Wednesday, October 31, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ពួកប្រឆាំងបានបង្កើតការភូតកុហក៣ដង ប៉ុន្តែទង្វើរបស់ពួកគេត្រូវបានរលត់រលាយ

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិរី នៅស្រុកមុខកំពូល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ក្រុមប្រឆាំងបានបង្កើតការភូតដល់ទៅ៣ដង ជុំវិញវត្តមានរបស់លោកនៃការដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួមកិច្ចប្រជុំពេញអង្គអង្គការសហប្រជាជាតិ លើកទី៧៣ កាលពីថ្ងៃទី២៧-៣០ ខែកញ្ញា ឆ្នាំ២០១៨។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ពួកគេភូតទី១ថា៖ លោកជាន់ដីសហរដ្ឋអាមេរិកអត់បានទេ។ ប៉ុន្តែទីចុងបំផុត សន្តិសុខរបស់អាមេរិកត្រូវផ្តល់ការការពារពេញលេញសម្រាប់ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់អង្គការសហប្រជាជាតិ ព្រោះជាទឹកដីរបស់អាមេរិក។ អាមេរិកមិនភ្លេចក្នុងការគាំពារសម្រាប់មេដឹកនាំ ទៅប្រជុំនៅអង្គការសហប្រជាជាតិទេ។ ឯទី២គេថា៖ អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ គឺត្រូវបានគេដកហូតរួចស្រេចទៅហើយ (ព្យូអាសនៈនៅអង្គការសហប្រជាជាតិ)។ ការភូតទី៣គេថា៖ អាសនៈមិនត្រូវបានព្យូរទេ ប៉ុន្តែវត្តមានរបស់លោក ហ៊ុន សែន មិនត្រូវអនុញ្ញាត្តឱ្យចូលរួម។
លោកនាយករដ្ឋមន្ត្រីបន្ថែមទៀតថា ការភូតទាំង៣នេះ គឺត្រូវបានរលត់ចោលនៅឯទីក្រុងញ៉ូវយ៉កតែម្តង តាមរយៈវត្តមាននិងសេចក្តីថ្លែងការណ៍នៅឯអង្គការសហប្រជាជាតិរបស់លោក។ ចឹងបានសេចក្តីថា ការភូតជាបន្តបន្ទាប់ ភូតហើយភូតទៀត ភូតប្រចាំថ្ងៃ ភូតប្រចាំអាទិត្យរឺក៏ភូតប្រចាំម៉ោង អានេះគេហៅថាភូតច្រើន-ច្រើនចាញ់អាត្មា ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថាជាមួយគ្នានេះ មហាបាតុកម្មរបស់គេដែលរៀបចំដើម្បីប្រឆាំងនិងរូបលោកនៅទៅនោះ គឺមានចំនួនតិចតួចណាស់ បើប្រៀបធៀបនិងអ្នកដែលមកចូលរួមទទួលស្វាគមន៍រូបលោក។ លោកថាពេលនោះ មានបាតុកម្ម២គេដាក់នៅក្បែរគ្នា មួយអ្នកគាំទ្រ មួយទៀតអ្នកប្រឆាំង។ ស្ថានភាពនេះគឺបង្ហាញឱ្យឃើញពីចរឹកនៃមេដឹកនាំដែលនិយមបោកប្រាស់ ប៉ុន្តែវត្តមានរបស់ ហ៊ុន សែន មានការចាំបាច់ និងពិសេសណាស់សម្រាប់តំណាងឱ្យជាតិ៕




No comments:

Post a Comment