Tuesday, December 18, 2018

លិខិតមិត្តអ្នកអាន៖ អ្នកតាមដាន នយោបាយតុកាហ្វេ សូមបង្រៀនលោក សម រង្ស៊ី ២ក្បាច់!

ថាមិនចង់បង្រៀនអ្នកនយោបាយទេ ប៉ុន្តែ ពេលឃើញអ្នកនយោបាយខ្សោយពេកៗទៅដូច សម រង្ស៊ី ខ្ញុំទ្រាំបិទមាត់មិនបានពីព្រោះអ្វីដែលគាត់កំពុងធ្វើវាមិនមែនប៉ះពាល់ត្រឹមតែសម រង្ស៊ី ម្នាក់ឯងទេ តែវាប៉ះពាល់ដល់អ្នកដទៃច្រើនទៀតដោយសារ ទង្វើអាត្មានិយមនិងអញនិយមរបស់គាត់។ ដូច្នេះថ្ងៃនេះ ខ្ញុំចង់បង្រៀនស្នៀតខ្លះៗដល់អ្នកនយោបាយបញ្ញារាក់កំផែលរូបនេះក្រែងមាន ក្រឡាដើរនឹងគេពីព្រោះការ​ធ្វើនយោបាយបែបសម រង្ស៊ី សព្វថ្ងៃនេះ ទោះប្រើពេល ១០០ ឆ្នាំទៀតក៏មិនបានផលល្អដែរទាំង​សម្រាប់ខ្លួនគាត់ផ្ទាល់ ទាំងអ្នកនៅក្បែរគាត់ និងទាំងសម្រាប់ប្រទេសជាតិទាំងមូល។
ក្នុងនាមអ្នកតាមដាននយោបាយតុកាហ្វេដែលគ្មានសញ្ញាបត្រនយោបាយនឹងគេទេ តែមានបទពិសោធន៍​គ្រប់គ្រាន់ដែលអាចមើលចរិតអ្នកនយោបាយធ្លុះ។ តាម រយៈបទពិសោធន៍នេះ ខ្ញុំសូមបង្រៀនលោក សម រង្ស៊ី អំពីតម្រាពិជ័យ សង្គ្រាមសាមកុក ២ក្បាច់ទៅចុះ។
ក្បាច់ទី១៖ ក្នុងតម្រាពិជ័យសង្គ្រាមនោះ គេនិយាយថា «ដឹងគេដឹងឯង ច្បាំង ១០០ ដងឈ្នះ ១០០ ដង» ។ ប៉ុន្តែ ងាកទៅមើល លោក សម រង្ស៊ី វិញ គឺគាត់ដឹងតែពីខ្លួនគាត់តែប៉ុណ្ណោះ តែគាត់ មិនបានដឹងពីអ្នកដទៃ​នោះ​ឡើយ។ កុំថាឡើយដល់ទៅគូបដិបក្ខរបស់គាត់ សូម្បីតែកូនចៅរបស់គាត់ក៏គាត់មិនបាន​ដឹងពីពួក​គេដែរ។ មានកូនចៅក្រោមបង្គាប់របស់ សម រង្ស៊ី ច្រើនណាស់ដែល មានបញ្ញាវាងវៃជាងគាត់ គិតបានរហ័ស​ជាងគាត់ និងយល់កិច្ចការស៊ីជម្រៅជាងគាត់ ប៉ុន្តែ សម រង្ស៊ី មិនដែលយល់និង​ផ្តល់តម្លៃដល់​ពួកគេឡើយ។ សម រង្ស៊ី ដឹងតែម្យ៉ាងគត់គឺ ត្រូវតែធ្វើតាមអញ អ្នកណាមិនធ្វើតាមអញគឺជាមនុស្សមិនស្មោះត្រង់ ក្បត់បក្ស និងលក់ក្បាល ។ល។ នយោបាយបែបនេះហើយដែលធ្វើឲ្យសកម្មជន និងអ្នកគាំទ្រជាច្រើនរត់ចោលគាត់ ឬត្រូវគាត់ដាក់គំនាបឲ្យរត់ចោលគាត់ជាបន្តបន្ទាប់។
នេះគេហៅថា នយោបាយទឹកក្តៅ ដែលត្រីតែងរត់ចេញហើយ ដែលផ្ទុយពី នយោបាយ«ទឹកត្រជាក់ត្រីកុំ»។ នយោបាយទឹកក្តៅនេះ លទ្ធផលចុងក្រោយគឺភាពឯកា។ ស្ថានការណ៍ដែលកំពុងកើតមាននៅពេលនេះ គឺជាឧទាហរណ៍ជាក់ ស្តែងមួយទៀតនៃនយោបាយ ទឹកក្តៅរបស់ សម រង្ស៊ី។
ចាប់តាំងពីដំណាក់កាលនៃការបង្កើតចលនាសង្គ្រោះជាតិរហូតដល់ការធ្វើបក្សប្រហារដណ្តើមអំណាច ពីលោក កឹម សុខា និងចុងក្រោយបំផុតនេះ គឺការលាបពណ៌ឲ្យសកម្មជនរបស់ខ្លួនថា ក្បត់បក្ស និង លក់ក្បាល បើហ៊ានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ដំណាក់កាលទាំងបីដែល​បានលើកឡើងខាង​លើនេះ បាននិងកំពុងកាត់បន្ថយអ្នកនៅជុំវិញខ្លួនគាត់ឲ្យមានចំនួនតិចទៅៗជាលំដាប់ ដែលទីបំផុត​នឹងរុញច្រានគាត់ឲ្យស្ថិតក្នុងភាពឯកា អនាថា។ និយាយតាមបែបយុទ្ធសាស្ត្រ ពិជ័យសង្គ្រាម គឺបើដឹងតែខ្លួនឯង មិនដឹងពីគេបែបនេះគឺ« ច្បាំង ១០០ ដង ចាញ់ ១០០ ដង»។
ក្បាច់ទី២៖ នៅក្នុងតម្រា ពិជ័យសង្គ្រាមសាមកុក ដដែល គេនិយាយថា «មេដឹកនាំត្រូវតែចេះធ្វើនយោបាយ​ដោយភាពឈ្លាសវៃនិងភាពទន់ភ្លន់គឺមិនមែនដោយភាព ស្មោះត្រង់ទាំងងងឹតងងុលនិងតឹងត្អឹងនោះទេ»។ ត្រង់ចំណុចនេះ លោក សម រង្ស៊ី ក៏កំពុងតែដើរផ្ទុយស្រឡះពីក្រឹតក្រម នេះដែរ។ នៅក្នុងការធ្វើនយោបាយ លោក សម រង្ស៊ី មិនដែលប្រើភាពវាងវៃ និងភាពទន់ភ្លន់ឡើយ។ យើងមិនអាចបន្ទោសគាត់បាន​ទេត្រង់ចំណុច​នេះ ពីព្រោះឲ្យគាត់ប្រើយ៉ាងដូចម្តេចបើគាត់គ្មានភាពវាងវៃ និងគ្មានភាពទន់ភ្លន់នៅក្នុង​ខ្លួនទាល់តែសោះនោះ។ ដូច្នេះ អ្វីដែលលោក សម រង្ស៊ី តែងតែប្រើគឺ ភាពតឹងត្អឹង និងចង់ឲ្យសកម្មជន អ្នកគាំទ្ររបស់ខ្លួនប្រើ ភាពស្មោះត្រង់ទាំងងងឹតងងុលដូចដែលគាត់ ចង់បាន។
ឧទាហរណ៍ជាក់ ស្តែងនិងងាយយល់បំផុតគឺ ក្រោយពេលដែលរដ្ឋាភិបាលគណបក្សកាន់អំណាចបានរៀបចំ​ធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដើម្បីបើកច្រកឲ្យអ្នកនយោបាយដែលជាប់បម្រាមរបស់តុលាការអាចទទួលបាន សិទ្ធិធ្វើនយោបាយឡើងវិញនោះ លោក សម រង្ស៊ី បែរជារារាំងមិនឲ្យទទួលយក​សិទ្ធិនោះទៅវិញ? ដើម្បីបង្ខំឲ្យអ្នក នៅក្រោមបង្គាប់បង្ហាញ នូវភាពស្មោះត្រង់ដោយងងឹតងងុល លោក សម រង្ស៊ី បានប្រើវិធីគំរាម ដោយលាបពណ៌ដល់អ្នកដែលមានបំណងសុំសិទ្ធិធ្វើនយោបាយមកវិញនោះថា ជាជនក្បត់បក្សនិងលក់ក្បាលឲ្យបក្សកាន់អំណាច ទៅវិញ។ តាមពិតទៅ បើនៅក្នុងយុទ្ធសាស្ត្រកងទ័ពវិញ ក្នុងស្ថានភាពដែលកំពុងជាប់កុនដូចជាអតីតបក្សសង្គ្រោះជាតិបច្ចុប្បន្ន មេទ័ពត្រូវតែមានភាពឈ្លាសវៃ​ក្នុងការដោះស្រាយបញ្ហា ពោលគឺត្រូវបែងចែកកងទ័ពថាតើក្រុមណាត្រូវចេញតាមច្រកណា? មានអ្នកខ្លះត្រូវចេញតាមច្រកស្តាំ អ្នកខ្លះតាមច្រកឆ្វេង អ្នកខ្លះទៀតនៅយាមបន្ទាយដើម្បីការពារសុវត្ថិភាព មេ។ ប៉ុន្តែ សម រង្ស៊ី បែរជាខំរារាំងឲ្យកូនទាហាននៅការពារគាត់ទាំងអស់​ដោយត្រូវបង្ហាញនូវ​ភាពស្មោះត្រង់ថា ត្រូវស្លាប់ជាមួយគាត់។
បញ្ហាសំខាន់បំផុតគឺ គាត់មិនទុកចិត្តកូនទាហានរបស់គាត់ ខ្លាចក្រែងពួកគេចេញទៅ បែរជាក្បត់នឹងគាត់​ទៅវិញ? នេះឯងហើយជាឬសគល់នៃនយោបាយលាបពណ៌របស់ សម រង្ស៊ី។ក្រៅពីតម្រាពិជ័យ សង្គ្រាម ក៏មានឧទាហរណ៍ជាក់ស្តែងមួយដែលយើងគួរសិក្សាទៀតដែរ នោះគឺករណីក្មេង ១២ នាក់ និងគ្រូបង្វឹកម្នាក់ដែលជាប់ក្នុងរូងភ្នំក្នុងប្រទេសថៃដែលធ្វើឲ្យផ្អើលពិភពលោកកាលពីពេលថ្មីៗនេះ។
កាលណោះ ប្រសិនបើក្រុមអ្នកជួយសង្គ្រោះ ឬគ្រូបង្វឹក មានគំនិតដូច សម រង្ស៊ី ម្ល៉េះសមត្រូវស្លាប់ទាំង​អស់គ្នានៅក្នុងរូងភ្នំបាត់ទៅហើយដើម្បីសម្តែងនូវភាពស្មោះត្រង់ស្លាប់រស់ជាមួយគ្នាដោយងងឹតងងុល។ ប៉ុន្តែ ដោយភាពឈ្លាសវៃរបស់ក្រុមអ្នកជួយ សង្គ្រោះ និងគ្រូបង្វឹក គេបានសម្រេចចិត្តដ៏ត្រឹមត្រូវគឺ​បញ្ជូនចេញមួយ​​ក្រុមម្តងៗ ដែលមានគ្នាពីរឬបីនាក់ ហើយមេក្រុមសុខចិត្តនៅក្រោយគេឲ្យតែកូនក្រុមបានចេញមុន ពីព្រោះក្នុងស្ថានភាពបែបនេះគេមិនអាច បញ្ជូនចេញម្តងទាំងអស់គ្នាបាននោះទេ។ គឺវាមិនខុសអ្វីពី​ស្ថានភាពដែលលោក សម រង្ស៊ី និងក្រុមរបស់គាត់ជួបប្រទះនៅពេលនេះទេ។ ច្រកទ្វារមាន ហើយ តែបែរជាមេក្រុមចង់ឲ្យកូនក្រុមទាំងអស់នៅថប់ដង្ហើមស្លាប់ជាមួយគាត់ដោយមិនព្រមឲ្យមានអ្នកណាចេញមុនគាត់ ទេពីព្រោះតែខ្លាចចេញពីរូងហើយបែរជាក្បត់ជាមួយគាត់ទៅវិញ។ គំនិតអាត្មានិយមបែបនេះពិតជា​គ្រោះថ្នាក់ខ្លាំងណាស់ គឺទីបំផុតនឹងត្រូវស្លាប់ទាំងអស់គ្នា។
សម រង្ស៊ី ក៏បានទទួល មេរៀនពីនយោបាយតឹងត្អឹងរបស់គាត់គ្រប់គ្រាន់ហើយដែរ។ ជាក់ស្តែង នយោបាយ «មានស៊ី អត់សែន និងមានសែន អត់ស៊ី» បានផ្តល់ជូនគាត់វិញ និងក្រុមរបស់គាត់ នូវលទ្ធផលដ៏ជូរចត់ គឺគ្មានកន្លែងឈរជើងសម្រាប់ធ្វើនយោបាយនៅក្នុងស្រុកខ្មែររហូតដល់សព្វថ្ងៃ។ ទោះយ៉ាងណា គាត់នៅតែមិនភ្ញាក់ខ្លួន។
សរុបមកវិញ គេអាចមើលឃើញយ៉ាងច្បាស់ថាទី១៖ លោក សម រង្ស៊ី ជាមេដឹកនាំនយោបាយដែលយល់តែ​ពីអារម្មណ៍ខ្លួនឯង និងមិនដែលស្វែងយល់ពីអ្នកដទៃទេ។ នេះគឺជាប្រភពនៃការបែកបាក់ និងបរាជ័យនិង ទី២៖ សម រង្ស៊ី ជាមេដឹកនាំនយោបាយដែលខ្វះភាពឈ្លាសវៃ និងភាពទន់ភ្លន់ដែលតែងនាំកូនចៅ​ឲ្យជួប​គ្រោះថ្នាក់ និងក៏ជាប្រភពនៃនយោបាយលាបពណ៌ដ៏គ្រោះថ្នាក់។ហេតុដូច្នេះហើយបានជា​គណបក្សរបស់​គាត់​តែងជួបការបែកបាក់ជានិច្ច។ បើនិយាយពីយុទ្ធសាស្ត្រទ័ពវិញគំនិតរបស់លោក សម រង្ស៊ី គឺបើដឹងថា​គាត់ត្រូវស្លាប់ហើយ គាត់នឹងអូសទាញកូនចៅទាំងអស់ឲ្យស្លាប់ជាមួយគាត់។ អ្នកណាមិនព្រមស្លាប់គឺក្បត់។ នេះហើយដែលគេហៅថា ជាការ បង្ហាញភាពស្មោះត្រង់ទាំងងងឹតងងុល និងដោយតឹងត្អឹងនោះ! ហើយយុទ្ធសាស្ត្រ ដ៏គ្រោះថ្នាក់នេះក៍កំពុងត្រូវបានអនុវត្តដោយលោក សម រង្ស៊ី ។ ដូច្នេះ បើកែបានក៏កែទៅក្រែងមានក្រឡាដើរទៅមុខនឹងគេ ៕
ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

No comments:

Post a Comment