Thursday, August 30, 2018

រដ្ឋមន្ត្រីការបរទេសឥណ្ឌា បង្ហាញការកោតសរសើរថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សទាំងផ្នែកទន់ និងផ្នែករឹង

នៅវិមានសន្តិភាព រសៀលថ្ងៃពុធទី២៩ ខែសីហា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទទួលជួប លោកស្រី ស៊ុសម៉ា ស្វារ៉ាច (Sushma Swaraj) រដ្ឋមន្ត្រីការបរទេសឥណ្ឌា។ នៅក្នុងជំនួបនេះ លោកស្រី បានសម្តែងនូវការអបអរសាទរ ចំពោះលទ្ធផលបោះឆ្នោតរបស់កម្ពុជា នាពេលកន្លងទៅថ្មីៗ។ លោកស្រីបានមានប្រសាសន៍ថា ឥណ្ឌាបានបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតជាច្រើននាក់មកកាន់កម្ពុជា ហើយបានឃើញនូវដំណើរការបោះឆ្នោតមួយដែលមានភាពសេរី យុត្តិធម៌ និងគ្មានអំពើហឹង្សា។ លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌា បានសង្កេតឃើញផងដែរថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សទាំងផ្នែកទន់ និងផ្នែករឹង។
លើសពីនោះទៅទៀត លោកស្រី បានគូសបញ្ជាក់ថា កម្ពុជាក៏ទទួលបានជោគជ័យជាស្ថាពរ នូវក្នុងការសម្រេចគោលដៅសហសវត្ស ក្នុងរយៈពេលដ៏ខ្លីបំផុត។ លទ្ធផលទាំងនេះ គឺឆ្លុះបញ្ចាំងពីជំនឿទុកចិត្ត និងលទ្ធផល នៃការបោះឆ្នោត របស់ប្រជាជនជូនគណបក្សប្រជាជនកម្ពុជា។ លោកស្រីក៏បានជម្រាបជូន អំពីកិច្ចពិភាក្សាជាមួយនិងលោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ អំពីគម្រោងនៃការហោះហើរត្រង់ ពីឥណ្ឌាមកកាន់កម្ពុជា និងគម្រោងទទួលផលឆាប់រហ័សផងដែរ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកស្រីដែលបានអបអរសាទរ លទ្ធផលនៃការបោះឆ្នោតកម្ពុជា ហើយក៏បានជម្រាបជូនយ៉ាងសង្ខេប ពីដំណើរការបោះឆ្នោត និងប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលឥណ្ឌា ដែលតែងតែជួយដល់កម្ពុជាកន្លងមក តាមរយៈការផ្តល់ជំនួយ ជាពិសេសនៅពេលដែលកម្ពុជា ទើបតែរំដោះចេញពី របបប្រល័យពូជសាសន៍ ប៉ុលពត ប្រទេសឥណ្ឌា គឺជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យមួយ ដែលទទួលស្គាល់កម្ពុជាដំបូងគេបង្អស់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្តែងនូវការស្វាគមន៍ លើកិច្ចពិភាក្សារបស់លោកស្រីជាមួយនិងឯកឧត្តមរដ្ឋមន្ត្រីការបរទេសអំពីការហោះហើរត្រង់ និងគម្រោងទទួលផលរហ័ស។ លោកបានមានប្រសាសន៍ថា គម្រោងទទួលផលរហ័សនេះ គឺជួយដោះស្រាយត្រង់ដល់ប្រជាជនកម្ពុជាតែម្តង ជាពិសេសនៅពេលដែលកម្ពុជា កំពុងមានគ្រោះទឹកជំនន់ ដូចពេលបច្ចុប្បន្ននេះ។ គម្រោងនេះ អាចជួយក្នុងការស្តារអណ្តូងទឹក,ការផ្តល់គ្រាប់ពូជ និងការជួសជុលសាលារៀន មន្ទីរពេទ្យជាដើម ដែលបានទទួលរងគ្រោះទឹកជំនន់នោះ៕





No comments:

Post a Comment