Thursday, August 09, 2018

ក្រោយការបោះឆ្នោត រដ្ឋមន្រ្តីការបរទេស២រូប ផ្តើមបំពេញទស្សនកិច្ចមុនគេបង្អស់

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃនេះ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស២រូប រួមមានប្រទេសវ៉ូវ៉ាដា និងសាធារណរដ្ឋហ្គីណេ នៅតំបន់អាហ្វ្រិក បានផ្តើមបំពេញ​ទស្សន​កិច្ចជាផ្លូវការនៅកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ។
នេះគឺជាទស្សនកិច្ចមុនគេបង្អស់របស់ប្រមុខការទូតបរទេស ដែលមកកាន់ប្រទេសកម្ពុជា នៅក្រោយការ​បោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ដែលលទ្ធផលបឋមបង្ហាញថា គណបក្សប្រជាជនកម្ពុជា នឹងបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជាតទៅទៀត។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា លោកស្រី ល្វីស មុស៊ីគីវ៉ាបូ រដ្ឋមន្ត្រីការបរទេស កិច្ចសហប្រតិបត្តិការ និងសហគមន៍អាហ្វ្រិកបូព៌ា នៃសាធារណរដ្ឋវ៉ូវ៉ាដា និងលោក ម៉ាម៉ាឌី ទូរ៉េ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្គីណេ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា នឹងជួបពិភាក្សាការងារ​ជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែសីហានេះ។
កិច្ចប្រជុំនេះ នឹងផ្តោតទៅលើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអង្គការក្រុមប្រទេសនិយាយភាសាបារាំង និងការស្វែងយល់ការគាំទ្ររបស់កម្ពុជា ចំពោះបេក្ខភាពលោកស្រី ល្វីស មុស៊ីគីវ៉ាបូជាអគ្គលេខាធិការអង្គការ​ក្រុមនិយាយភាសាបារាំង ដែលការបោះឆ្នោតនឹងប្រព្រឹត្តទោនៅថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨​ខាងមុខនេះ នៅប្រទេសអាម៉េនី។
សូមបញ្ជាក់ថា ក្រៅពីបំពេញទស្សនកិច្ចនៅកម្ពុជា លោកស្រី ល្វីស មុស៊ីគីវ៉ាបូ និងលោក ម៉ាម៉ាឌី ទូរ៉េ បានផ្តើមបំពេញទស្សនកិច្ចនៅក្នុងប្រទេសនិយាយភាសាបារាំងនៅឥណ្ឌូចិនដូចជា៖ ឡាវ និងវៀតណាម ដើម្បីស្វែងរកគាំទ្រសម្រាប់បេក្ខភាពជាអគ្គលេខាធិការនៃក្រុមប្រទេសនិយាយភាសាបារាំង ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដូចខាងក្រោម៖




No comments:

Post a Comment