Thursday, August 09, 2018

ច្បាស់ហើយ! សភានីតិកាលទី៦នឹងចេញរូបរាង នៅថ្ងៃទី៥ ហើយរដ្ឋាភិបាលថ្មី នឹងកើតនៅថ្ងៃទី៦ខែកញ្ញា

ខេត្តកំពង់ស្ពឺ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល បានប្រកាសជាសាធារណះថា គណៈរដ្ឋមន្ត្រីអាណត្តិទី៦ ដែលដឹកនាំក្បាលម៉ាស៊ីនដោយលោកផ្ទាល់ នឹងចាប់ផ្តើមបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូងជាផ្លូវការ នាព្រឹកថ្ងៃសុក្រ ទី៧ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។
លោក ហ៊ុន សែន បានប្រកាសបែបនេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១៤ នៅក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ។
លោក ហ៊ុន សែន បានបញ្ជាក់បន្ថែមថា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ខាងមុខនេះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងកោះប្រជុំសភាលើកដំបូង ហើយនៅរសៀលថ្ងៃដដែល សមាជិករដ្ឋសភានឹងចូលស្បថនៅក្នុងព្រះបរមរាជវាំង ដើម្បីចូលកាន់មុខដំណែង។
លោកបានបន្ថែមថា បន្ទាប់មកនៅព្រឹកថ្ងៃទី៦ កញ្ញា នឹងប្រកាសបង្កើតក្បាលម៉ាស៊ីនសភា និង គណៈរដ្ឋមន្ត្រីថ្មីអាណត្តិថ្មីទី៦ ហើយនៅរសៀលសមាជិកសមាជិការគណៈរដ្ឋមន្ត្រីថ្មី ស្បថចូលកាន់តំណែង បន្ទាប់មកនៅព្រឹកថ្ងៃសុក្រ ទី៧កញ្ញា គណៈរដ្ឋមន្ត្រីថ្មី ចាប់ផ្តើមបើកសម័យប្រជុំពេញអង្គរបស់ខ្លួនជាផ្លូវការ ក្រោមអធិបតីភាពលោកផ្ទាល់ជានាយករដ្ឋមន្ត្រី សំរាប់អាណត្តិទី៦។

លោក ហ៊ុន សែន ថ្លែងថា គណៈរដ្ឋមន្ត្រីអាណត្តិថ្មីនេះ និងធ្វើកិច្ចការងារទ្វេរដង និងកាន់តែសកម្ម និងប្រសិទ្ធិភាពជាងមុន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៩ កក្កដា ២០១៨ ដើម្បីលោកបានបន្តដឹកនាំនាវាកម្ពុជា អោយកាន់តែរីកចម្រើន ជាមួយសុខសន្តិភាព រួមនឹងការអភិវឌ្ឍសង្គមជាតិ ជាមួយកំណើនសេដ្ឋកិច្ចកាន់តែរឹងមាំ៕







No comments:

Post a Comment