Monday, October 01, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញ ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យលើទឹកដីអាមេរិក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់កម្ពុជាវិញហើយ នៅវេលាម៉ោង៣ និង៤៥នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ ក្រោយបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ នៅលើទឹកដីសហរដ្ឋាអាមេរិក។
គួររំលឹកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូ ហោះចេញពីប្រទេសកម្ពុជាទៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។
នៅលើទឹកដីអាមេរិក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឡើងថ្លែងសេចក្តីថ្លែងការណ៍នៅទីស្នាក់ការអង្គការសហប្រជាជាតិ ដោយបានលើកបង្ហាញពីវឌ្ឍនភាពរបស់ជាតិកម្ពុជា បញ្ហាបោះឆ្នោត រួមនិងបញ្ហាប្រឈមរបស់ពិភពលោកផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍នោះ លោកនាយករដ្ឋមន្ត្រី បានគូសរំលេចសំខាន់លើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនាពេលបច្ចុប្បន្ន ដែលត្រូវបានប្រទេសមហាអំណាចមួយចំនួន យកធ្វើជាខែល ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។
ក្រៅពីការថ្លែងនូវសេចក្តីថ្លែងការណ៍ក្នុងនាមជាប្រទេសសមាជិក របស់អង្គការសហប្រជាជាតិហើយនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជួបសំណេះសំណាលទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់, នាយករដ្ឋមន្ត្រីប៊ុលហ្ការី, ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន និងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។
បើទោះបីការបំពេញបេសកកម្មលើទឹកដីអាមេរិកនាពេលនេះ មានសភាពមមាញឹកយ៉ាងណាក្តី តែដោយសារក្តីនឹករលឹកចំពោះបងប្អូនខ្មែរអាមេរិកនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានឆ្លៀតជួបសំណេះសំណាលដោយផ្ទាល់ ជាមួយបងប្អូនខ្មែរប្រមាណជាង ២ពាន់នាក់ ទាំងយប់ផងដែរ។ កាយវិការមេដឹកនាំដែលតែងតែយកចិត្តទុកដាក់ចំពោះខ្មែរ នៅគ្រប់ទីកន្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានការស្វាគមន៍ គោរពស្រឡាញ់ និងគាំទ្រយ៉ាងក្លៀវក្លាពីសំណាក់ខ្មែរនៅអាមេរិកនោះ។
ក្នុងជំនួបនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកបង្ហាញពីការវិវឌ្ឍន៍របស់ជាតិ ទាំងការងារសេដ្ឋកិច្ច សង្គម និងនយោបាយ។ ជាពិសេសលោកបានរំលឹកពីការតាំងចិត្ត និងគោលនយោបាយអាទិភាពមួយចំនួន របស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលកំពុងយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍជាតិឲ្យកាន់តែរីកចម្រើន។

ជារួមមកដំណើរបេសកកម្មរបស់លោក លើទឹកដីសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា ជាការលើកកិត្តិនាម និងកិត្តិស័ព្ទរបស់ជាតិនៅលើឆាកអន្តរជាតិ ហើយក៏ត្រូវបានគេចាត់ទុកជាដំណើរមួយដែលនាំមកនូវកិត្តិយស និងមោទនភាពខ្ពស់សម្រាប់ជាតិកម្ពុជាទាំងមូលផងដែរ៕






No comments:

Post a Comment