Tuesday, July 31, 2018

កម្ពុជា ផ្តល់ជំនួយ១០ម៉ឺនដុល្លារ​ ដល់រដ្ឋាភិបាលឡាវ ​សម្រាប់ចូលរួមជួយ​ជនរងគ្រោះ​ដោយទឹកជំនន់​

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តល់ជំនួយប្រមាណ១០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ជូនដល់រដ្ឋាភិបាលឡាវ ដើម្បីចូលរួមចំណែកជួយដល់ជនរងគ្រោះដោយទឹកជំនន់នាថ្មីៗនេះ។
តាមរយៈក្រសួងការបរទេសបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១១:០០នាទី ព្រឹក លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ តំណាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រគល់ជូនលោក ប្រាសិទ្ធ សាយ៉ាសិទ្ធ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា នូវជំនួយមនុស្សធម៌ ដែលមានទឹកប្រាក់ ១០០.០០០ដុល្លារ ផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា ចំពោះរដ្ឋាភិបាលឡាវ សម្រាប់ជនរងគ្រោះដោយមហន្តរាយទឹកជំនន់បង្កឡើងដោយការរលំបាក់ទំនប់វារីអគ្គីសនី សេពៀន សេណាំណូយ (Xepien Xenamnouy) នៅក្នុងខេត្តអាតាពើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ដោយមានការរំជួលចិត្ត និងសោកសៅចំពោះសោកនាដកម្មនេះ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារលិខិតជូនលោកបណ្ឌិត ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់នៅក្នុងឧបត្តិហេតុដ៏អកុសលនេះ។
ក្នុងពេលជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានផ្ញើលិខិតរំលែកទុក្ខជូន លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដោយសម្តែងនូវសមានចិត្ត និងទុក្ខព្រួយយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រជាជនដែលរងផលប៉ះពាល់ និងជនរងគ្រោះ សំរាប់ការឈឺចាប់ និងការបាត់បង់ដ៏សោកនាដកម្មនេះ។
សូមបញ្ជាក់ថានាថ្មីៗនេះ ប្រទេសឡាវបានជួបនូវគ្រោះជំនន់ទឹកភ្លៀង និងគ្រោះទឹកជំនន់ ដែលបណ្តាលមកពីការបាក់ទំនប់វារីអគ្គីសនី សេពៀន សេណាំណូយ (Xepien Xenamnouy) នៅក្នុងខេត្តអាតាពើ ភាគខាងត្បូងប្រទេសឡាវ ដែលបណ្តាលឱ្យប្រជាជនឡាវជាច្រើននាក់ស្លាប់ បាត់ខ្លួន និងរងគ្រោះ៕
សូមអានសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាខាងក្រោម៖




No comments:

Post a Comment