Thursday, August 30, 2018

នៅព្រឹកថ្ងៃទី៣០នេះ តុលាការបើកសវនាការ សម្រេចពន្យារពេល ឬបន្តឃុំខ្លួន លោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង

នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះ ឬអាចហៅថាសវនាការតូចមួយ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដើម្បីសម្រេចថា ពន្យារពេល ឬបន្តឃុំខ្លួនលោក កឹម សុខា បន្តទៀត បន្ទាប់ពីការពន្យារពេលឃុំខ្លួនលើកទី១ជិតដល់ថ្ងៃកំណត់។
កាលពីខែមីនា ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តឃុំខ្លួន លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ជាបណ្តោះអាសន្នរយៈពេល៦ខែទៀត ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម​ចំពោះបទល្មើសរបស់លោក។
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា សវនាការដែលត្រូវចាប់ផ្តើមក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំនេះ ដឹកនាំដោយ ចៅក្រមជំនុំជម្រះ លោក គី ប្ញទ្ធី ហើយមានលោក សៀង សុខ ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ។
ដោយឡែកមេធាវីម្នាក់របស់ លោក កឹម សុខា បានបញ្ជាក់ឱ្យដឹងផងដែរថា មេធាវីទាំង ៤នាក់ ដែលការពារក្តីឲ្យលោក កឹម សុខា ក៏នឹងត្រូវមានវត្តមានក្នុងសវនាការក្នុងពន្ធនាគារនេះផងដែរ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់អាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ»។ លោកត្រូវបានតុលាការបញ្ជូនទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។ បើតាមក្រមព្រហ្មទណ្ឌកម្ពុជា សន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ។

ការចាប់ខ្លួន លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយនូវវីដេអូរបស់លោក ដែលសារភាពអំពីការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដោយយកលំនាំតាមប្រទេសស៊ែបប៊ី និងយូហ្គោស្លាវី ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជាអំពើក្បត់ជាតិ ៕

No comments:

Post a Comment