Wednesday, January 23, 2019

លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រតិភូអមដំណើរបំពេញបេសកកម្មមនុស្សធម៌នៅខេត្តប៉ៃលិន

ប៉ៃលិន៖ ក្នុងដំណើរបំពេញបេសកកម្មរយៈពេល ៣ថ្ងៃនៅលើទឹកដីខេត្តប៉ៃលិន នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រតិភូអមដំណើរ បានអញ្ជើញធ្វើពិធីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន និងថ្វាយគ្រឿងសក្ការៈបូជាដល់រូបសំណាកលោកយាយយ៉ាត ដែលមានបារមីថែរក្សាលើទឹកដីត្បូងពេជ្រសូមតាមបីបាច់ថែរក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឱ្យទទួលបានសេចក្តីសុខសប្បាយ ជោគជ័យគ្រប់ភារកិច្ច និងប្រាថ្នាអ្វីឱ្យសម្រេចដូចសេចក្តីប្រាថ្នាគ្រប់ៗគ្នា។
លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រតិភូអមដំណើរ បានថ្វាយគ្រឿងសក្ការៈបូជាដល់រូបសំណាក់លោកយាយយ៉ាត និងអុជទៀនធូបសុំពរជ័យពីលោកយាយ សុំជួយបីបាច់ គ្រប់គ្រងថែរក្សា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យមានសេចក្តីសុខសេចក្តីចម្រើន ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំ ជាពិសេសនៅក្នុងឆ្នាំនេះ សូមបង្អុរទឹកភ្លៀងឲ្យបានគ្រប់គ្រាន់សម្រាប់ការងារបង្ករបង្កើនផលកសិកកម្មរបស់ប្រជាពលរដ្ឋ កុំឲ្យមានជួបប្រទះនូវគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ ទឹកជំនន់ជាដើម ដើម្បីឲ្យទិន្នផលកសិកម្មរបស់ជាប្រជាកសិករបានកើនឡើងទ្វេដង ក្នុងការចិញ្ចឹមជីវិតរស់នៅកាន់តែមានភាពធូរធារ ក៏ដូចជាបង្កើននូវសេដ្ឋកិច្ចគ្រួសារ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។
នៅក្នុងឱកាសនោះផងដែរ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រតិភូអមដំណើរ ក៏បានអញ្ជើញ ថ្វាយគ្រឿងសក្ការៈបូជា និងអុជទៀនធូប នៅវត្តលើកំពូលភ្នំយ៉ាត ព្រមទាំងបាន ប្រគេនទ័យ្យទាន និងបច្ច័យដល់វត្តចំនួន ៥លានរៀល និងប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តចំនួន ២លានរៀល ព្រះសង្ឃចំនួន ៩អង្គ ក្នុង ១អង្គៗ ស្លាដក់១ បច្ច័យ ២០ម៉ឺនរៀល ជូនបច្ច័យដល់យាយជី តាជី ចំនួន ១២នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ និងថវិកា ១ម៉ឺនរៀល។ តមកលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រតិភូអមដំណើរ ក៏បានអញ្ជើញ ថ្វាយគ្រឿងសក្ការៈបូជា និងអុជទៀនធូប នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ដែលជាវត្តមានវ័យចំណាស់ជាងគេនៅក្នុងខេត្តប៉ៃលិន ព្រមទាំងបានប្រគេនទ័យ្យទាន និងបច្ច័យដល់វត្តចំនួន ៥លានរៀល និងប្រកេនបច្ច័យដល់ព្រះចៅអធិការវត្តចំនួន ២លានរៀល ព្រះសង្ឃចំនួន ៦៩អង្គ ក្នុង ១អង្គៗ ស្លាដក់១ បច្ច័យ ២០ម៉ឺនរៀល ជូនបច្ច័យដល់យាយជី តាជី ចំនួន ២០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ និងថវិកា ១ម៉ឺនរៀលផងដែរ។
តមកនៅរសៀលថ្ងៃដដែល លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រតិភូអមដំណើរ ក៏បានអញ្ជើញពិនិត្យមើលចំការមៀនប៉ៃលិន របស់កសិកររស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជាដំណាំសំគាល់ភូមិសាស្ត្រ ១ប្រភេទ កំពុងពេញនិយមដាំដុះពីសំណាក់កសិករក្នុងខេត្តប៉ៃលិន ហើយកំពុងមានទីផ្សារល្អ ទាំងក្នុងប្រទេស និងក្រៅប្រទេស។
កសិករឈ្មោះ ម៉ុម ម៉ៅ ដែលជាម្ចាស់ចំការមៀនប៉ៃលិន បានជំរាបជូនលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រតិភូអមដំណើរបានឱ្យដឹងថា ចំការរបស់គាត់ដែលដំាំដុះដើមមៀនប៉ៃលិន គឺមានប្រមាណជាង ៣ហិចតា ដោយឆ្នាំកន្លងទៅ គាត់លក់តាមកិច្ចសន្យា ទៅឱ្យក្រុមហ៊ុនចិន នៅក្នុងប្រទេសថៃ បានប្រមាណជិត ១០ម៉ឺនដុល្លារ៕






No comments:

Post a Comment