Saturday, July 07, 2018

ប្រសាសន៍​សំខាន់ៗរ​បស់​សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង​ឱកាស​បើក​យុទ្ធនា​ការឃោសនា​រកសំឡេង​ឆ្នោត​នៅថ្ងៃ​ដំបូង

(ភ្នំពេញ)៖ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដោយផ្ទាល់ក្រោម​ការចូល​រួមពី​សមាជិក សមាជិកា ជាង៥ម៉ឺននាក់។
ជាមួយការចេញបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែង​សុន្ទរកថា​គន្លឹះ ក៏ដូចជាប្រកាសដាក់ចេញនូវគោលនយោបាយដឹកនាំ និង​អភិវឌ្ឍន៍​ជាតិ​សំខាន់ៗ​មួយ​ចំនួន​នៅពេលគណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល។
ការចេញបើកយុទ្ធនាការរកសំឡេងឆ្នោតរបស់ប្រមុខបក្សកាន់អំណាច មានការផ្សាយ​ផ្ទាល់​នៅគ្រប់​ស្ថានីយ​​ទូរទស្សន៍ទាំងអស់ លើកលែងតែទូរទស្សន៍ជាតិ ជាមួយនឹងបណ្តាញផ្សព្វផ្សាយធំៗដទៃទៀត រួម​ទាំង​Facebook Page Win Win ផងដែរ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន
* សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រកាសថា​ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាជន
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានការពារប្រជាជនទប់ស្កាត់ មិនឱ្យ របប​ប្រល័យពូជសាសន៍ត្រឡប់មកវិញ និងបានស្តារអភិវឌ្ឍសេដ្ឋកិច្ច ជាជំហានៗ រហូតមាន​ការ​អភិវឌ្ឍ​លើគ្រប់វិស័យនាពេលបច្ចុប្បន្ន។ គណបក្ស បានខិតខំរហូតមានសន្តិភាពពេញលេញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចលនាបដិវត្តន៍ពណ៌ ដឹកនាំដោយអតីតគណបក្សប្រឆាំង ដោយ​មានបរទេសនៅពីក្រោយត្រូវបានរារាំងទាន់ពេលវេលា។ CPP បាន​បញ្ចៀ​សប្រទេស​មិនឱ្យធ្លាក់​ក្នុង​គ្រោះ​មហន្តរាយជាថ្មី ហើយធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា GDP បានកើនដល់ ១៤៣៥ដុល្លារនៅឆ្នាំ២០១៧ ហើយ​រំពឹង​ថា ​នឹងបន្តកើនដល់ ១៥៦០ដុល្លារ នៅដំណាច់ឆ្នាំ២០១៨នេះ។
* សម្តេចតេជោ ហ៊ុន សែន៖ ប្រាក់បៀវត្សមន្រ្តីរាជការបានកើនឡើងជាបន្តបន្ទាប់ ប្រាក់​សោធ​និវត្តន៍​ក៏បាន​កើនឡើង ហើយប្រាក់ឈ្នួលរបស់កម្មករ នៅក្នុងវិស័យកាត់ដេរ និងស្បែកជើង ក៏បាន​កើន​ឡើង​ផងដែរ ក្រោមគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រោមការដឹកនាំរបស់ CPP បានធ្វើឱ្យចំណូលកសិករ អាជីវករ កើន​ឡើង​ខ្ពស់ ហើយបងប្អូនកម្មករក៏ទទួលបាននូវការលើកកម្ពស់ជា បន្តបន្ទាប់ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ការយក​ពន្ធមួយចំនួនត្រូវបានលុបចោល ក្នុងនោះរួមមានការលុបចោលការ យកពន្ធលើដីស្រែ ការ​យក​ពន្ធ​លើការលក់ដូរកញ្ច្រែងកញ្ជើល្អ រួមទាំងការលុបចោលការយកពន្ធលើផ្នែកមួយចំនួនទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលទាំងអស់នាពេលបច្ចុប្បន្ននេះ សបញ្ជាក់ឱ្យឃើញថា កម្ពុជា​ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កំពុងដើរលើផ្លូវត្រូវ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីជាង២០ឆ្នាំមុន កម្ពុជា​ជាប្រទេស​ដែល​ទទួល​ទាហាន​មួកខៀវរបស់ UN ឥឡូវ កម្ពុជាក្លាយជាប្រទេសដែលបញ្ជូនកងកម្លាំងរ​បស់ខ្លួន ទៅចូល​រួម​ក្នុងសកម្មភាពរក្សាសន្តិភាព ជាមួយ UN។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាពីមុនអន់ថយខាងសេដ្ឋកិច្ច ក្រីក្រ និងអសន្តិសុខស្បៀង តែ​ឥឡូវជាប្រទេសដែលនាំស្បៀងចេញជាប្រទេសដែលសម្រេចបានកំណើន សេដ្ឋកិច្ចខ្ពស់ កាត់បន្ថយ​ភាព​ក្រីក្រ និងចាកចេញពីប្រទេសដែលមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យម។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ សមិទ្ធផលដែលបានមកទាំងនេះ គឺបាន​មក​ដោយ​ការ​យក​ជីវិតធ្វើជាដើមទន់ ដែលបានលះបង់ជីវិតដោយយុទ្ធជនគណបក្ស ប្រជាជនកម្ពុជា ជាច្រើននាក់។ យើង​ទាំងអស់គ្នាត្រូវការពារថែរក្សាសមិទ្ធផល និងសន្តិភាពទាំងនេះ ឱ្យបានជាដាច់ខាត មិនឱ្យ​នរណា​មក​បំផ្លិ​ច​បំផ្លាញដាច់ខាត ហើយមិនឱ្យកម្ពុជាមានសង្រ្គាម វិនាសកម្មដូចអតីតកាលឡើយ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋចំពោះការបោះឆ្នោតលើកនេះ គឺជាការសម្រេចចិត្តដើម្បីជ្រើសរើសមេដឹកនាំប្រទេស ប៉ុន្តែបើសម្រេចត្រូវ យើងនឹងរីកចម្រើនបន្តទៀត ប៉ុន្តែបើសម្រេចចិត្តខុស នឹងនាំប្រទេសឱ្យវិលត្រឡប់ថយក្រោយ
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើស្រលាញ់សន្តិភាព និងការអភិវឌ្ឍ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងនាមជាបេក្ខជននាយករដ្ឋមន្រ្តី​ ខ្ញុំសូមសន្យា និងប្តេជ្ញា បើសិនគណបក្សប្រជាជនកម្ពុជា បន្តឈ្នះ ក្នុងការបោះឆ្នោតនេះ ខ្ញុំនឹងដឹកនាំស្ថាប័ននីតិប្រតិបត្តិ ឱ្យសម្រេចបានតាមគោលនយោបាយដែលបានបង្ហាញទាំងនេះ៖
១៖ គោរព និងការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយម និងរាល់សមិទ្ធផល របស់ជាតិឱ្យបានគង់វង្សស្ថិតស្ថិរជានិរន្តរ៍ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការ​គោរព​សិទ្ធិ​មនុស្ស។
២៖ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពយ៉ាយរឹងមាំ មិន​ឱ្យ​កម្លាំង​ណា​មួយ​មក​រំលោភ​បំពាន និងបំផ្លាញបានឡើយ ប្រឆាំង​ដាច់ខាត​ការជ្រៀត​ជ្រែក​របស់​បរទេស​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។
៣៖ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿលឿន ដោយផ្អែកលើច្បាប់ ធានាការ​អនុវត្ត​ច្បាប់ដោយ​ស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប ពលរដ្ឋម្នាក់ៗ មានសិទ្ធិពេញលេញ និងមានភារ​កិច្ច​ចូល​រួម​យ៉ាង​សកម្មក្នុងការកសាង និងការពារមាតុភូមិ។
៤៖ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានា​ឱ្យប្រជាជន​មានជីវភាពរស់នៅយ៉ាងសមរម្យ ថ្លៃថ្នូរ ដោយចាក់ផុតពីភាពក្រីក្រ, ពីគ្រោះអវិជ្ជា, ពីជំងឺត​ម្កាត់​នានា, ពីការកេងប្រវ័ញ្ច និងអំពើហិង្សាគ្រប់រូបភាព។
៥៖ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយ​គ្រប់ប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីជមរុញការអភិវឌ្ឍប្រទេស និងបង្កើន​ការចូល​រួម​យ៉ាង​​សកម្មរបស់កម្ពុជា ក្នុងបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និង​ភពលោក៕
* សម្តេចតេជោ ហ៊ុន សែន សន្យាថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយ CPP ដែល​មាន​សម្តេច​ជា​នាយករ​ដ្ឋមន្រ្តី នឹងរៀបចំកាត់បន្ថយថ្លៃអគ្គិសនី ចាប់ពីឆ្នាំ២០១៩ និង២០២០ ខាងមុខនេះ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី០៦ ដែលដឹកនាំដោយ CPP នឹង​ជំរុញ​កែ​លម្អ​ថែមទៀត នូវការបើកប្រាក់ឈ្នួលរបស់កម្មករ និយោជិត នឹងរៀបចំឱ្យបើករៀងរាល់២សប្តាហ៍ម្តង ចាប់​ពីឆ្នាំ២០១៩តទៅ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អាណត្តិថ្មីនេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ CPP នឹងបើកប្រាក់ខែជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធរៀងរាល់២សប្តាហ៍ម្តង។ សម្រាប់វិស័យឯកជន យើងនឹងជំរុញឱ្យបើក២សប្តាហ៍ម្តងដូចគ្នាដែរ។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីអនុវត្តបាននូវគោលនយោបាយបញ្ចុះតម្លៃអគ្គិសនី រដ្ឋលះ​បង់ចំណូលពន្ធ៤០លានដុល្លារ ក្នុង១ឆ្នាំ ដែលវិធានការសម្រួលដល់ជីវភាពប្រជាជន និងជួយ​លើក​កម្ពស់ភាពប្រកួតប្រជែង ក្នុងការទាក់ទាញវិនិយោគនៅក្នុងប្រទេស។
* ក្រោយបង្ហាញសារនយោបាយ ដ៏គួរឱ្យចាប់អារម្មណ៍ សម្តេចតេជោ ហ៊ុន សែន អំពាវ​នាវ​ឱ្យ​ប្រជា​ពល​រដ្ឋទាំងអស់ ទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ហើយ​បោះ​ឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជាឈ្នះ ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាឈ្នះ !
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសារនយោបាយ ក្នុងថ្ងៃបើកយុទ្ធនការឃោសនាបោះឆ្នោត នៅវេលម៉ោង៨៖២៦នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨៕

No comments:

Post a Comment