Tuesday, December 11, 2018

លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី សម្លាប់ព្រលឹងអតីតបក្សសង្គ្រោះជាតិ គឺជានយោបាយអត្តឃាត!

ការបំបែកអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិជាពីរបំណែកគឺជាកំហុសឆ្គងដ៏ធំធេងប៉ុនម​ហាមេឃរបស់លោក សម រង្ស៊ី ក្នុងឆាកជីវិតរបស់ខ្លួន។ សម្រាប់អ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិ នេះគឺជាកំហុសដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាតមិនថាជាតិនេះ ឬជាតិក្រោយឡើយ។ សម្រាប់អ្នកគាំទ្រអតីបក្សសង្គ្រោះជាតិក៏ដូចជាអ្នកតាមដាននយោបាយនៅកម្ពុជាដែរ លោក សម រង្ស៊ី ម្នាក់ឯងគ្មានទម្ងន់សូម្បីតែបន្តិចឡើយទៅលើរាជរដ្ឋាភិបាលដឹកនាំដោ​យបុរសខ្លាំងកម្ពុជាពីព្រោះមួយជីវិតរបស់ខ្លួន សម រង្ស៊ី គ្មានយុទ្ធសាស្ត្រ គ្មានភាពឈ្លាសវៃអ្វីបន្តិចសោះក្នុងការដឹកនាំបក្សនយោបាយក្រៅតែពីការបញ្ឆេះកំហឹងប្រជាពលរដ្ឋឲ្យស្អប់រដ្ឋាភិបាល និងការប្រើសម្តីញុះញង់ប្រឆាំងជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យគេមើលឃើ​ញ​ថា ខ្លួនក្លាហាន។ ប៉ុន្តែ បើមើលឲ្យជ្រៅជាងនេះ សម រង្ស៊ី ជាខ្លាក្រដាសសុទ្ធសាធ ឬហៅម្យ៉ាងទៀតថា ជាអ្នកនយោបាយគង់ហ៊ានដែលបន្លំភ្នែកគេតែប៉ុណ្ណោះ។ ដូច្នេះហើយបានជាអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិផ្តល់តម្លៃខ្លាំងទៅលើការរួបរួមគ្នាជាមួយលោក កឹម សុខា ដែលគេចាត់ទុកថា ជាព្រលឹងរបស់ក្រុមប្រឆាំង។ ប៉ុន្តែគួរឲ្យសង្វេគជាពន់ពេក ព្រលឹងនេះត្រូវបានលោក សម រង្ស៊ី សម្លាប់បាត់ទៅហើយកាលពីថ្ងៃទី២ ធ្នូ ២០១៨ នៅអាត្លង់តា សហរដ្ឋអាមេរិក។
ដើម្បីបិទបាំងកំហុសរបស់ខ្លួន សម រង្ស៊ី ក្រោយដឹកនាំធ្វើបក្សប្រហាររួចមក ក៏នៅតែប្រើពាក្យថា សម រង្ស៊ី និង កឹម សុខា គឺជាមនុស្សតែមួយ។ ប៉ុន្តែតើ សម រង្ស៊ី អាចបោកអ្នកណាបានទៀ​ត​? បើគាត់បានបំបែកលោក កឹម សុខា ពីខ្លួនគាត់បាត់ទៅហើយតាមរយៈបក្សប្រហារដ៏សាហា​វ និងដោយបំពានទាំងស្រុងទៅលើលក្ខន្តិកៈអតីតបក្សសង្គ្រោះជាតិ។ មានសំណួរជាច្រើនដែលគេអាចចោទសួរអំពីគោលបំណងរបស់ លោក សម រង្ស៊ី ដែលសម្រេចចិត្តធ្វើបក្សប្រហា​រដណ្តើមអំណាចរួចហើយែរជាមកនិយាយថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ?
ចំណោទនៅត្រង់ថា ប្រសិនបើ សម រង្ស៊ី ចង់រក្សាចំណងអាពាហ៍ពិពាហ៍ដោយបង្ខំជាមួយលោ​​ក កឹម សុខា គាត់គួរតែរិះរកវិធីល្អជាងនេះតាមរយៈការពិភាក្សាគ្នាជាមួយក្រុមអ្នកគាំទ្រលោក កឹម សុខា ដើម្បីរកច្រកចេញរួមគ្នាមួយ។ ប៉ុន្តែ សម រង្ស៊ី បែរជាជ្រើសរើសយកជម្រើសដ៏អាក្រក់មើលបំផុតគឺជម្រើសបក្សប្រហារដណ្តើមអំណាចដោយបំពានទាំងស្រុងទៅលើលក្ខន្តិកៈដែលខ្លួនបានព្រមព្រៀងជាមួយលោក កឹម សុខា។ ដល់ពេលធ្វើបក្សប្រហាររួចហើយទើប លោក សម រង្ស៊ី ចាត់ឲ្យ មួរ សុខហួរ ដែលជាមនុស្សជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រថា ជាអ្នកឃុបឃិតធ្វើបក្សប្រហារនេះដើរតួជាអ្នកសម្របសម្រួលជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីតបក្សសង្គ្រោះជាតិដែលក្នុងនោះក៏មានគាគីអ្នកគាំទ្រលោក កឹម សុខា ដូចជាកញ្ញា កឹម មនោវិទ្យា លោក ប៉ុល ហំម និងលោក យ៉ែម ប៉ុញ្ញឬទ្ធិ ជាដើម។ ប្រសិនបើសម រង្ស៊ី ចង់សម្រ​បសម្រួលមែន ម្តេចមិនធ្វើមុនបក្សប្រហារទៅ? នេះសបញ្ជាក់ថា អ្វីដែលលោក សម រង្ស៊ី ធ្វើនេះគឺជាយុទ្ធសាស្ត្របន្លំភ្នែកដោយខំដើរតួជាអ្នកចិត្តល្អ តែតាមពិតគាត់ជាតោកំណាចពាក់ស្បែកចៀមទេតើ។
មានវិធីច្រើនយ៉ាងណាស់ដែលភាគីទាំងពីរអាចធ្វើការជាមួយគ្នាបាន ប៉ុន្តែ សម រង្ស៊ី និងបក្ខពួ​កបែរជាជ្រើសយកជម្រើសបក្សប្រហារដ៏អាក្រក់មើលបំផុតទៅវិញ។ ម្យ៉ាងទៀត លោក ស​ម រង្ស៊ី និងបក្ខពួកពិតជាបានឃើញហើយសាររបស់លោក កឹម សុខា តាមរយៈមេធាវីក្តី និងតាមរយៈហ្វេសប៊ុកផ្ទាល់របស់លោក កឹម សុខាក្តី ឬតាមរយៈកូនស្រីរបស់លោក កឹម សុខា ក្តី ដែលបដិសេធមិនទទួលស្គាល់អ្វីដែលគេហៅថា សន្និសីទពិភពលោករៀបចំដោយលោក ស​ម រង្ស៊ី​។ ប៉ុន្តែ លោក សម រង្ស៊ី បានបដិសេធចោលទាំងស្រុងសំឡេងរបស់លោក កឹម សុខា និងអ្នកគាំទ្រលោក កឹម សុខា។ តើនេះមិនមែនជាការដណ្តើមអណាចទេឬ? ឥឡូវនេះលោក សម រង្ស៊ី បានអំណាចខ្មោច និងកៅអីខ្មោចមកអង្គុយហើយ គឺគាត់ជាមេដឹកនាំខ្មោចបក្សសង្គ្រោះជាតិ។ អ្វីដែលគាត់សង្ឃឹមគឺការប្រោសឲ្យខ្មោចដែលគាត់បានសម្លាប់ទាំងព្រលឹងបាត់ទៅហើយនេះឲ្យរស់ឡើងវិញ? តើរស់ឡើងវិញយ៉ាងដូចម្តេចបើគាត់បានបំបែកសាកសពជាពីរបំណែក និងបានផ្តាច់ទាំងវិញ្ញាណបាត់ទៅហើយហ្នឹង? សូម្បីតែកូនក្មេងបៀមដៃក៏អាចយល់បានដែរថា លោក សម រង្ស៊ី កំពុងកុហកលើគោក។
ឥឡូវនេះ ខ្មោចបក្សសង្គ្រោះជាតិស្លាប់ទាំងវិញ្ញាណទៅហើយដោយមិនអាចរកកន្លែងចាប់ជា​តិបានឡើយកុំថាឡើយអាចរស់ឡើងវិញ។ ប៉ុន្តែ បើនិយាយពីជីវិតនយោបាយរបស់លោក ស​ម រង្ស៊ី និងលោក កឹមសុខា គឺលោក កឹម សុខា ជាអ្នកឈ្នះក្នុងល្បែងនេះ។ គឺឈ្នះដោយភាពអត់ធ្មត់របស់គាត់ដែលមិនជាប់ឈ្មោះជាអ្នកបំបែកបំបាក់ក្រុមប្រឆាំង។ ចំណែក សម រង្ស៊ី វិញគឺជាអ្នកចាញ់យ៉ាងធ្ងន់ធ្ងរបំផុត ចាញ់ហៅលែងលឺ។ សម រង្ស៊ី ជាប់ឈ្មោះជាអ្នកបំបែកក្រុមប្រឆាំងជាអ្នកសម្លាប់ព្រលឹងរបស់ខ្មោចបក្សសង្គ្រោះជាតិ និងជាអ្នកនយោបាយដែលជួបបរា​ជ័យរហូតក្នុងមួយជីវិត។ នេះជាបទពិសោធន៍ប្រវត្តិសាស្ត្រដែលក្រុមអ្នកគាំទ្រលោក កឹម សុខា ត្រូវចោះត្រចៀកដើម្បីជាការចងចាំកុំឲ្យភ្លេច។ ពីពេលនេះតទៅ មានតែការចាប់ផ្តើមគណបក្សរៀងៗខ្លួនឡើងវិញទេដែលជាមធ្យោបាយល្អបំផុតសម្រាប់ការបន្តអាជីពនយោបាយទៅមុខទៀត។
ចំណងអាពាហ៍ពិពាហ៍រវាងអ្នកដែលមានសារជាតិខុសគ្នាទាំងស្រុងដូចលោក សម រង្ស៊ី និងលោក កឹម សុខា នេះមិនអាចបន្តបានយូរជាដាច់ខាត ពោលគឺទឹកនិងប្រេងពិតជាមិនអាច​រ​លា​យចូលគ្នា បានឡើយបើទោះបីជាពេលខ្លះសារធាតុរាវទាំងពីរនេះអាចបន្លំភ្នែកគេបានមួយភ្លែតថាវាអាចចុះសម្រុងគ្នាបានក៏ដោយ។ ប៉ុន្តែ នៅពេលដែលទឹកស្ងប់ ប្រាកដណាស់ថា ទឹកនៅដោយទឹក ប្រេងនៅដោយប្រេង។ អ្វីដែលគួរចងចាំម្យ៉ាងទៀតនោះគឺ ទឹក និងប្រេង បើកា​លណាច្របល់ចូលគ្នាហើយ គឺវាខូចគុណភាពទាំងស្រុងពោលគឺ ទឹកក៏មិនអាចយកទៅផឹកបាន រីឯប្រេងក៏មិនអាចយកទៅប្រើបានទៀតដែរ។ នេះជាកត្តាសត្យានុម័តដែលគេមិនអាចប្រកែកបានឡើយ។ យ៉ាងណាមិញ លោក សម រង្ស៊ី ដែលខំសម្លាប់ព្រលឹងខ្មោចបក្សសង្គ្រោះជាតិ ដើម្បីដណ្តើមអំណាចខ្យល់មកវិញនោះក៏មិនខុសពីប្រេងដែលហៀរចូលទឹកឡើយពោ​លគឺមិនត្រឹមតែមិនអាចប្រើប្រាស់បានប៉ុណ្ណោះទេ ប៉ុន្តែ បើគេយកវាទៅចាក់ចោលលើស្មៅនាំឲ្យងាប់ស្មៅថែមទៀត។ នេះហើយដែលហៅថា នយោបាយអត្តឃាត។ គតិបណ្ឌិតដែលគេអាចទាញចេញពីសាច់រឿងនេះគឺ មនុស្សដូច សម រង្ស៊ី កុំយកខ្លួនបៀត បើអ្នកណាហ៊ានបៀតនឹងនាំអន្តរាយដល់ខ្លួនជាមិនខាន ដូចសុភាសិតបូរាណខ្មែរយើងពោលថា «ឈើកោងវល្លិ៍ព័ទ្ធ មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត»៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

No comments:

Post a Comment