Monday, October 01, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ការវាស់ដីឱ្យដើរនៅអាមេរិក មិនមែនជាការរើសអើងទេ តែជាការការពារសុវត្ថិភាពប្រមុខរដ្ឋនៃប្រទេសមួយ

ឆ្លើយតបនឹងការលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអាមេរិកវាស់ដីឱ្យដើរ នៅពេលលោកទៅដល់ទឹកដីសហរដ្ឋអាមេរិកនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នេះគឺជាការទទួលខុសត្រូវរបស់អាមេរិក ចំពោះសុខសុវត្ថិភាពរបស់លោក។ លោកនាយករដ្ឋមន្ត្រី បានរំលឹកថា សម្រាប់ប្រធានាធិបតីអាមេរិកជំនាន់លោក អូបាម៉ា វិញ នៅពេលមកកម្ពុជា យើងក៏វាស់ដីឱ្យដើរដូចគ្នា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា យើងទទួលខុសត្រូវខ្ពស់ ទៅលើសុវត្ថិភាពរបស់ថ្នាក់ដឹកនាំប្រទេសគេ ពេលមកប្រទេសយើង។ លោកថា ពេលលោកប្រធានាធិបតីអាមេរិក អូបាម៉ា មកកម្ពុជាយើងមើលតាំងពីជណ្តើរឡើង រហូតទៅដល់ទីកន្លែងដែលគាត់ចតរថយន្ត ត្រូវធ្វើវាំងននបាំងព្រោះមិនដឹងថា លោក អូបាម៉ា ជិះឡានមួយណានោះទេ? ដូចនេះពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក អូបាម៉ា មកកម្ពុជា ក៏យើងវាស់ដីឱ្យអូបាម៉ាដើរដែរ។
លោកបានថ្លែងដូចនេះ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅប្រទេសកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនពលរដ្ឋខ្មែរ-អាមេរិកាំង រស់នៅក្នុងសហរដ្ឋអាមេរិក និងបងប្អូនខ្មែរមកពីប្រទេសកាណាដា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សរុបប្រមាណចំនួនជាង ២ពាន់នាក់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ត្រឹមត្រូវណាស់ ដែលអាមេរិកវាស់ដីឱ្យលោកដើរ គឺវាស្របទៅនឹងរដ្ឋអធិបតេយ្យរបស់គេ ព្រោះលោកមិនមែនជាពលរដ្ឋអាមេរិកនោះទេ លោកជាជនជាតិមួយផ្សេង ហើយជាមេដឹកនាំនៃជាតិសាសន៍មួយផ្សេង ដែលនេះជាការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិកចំពោះសុខសុវត្ថិភាពរបស់លោក។ ចំពោះការលើកឡើងបែបនេះ លោកក៏សូមអបអរសាទរចំពោះការយល់ដឹង អំពីអធិបតេយ្យ ហើយជាពិសេសយល់ដឹងអំពីភាពជាអ្នកដឹកនាំ៕







No comments:

Post a Comment