Saturday, July 07, 2018

គណបក្សប្រជាជនប្រារព្ធខួប៦៧ឆ្នាំ ថ្ងៃបង្កើតគណបក្ស ខណៈយុទ្ធនាការ ឃោសនាបោះឆ្នោតបានចាប់ផ្តើម


ភ្នំពេញ៖ ​សមាជិក​ សមាជិកា ​គណបក្ស​ប្រជាជន​កម្ពុជា ​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ ប្រមាណ​ជាង​៥​ម៉ឺន​នាក់​ បាន​មក​ជួប​ជុំគ្នា​យ៉ាង​អធិក​អធម​ នៅ​មុខ​សាល​មហោ​ស្រព​កោះពេជ្រ ​រាជ​ធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​៧​កក្កដា  ដើម្បី​ប្រារព្ធ​មិទ្ទិញ​អបអរ​សាទរ​ខួប​លើក​ទី​៦៧ ​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជា​ជន​កម្ពុជា ​(២៨​មិថុនា​ ១៩៥១​ – ២៨​មិថុនា ​២០១៨)​ និង​បើក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោ​ត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាល​ទី៦នៃ​រដ្ឋសភា​ ខណៈ​ដែល​បណ្តា​គណបក្ស​ចំនួន​១៩​ផ្សេង​ទៀត​ ក៏​បាន​បើក​យុទ្ធនា​ការ​ដូច​គ្នានេះ​ផង​ដែរ​។

ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ ​ ត្រូវ​បាន​ប្រារព្ធ​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ហ៊ុន​ សែន​ , សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង ​សំរិន​ ប្រធាន​កិត្តិយស​គណបក្ស ​និង​លោក​ជំទាវ​ ព្រម​ទាំង​វត្ត​មាន​ សម្តេច​អនុ​ប្រធាន​គណបក្ស ,​ឯកឧត្តម ​លោក​ជំទាវ ​ជា​សមាជិក​អចិន្ត្រៃយ៍ ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​មួយ​ចំនួនទៀត ​។
ជាមួយ​នឹង​មោទន​ភាព ​នៃ​ជោគ​ជ័យ ​និង​ការ​គោរព​ដឹង​គុណ​ដល់​ស្នា​ព្រះហស្ថ​ អតីត​ព្រះ​មហា​ក្សត្រ ​សម្តេច​ឪ សម្តេច​ម៉ែ ​និង​ព្រះ​មហាក្សត្រ ​ព្រម​ជាមួយ​នឹង​ការ​គោរព​ដឹង​គុណ​ដ៏​ជ្រាល​ជ្រៅ ​ ចំពោះ​ វីរៈ​កម្មាភិបាល​ យុទ្ធជន​ យុទ្ធនារី ​អ្នក​ស្នេហា​ជាតិ​ ដែល​បានលះបង់​សាច់​ស្រស់​ឈាម​ស្រស់ ​ធ្វើ​ពលិកម្ម​នៅ​ក្នុង​បុព្វ​ហេតុជាតិ​មាតុ​ភូមិ​ ហើយ​នៅ​លើ​កំណាត់​ផ្លូវ​ដ៏វែង​ឆ្ងាយ​ ក្នុង​ការ​រំដោះ​ជាតិ ​មាតុភូមិ ​គណបក្ស​ប្រជាជន​បាន​ការ​ពារ ​ទប់​ស្កាត់​មិន​ឱ្យ​របប​ប្រល័យ​ពូជ​សាសន៍​វិល​ត្រឡប់​មក​វិញ ​,បាន​ស្តារ​អភិវឌ្ឍ​ធ្វើ​ឱ្យ​ប្រទេស​ជាតិ រក្សា​បាន​សន្តិភាព ​ស្ថេរភាព​ សន្តិសុខ ​សណ្តាប់​ធ្នាប់​សង្គម​ រក្សា​បាន​នូវ​ការ​ឯកភាព​ជាតិ ​ឯកភាព​ទឹកដី ​និង​លើក​ស្ទួយ​កិត្តិនាម​ជាតិ​បាន​ខ្ពស់​ត្រដែត​ ទាំង​នៅលើ​ក្រប​ខណ្ឌ​តំបន់ ​និង​ អន្តរជាតិ ​ ព្រម​ជាមួយ​នឹង​ដំណើរ​ការ​បោះឆ្នោត​ដោយជោគជ័យ ទោះបី​មាន​មជ្ឈដ្ឋាន​អគតិមួយ​ចំនួន​តែង​តែ​បង្ក​ការ​រំខាន ​ញុះញង់ ​បង្ក​អស្ថេរភាព​ សន្តិសុខ​ សណ្តាប់​ធ្នាប់​សង្គម​យ៉ាង​ណាក៏​ដោយ ហើយ​ចលនា ​នៃ​បដិវត្ត​ពណ៌ ដែល​មាន​បរ​ទេស​នៅ​ពីក្រោយ ក៏ត្រូវ​បាន​ការពារ​ ទប់​ស្កាត់​បានទាន់​ពេលវេលា, ​ខឿន​ការពារ​ជាតិ​ត្រូវ​បាន​ការពារ​យ៉ាង​រឹងមាំ,​ បញ្ហា​សិទ្ធិ​មនុស្ស ​,សិទ្ធិ​សេរីភាព​ ស្ថេរភាព ​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ ​ត្រូវ​បាន​លើក​កំពស់​យ៉ាង​ល្អ​ប្រសើរ​ឡើង ​។ ​ជាង​នេះ​ទៀត​ ការ​កែ​ទម្រង់នា​នា ​គឺ​អនុវត្ត​បាន​យ៉ាង​ល្អ​ប្រសើរ ​រាប់​ទាំង​ការគិត​គូរ​ដល់​គោល​នយោបាយ​គាំ​ពារ​សង្គម​ ជូន​ទៅ​ដល់​កម្មករ​ និយោជិត​ ហើយ​ចំណូល ​របស់​កសិករ ​កម្មករ អាជីវករ​ ក៏​កាន់​តែ​ត្រូវ​បាន​លើក​កំពស់​។
តាម​រយៈ​សមិទ្ធ​ផល​ជា​ច្រើន​ខាង​លើ ​គឺ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ដ៏​ត្រឹម​ត្រូវ ​ដែល​មាន​ការ​ចូល​រួម​ពី​ប្រជាជន ​និង​ការ​ចូល​រួម​ជួយ​គាំ​ទ្រ​ដោយ​ស្មោះ​សពី​មិត្ត​ភក្តិ​បរទេស​ ស្របតាម​គោល​នយោ​បាយ​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។
ឆ្លៀត​ឱកាស​ដ៏​ថ្លៃ​ថ្លា​នេះ​ សម្តេច​តេជោ​ប្រមុខ​គណបក្ស​ប្រជាជន​បាន​ថ្លែង​ថា​ បើ​ពិនិត្យ​មើល​កាល​ពី​ជាង​២​ទសវត្សមុ​ន​ កម្ពុជា​ ជា​ប្រទេស​ដែល​មាន​ទាហ៊ាន​មួក​ខៀវ ​ចូល​មក​ជួយ​រៀប​ចំ​ពី​ការ​បែក​បាក់​ ហែក​ហួរ​គ្នា ​ប៉ុន្តែ​កម្ពុជា​បច្ចុប្បន្ន​ បាន​ក្លាយ​ជា​ប្រទេស​ដែល​បាន​បញ្ជូន​ទាហ៊ាន​មួក​ខៀវ​របស់​ខ្លួន ​ទៅ​ជួយ​ដល់​ប្រទេស​គេ​វិញ​ និង​​ជា​ប្រទេស​ដែល​កំពុង​ដើរ​តួនាទី​យ៉ាង​សកម្ម ​ស្មើមុខ​ ស្មើមាត់ ​ស្មើសិទ្ធិ​ ជាមួយ​នឹង​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ និង​លើ​សកល​លោក​ ជា​ប្រទេស​ដែល​សម្រេច​បាន​នូវ​វឌ្ឍន​ភាព​​​យ៉ាង​ល្អ​ប្រសើរ​ បាន​ប្រែក្លាយ​ពី​ប្រទេស​ដែល​មាន​ចំណូល​ទាប​ ម​ក​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កំរិត​ទាប​ និង​កំពុង​ធ្វើ​​ដំណើរ​ទៅកាន់​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ ឆ្នាំ​២០៣០ ​និង​ជា​ប្រទេស​មានចំណូល​ខ្ពស់នៅឆ្នាំ​២០៥០។
ក្នុងន័យនេះ​ សម្តេច​ថា ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​ នៅថ្ងៃ​ទី​២៩​កក្កដា​ខាង​មុខ​នេះ​ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ, ជាការ​កំណត់​នូវ​ជោគ​វាសនា​ រប​ស់ប្រទេស​ជាតិ​ជាប​ន្ត​ទៀត។​ ដូច្នេះ​បើ​ការ​សម្រេច​ចិត្ត​ខុស​នឹង​ធ្វើឱ្យ​ប្រទេស​ជាតិ​របស់​យើង ​ដើរ​ថយ​ក្រោយ​ ហើយ​​សម្តេច​ថា បើស្រឡាញ់​សន្តិភាព ​និង​ការ​អភិវឌ្ឍ ​សូម​បោះឆ្នោត​ជូន​គណ​បក្សប្រជា​ជន​កម្ពុជា។
សម្តេច​ក៏​បាន​ប្រកាស​អំពី​គោល​នយោបាយ​ចំនួន​១១​ចំណុច​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ សម្រាប់​នីតិកាល​ទី​៦ ​នៃ​រដ្ឋ​សភា ជាពិសេស​ ការ​ការពារ​ឯក​រាជ្យ ​អធិបតេយ្យ បូរណភាព​ទឹកដី​ សន្តិភាព និង​សន្តិសុខ​របស់​ជាតិ​ឱ្យ​រឹងមាំ ស្ថិត​ស្ថេរ​គង់​វង្ស,​អភិវឌ្ឍ​សេដ្ឋកិច្ច​ឱ្យ​សម្រេច​បាន​កំណើន​ក្នុង​រង្វង់​៧% ​ក្នុង​១​ឆ្នាំ ​ប្រកប​ដោយ​ចីរភាព, ​ការមិន​យក​ពន្ធ​លើ​ដី​កសិកម្ម ​របស់កសិករ,​ការតម្លើង​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​របស់​កម្មករ​ និយោជិត ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​, ការ​តម្លើង​ប្រាក់​បៀវត្ស​ជូន​មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ និង​បង្កើន​ប្រាក់​សោធន​សម្រាប់​និវត្តជន​ និង​អតីត​យុទ្ធជន​ ហើយ​ចំពោះការ​បើក​ប្រាក់​បៀវត្ស​នេះ ​សម្តេច​ក៏​បញ្ជាក់​ថា​ ក្នុង​អាណត្តិ​ទី​៥​នេះ​ ការ​បើក​ប្រាក់​បៀវត្ស ​គឺ​ធ្វើ​ឡើង​ក្នុង​រង្វង់​ថ្ងៃ​២៧​ ឬ​២៨ មុន​ដំណាច់​ខែ ​ប៉ុន្តែ​បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា​ បន្ត​ជាប់ឆ្នោត​នៅ​ក្នុង​នីតិកាល​ទី​៦​បន្ត​ទៀត​ នោះកា​រ​បើក​ប្រាក់​បៀវត្ស ​ទាំង​វិស័យ​រដ្ឋ​ និង​ឯកជន​ នឹង​អនុញ្ញាត​ឱ្យ​បើក​២​សប្តាហ៍​ម្តង​ ព្រមជាមួ​យ​នឹង​គោល​នយោបាយ​ថ្មី​ៗ​ដទៃ​ទៀត​ ដូច​ជា​ការ​អនុញ្ញាត​ឱ្យ​អាជីវករ​ លក់​ដូរតាមផ្សារ​លើទី​តាំង ដីរដ្ឋ ​អាចផ្ទេរ​សិទ្ធិកាន់​កាប់​ ប្រើប្រាស់​ និង​អាស្រ័យ​ផល​ទៅ​កូន​ ចៅ ​ឬអ្ន​កដ​ទៃ​បាន ​ដោយ​ពុំមាន​កំណ​ត់​អាណត្តិ,​  យុវជន​គ្រប់​រូបមាន​ឱកាស​ក្នុង​ការ​អប់រំ​បង្កើត​ឱកាស​ការងារ ​និង​ប្រាក់​ចំណូល​បន្ថែម​ទៀត​ដល់​យុវវ័យ ​,    ការ​អភិវ​ឌ្ឍ​និង​ពង្រីក​ប្រព័ន្ធ​គាំ​ពារ​​សង្គម​ប្រកបដោយ​ប្រសិ​ទ្ធភាព​និងចី​រភាពពង្រីក​ការផ្គត់ផ្គង់អ​គ្គិសនី ពី​បណ្តាញជាតិ​ឱ្យដល់​ភូមិ​ទាំង​​អស់​នៅ​ឆ្នាំ​២០២០​  និង ​បញ្ចុះ​តម្លៃ​អគ្គិសនី​ ដែលនឹង​ផ្តល់នូវ​ផល​ប្រយោជន៍​កាន់តែប្រសើរ ដល់​ជីវភាព​របស់​នៅ​របស់​ប្រជាជន ,ការផ្តល់​សេវា​សាធារណៈនៅ​​គ្រប់​ថ្នាក់ ជូនប្រជាជន​ប្រកប​ដោយ​គុណភាព​ តម្លាភាព  ប្រសិទ្ធភាព​និង​ងាយ​ស្រួល រក្សា​​សុវត្តិភាព ឃុំ សង្កាត់​ឱ្យ​បាន​ល្អ ​ និង​រឹងមាំ​ ។
អង្គ​ពិធី​ក៏​បាន​បញ្ចប់​ដោយ​ការ​លែង​ព្រាប ​បង្ហោះ​ប៉េងប៉ោង ​និង ​បំបែក​ដង្ហែ​ក្បួន​ឃោសនា​ ទៅតាម​គោល​ដៅ​នីមួយៗ​ខណ្ឌ ​សង្កាត់ ​នីមួយៗ​ដែល​បាន​គ្រោង​ទុក​ អ​ម​ដោយ​ចម្រៀង​កំដរ​ យ៉ាង​អធិក​អធម​។
នៅក្នុង​ឱកាស​ដ៏​វិសេស​វិសាល​នេះ ​សមាជិក ​សមាជិកា ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ សុទ្ធ​តែ​បាន​សំដែង​ការ​រីករាយ ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដឹក​នាំ ​ដ៏​ត្រឹម​ត្រូវ​ ជាពិសេស​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​បាន​នាំ​មក​នូវ​សេចក្តី​សុខ​សាន​ និង​ការ​អភិវឌ្ឍ ​ដល់​សង្គមជាតិ៕









No comments:

Post a Comment