary Clinton នឹងឈ្នះ។
នៅពេលខាងមុខនេះ ខ្ញុំអាចមើលឃើញជាមុននូវប្រៀបខ្លាំងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នឹងកាន់តែមានទម្ងន់ថែមទៀតដោយសារតែមេដឹកនាំគណបក្សនេះមានទស្សនៈវិស័យវែងឆ្ងាយ អាចព្យាការណ៍ ទិសខ្យល់បក់ទុកជាមុននិងបានត្រៀមខ្លួនជាមុនយ៉ាងល្អខ​ណៈ​ដែ​លក្រុមប្រឆាំងវិញ មកដល់ម៉ោងនេះហើយនៅតែមិនទាន់ភ្ញាក់ខ្លួន មិនដឹងទិសតំបន់ដែលត្រូវដើរនៅឡើយ។ ពួកគេហាក់ដូចកំពុងស្ថិតក្នុងសម័យសង្គ្រាមត្រជាក់នៅឡើយទេ ខណៈដែលពិភពលោកបាន ដើរដល់ចំណុចពហុប៉ូលទៅហើយនោះ។ នេះហើយជាលទ្ធផលនៃការដឹ​ក​នាំ​របស់ សម រង្ស៊ី ដែលលោក គង់ គាំ ពិពណ៌នាថាជាមនុស្ស «គិតមិនដែលត្រូវ យល់មិនដែលច្បាស់ និងធ្វើមិនដែលកើត»   ជាពិសេសអ្វីលោកសម រង្ស៊ី ចេះនិងកំពុងបន្តធ្វើគឺ«ល្បិចកញ្ជ្រោងអាងអំណាចខ្លា» តែប៉ុណ្ណោះ។
ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

No comments:

Post a Comment