Tuesday, December 18, 2018

អ្នកវិភាគ៖ សេណារីយ៉ូកម្ពុជាគឺតាមរយៈនយោបាយបង្រួបបង្រួមជាតិ មិនមែនសម្ពាធបរទេស

(ភ្នំពេញ)៖ ក្រោយពីធ្វើបក្សប្រហារដណ្តើមតំណែងជាមេដឹកនាំខ្មោចបក្សសង្គ្រោះជាតិពីលោក កឹម សុខា ក្រោមលេសចេញសំប៉ានទៅរកជំនួយជួយសង្គ្រោះសំពៅខ្មោចបក្សសង្គ្រោះជាតិ ដែលស្លាប់គឿងកណ្តាលមហាសាគរ សម រង្ស៊ី បាននិងកំពុងព្យាយាមពន្យល់សកម្មជនរបស់ខ្លួនឡើងបែកពពុះមាត់ និងបានចាត់ទុក នរណាម្នាក់ក្នុងចំណោមមនុស្សទាំង១១៨នាក់ ដែលត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ តាមអំណាចសាលដីការបស់តុលាការកំពូល ទទួលយកនូវការលើកលែងណាមួយគឺជាជនក្បត់បក្ស អ្នកលក់ខ្លួន និងបម្រើផលប្រយោជន៍គណបក្សកាន់អំណាច។
លោក សម រង្ស៉ី ថែមទាំងបានអះអាងថា ការធ្វើច្បាប់ផ្តល់នីតិសម្បទាឱ្យអ្នកមានឈ្មោះក្នុងបញ្ជី១១៨ អាចធ្វើសកម្មភាពនយោបាយឡើងវិញជាសេណារីយ៉ូរបស់បក្ស កាន់អំណាច ដែលចង់បំបែកបំបាក់គណបក្សសង្រ្គោះជាតិ។ ដូច្នេះមិនត្រូវដើរតាមផ្លូវដែលគូសវាសដោយគណបក្សកាន់អំណាចឡើយ។
អ្នកវិភាគនយោបាយដ៏ល្បីល្បាញរបស់កម្ពុជាឈ្មោះ ចៅចាក់ស្មុក បានលើកឡើងតាមរយៈកិច្ចសម្ភាសន៍ជាមួយ លោក​​ លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះថា «ច្បាប់ដែលបើកផ្លូវសម្រាប់ការផ្តល់នីតិសម្បទា ចំពោះអ្នកជាប់បម្រាមរបស់តុលាការ មិនអាចធ្វើសកម្មភាព នយោបាយបានដែលត្រូវបានរដ្ឋសភាអនុម័ត ដោយចាត់ទុកជាការ ប្រញ៉ាប់ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានគណបក្សកាន់អំណាចចាត់ទុកជាការបង្កើត ច្រកនយោបាយសម្រាប់ត្រួសត្រាយផ្លូវបង្រួបបង្រួមជាតិ និងប្រជាធិបតេយ្យឡើងវិញ បន្ទាប់ពីសន្តិភាព និងស្ថិរភាពរបស់កម្ពុជា ត្រូវបានពង្រឹងថែរក្សា គេចផុតពីគ្រោះចង្រៃនៃ «បដិវត្តពណ៌» ដែលផែនការបដិវត្តន៍នេះ ត្រូវបានមេដឹកនាំបក្សសង្រ្គោះជាតិ យកមកអនុវត្តឱ្យចេញជារូបរាងជា មហាបាតុកម្មក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ និងឆ្នាំ ២០១៤ ក្រោមជំនួយឧបត្ថម្ភទាំងផ្នែកខួរក្បាល ទាំងផ្នែកមធ្យោបាយពីបរទេស»។
ថ្លែងចេញពីទីក្រុងភ្នំពេញ, អ្នកវិភាគបានចោទសួរតាមរយៈ Fresh News ទៅកាន់លោក សម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេសថា «តើអ្វីជាសេណារីយ៉ូរបស់បក្សកាន់អំណាច?»
គណបក្សកាន់អំណាចចង់ឲ្យអ្នកនយោបាយប្រឆាំងមាននីតិសម្បទា ដើម្បីអាចធ្វើសកម្មភាពនយោបាយឡើងវិញ ដោយរួមទាំងការបង្កើតបក្សនយោបាយថ្មី ឬប្រើបក្សនយោបាយ ដែលមានស្រាប់ ដូចជាបក្សភ្លើងទៀន ឬបក្សសិទ្ធិមនុស្ស ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខ។ បើមិនទទួលយក សេណារីយ៉ូនេះ តើ សម រង្ស៉ី មានសេណារីយ៉ូអ្វីដែលល្អជាងនេះ ?
អ្នកវិភាគចៅចាក់ស្មុក បានលើកឡើងថា៖ «សម រង្ស៉ី បានទាមទារលក្ខខណ្ឌ ៥ចំណុច គឺទី១៖ ឱ្យបក្សសង្រ្គោះជាតិរស់ឡើងវិញ ទី២៖ ការបោះឆ្នោតព្រឹទ្ធសភា និងរដ្ឋសភាឡើងវិញ ទី៣៖ ប្រគល់តំណែងឱ្យសមាជិកក្រុមប្រឹក្សាទាំងជាង ៥ ពាន់ឡើងវិញ ទី៤) លើកបម្រាមចំពោះអ្នកក្នុងបញ្ជី ១១៨ នាក់ និងទី៥) ដោះលែង កឹម សុខា។ តើអាចទៅរួចទេ? តើមានសង្ឃឹមទេ? ចម្លើយថា ប្រាកដជាអត់ទៅរួចទេ ហើយមិនអាចកើតមានឡើយ»
ចៅចាក់ស្មុកបានបន្ថែមថា ក្តីសង្ឃឹមពិតប្រាកដ ដែលអាចកើតមានក្នុងសេណារីយ៉ូកម្ពុជា គឺនយោបាយបង្រួបបង្រួមជាតិគឺការទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញរបស់អ្នកនយោបាយ ក្នុងបញ្ជី១១៨រូប និង កឹម សុខា អាចរួចផុតពីការជាប់ឃុំនៅពន្ធនាគារ និងអាចធ្វើសកម្មភាពនយោបាយឡើងវិញ តាមរយៈការលើកលែងទោស។
អ្នកវិភាគចៅចាក់ស្មុកបានសង្កត់ធ្ងន់ថា៖ «ផ្លូវពីរក្រោយនេះ គឺអាចទៅរួចក្នុងដំណោះស្រាយឈ្នះ-ឈ្នះរវាងខ្មែរ និងខ្មែរ ដោយពុំចាំបាច់ទៅលក់ក្បាល ពឹងបរទេស តាមរយៈការបញ្ចុះបញ្ចូលបរទេសឱ្យដាក់ទណ្ឌកម្មបំផ្លាញផលប្រយោជន៍ប្រជាជន និងមុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិឡើយ»។ លោកបានបន្តថា បើផ្អែកតាមការទាមទារខាងលើ និងអ្វីដែល សម រង្ស៉ី កំពុងធ្វើសកម្មភាពបច្ចុប្បន្ន សេណារីយ៉ូដែល សម រង្ស៉ី គូសវាសសម្រាប់ក្រុមប្រឆាំង គឺមានតែពីរទេ៖ សេណារីយ៉ូទី១៖ ការអំពាវនាវឱ្យប្រជាជនធ្វើការបះបោលប្រឆាំង នឹងរដ្ឋអំណាចតាមបែបបដិវត្តន៍ ប៉ុន្តែផ្លូវនេះ សម រង្ស៉ី បានសាកល្បងជាច្រើនលើកច្រើនសារ ប៉ុន្តែមិនត្រឹមតែមិនបានជោគជ័យ ថែមទាំងបរាជ័យរលាយខ្លួន ហើយ សម រង្ស៉ី ខ្ចាត់ព្រាត់ទៅស្រុកបារាំងរបស់គាត់រហូតដល់បច្ចុប្បន្ននេះ និង សេណារីយ៉ូទី២៖ «ដេកផ្ទះ ឈ្នះឯង» ដែល សម រង្ស៉ី អនុវត្តបានយ៉ាងជោគជ័យសម្រាប់ឆ្នាំ២០១៨ នឹងបន្តជាសេណារីយ៉ូសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ បន្តទៀត៕
ប្រភព៖ Freshnews

No comments:

Post a Comment