Tuesday, April 10, 2018

លោក Trump និយាយបន្ធូរបន្ថយស្ថានភាព ស្តីពីកង្វល់សង្គ្រាមពាណិជ្ជកម្ម ចិន-អាមេរិក៖ នៅពេលដែលអ្នកបញ្ចុះជញ្ជីងពាណិជ្ជកម្ម ៥០០ ប៊ីលានដុល្លារអាមេរិក អ្នកមិនអាចចាញ់បានទេ

ក្រោយពីចិនស្នើពន្ធនាំចូលសងសឹកវិញទៅលើអាមេរិក តម្លៃទីផ្សារភាគហ៊ុនធ្លាក់ចុះ ហើយមានការភ័យខ្លាចថា ការយកពន្ធនាំចូលដែលមានចរិកពុះកញ្ជ្រោលរបស់លោក Trump អាចធ្វើ ឱ្យសេដ្ឋកិច្ចថម​ថយ​។

មានការភ័យខ្លាចថា លោក Donald Trump កំពុងតែដាក់ឱ្យអាមេរិកស្ថិតនៅក្នុងស្ថានភាព ស្មុគស្មាញនៃសង្គ្រាមពាណិជ្ជ​កម្ម​ដែល​កាន់តែខ្លាំងឡើងនៅថ្ងៃពុធនេះ បន្ទាប់ពីចិនបានដាក់ពន្ធកំហិតនាំចូលសង​សឹក​វិញ​ទៅ​លើ​អាមេរិក ហើយ​បាន​ធ្វើ​ឱ្យ​តម្លៃ​ទី​ផ្សារ​ភាគ​ហ៊ុន​ធ្លាក់ចុះ។

តាមការស្ទង់របស់សារព័ត៌មាន Dow Jones ផ្នែកឧស្សាហកម្មមានការធ្លាក់ចុះ ហើយឈានទៅដល់ទីផ្សារនៅអឺរ៉ុប និងអាស៊ីដោយសារតែមានការព្រួយបារម្ភអំពីជម្លោះពាណិជ្ជកម្មដែលកាន់តែមានសន្ទុះខ្លាំងឡើងរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកដ៏ធំបំផុតពីរនេះ។

បន្ទាប់ពីអាមេរិកបានបង្ហាញផែនការចំពោះការកំណត់ពន្ធគយនៅទឹកប្រាក់ ៥០ ប៊ីលានដុល្លារ អាមេរិក ក្នុងការនាំទំ​និញ​ចិន​​ចូល​នៅ​ថ្ងៃ​អង្គារ​នេះ ចិន​ក៏បានវាយបកទៅវិញដោយមាន​ផែន​ការ​យកពន្ធ ៥០ ប៊ី​លាន​​ដុល្លារ​អាមេរិក ចំពោះផលិតផលអាមេរិក រាប់បញ្ចូលទាំងសាច់​គោ រថយន្ត យន្ត​ហោះ សណ្តែក​សៀង និង​ស្រា​វីស​ស្គី។

លោក Trump បានអះអាងកាលពីខែមុនថា​ សង្គ្រាមពាណិជ្ជកម្មគឺជារឿងល្អ ហើយងាយឈ្នះ។

ចិនគឺជាទីផ្សារដ៏ធំបំផុតសម្រាប់សណ្តែកអាមេរិក។ ហើយសមាគមន៍សណ្តែកសៀងអាមេរិក ដែល​ជាក្រុម​តំណាងឱ្យអ្នកផលិតចំនួន ២១០០ បានព្រមានថា ការដែលចិនលើកឡើងនៅពន្ធ​គយ ២៥ ភាគរយ ទៅ​លើសណ្តែកសៀងអាមេរិកនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើកសិករ អាមេរិក។ ខ្លួនបានប៉ាន់ស្មាន​ថា កសិករអាមេរិកបាត់បង់លុយប្រហែល ១,៧២ ប៊ី​លាន​ដុល្លារអាមេរិកនៅថ្ងៃពុធ នេះ សម្រាប់​តែ​សណ្តែក​សៀងមួយមុខទៅពេលអនាគត។

លោក John Heisdorffer ជាកសិករនៅរដ្ឋ Iowa និងជាប្រធាននៃសមាគមន៍នេះនិយាយ​ថា «លុយពិតប្រាកដដែលខាត់សម្រាប់កសិករ គឺជារឿងដែលអាចទប់ស្កាត់បានទាំង​ស្រុង​»។ គាត់បានអំពាវនាវទៅដល់សេតវិមាន ដើម្បីលុបចោលនូវផែនការពន្ធគយដែល​បានស្នើឡើងរបស់ ខ្លួន​។ ក្រុមហ៊ុនផលិតរថយន្ត Ford និងក្រុមហ៊ុន General Motors ក៏បានចេញសេចក្តីថ្លែងការ​ណ៍សុំឱ្យមានការបន្តការពិ​ភាក្សា ដើម្បីដោះស្រាយភាព​តាន​តឹងពាណិជ្ជកម្មដែលកំពុងតែធ្ងន់​ធ្ងរ​ឡើងនេះ។

កាលពីថ្ងៃពុធ លោក Trump ក៏បាននិយាយបន្ធូរស្ថានការណ៍ស្តីពីកង្វល់ទៅលើការខូចខាតដោយ​សារ​តែ​សង្គ្រាម​ពាណិជ្ជ​កម្ម​នេះ។

គាត់បានសរសេរបដិសេធតាម Twitter របស់គាត់ថា «យើងមិនមែនស្ថិតនៅក្នុងសង្គ្រាមជាមួយ​ចិននោះ​​ទេ ក៏ប៉ុន្តែជាសង្គ្រាមដែលយើងចាញ់ជាច្រើនឆ្នាំមកហើយ ដោយសារតែភាពល្ងង់ខ្លៅ ឬ​អ​សមត្ថ​ភាព​​របស់មនុស្សដែលតំណាងឱ្យអាមេរិក។ ឥឡូវនេះយើងមានឱនភាពជញ្ជីងពាណិជ្ជ​កម្ម ៥០០ ប៊ីលានដុល្លារ​ក្នុងមួយឆ្នាំ ហើយមានចោរលួចផ្នែកកម្មសិទ្ធិបញ្ញា មានទឹកប្រាក់រហូតទៅ​ដល់ ៣០០ ប៊ីលានដុល្លារ​​អាមេរិកថែមទៀត។ យើងមិនអាចចេះតែឱ្យស្ថាន​ភាពនេះចេះតែបន្ត​កើនមានទៅទៀតនោះទេ»។

លោកប្រធានាធិបតីបាននិយាយបន្ថែមទៀតថា «នៅពេលដែលអ្នកទម្លាក់ជញ្ជីងពាណិជ្ជកម្ម ៥០០ ប៊ី​លាន​ដុល្លារទៅហើយនោះ អ្នកមិនអាចចាញ់បានទេ»។

រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោក Wilbur Ross ក៏បានទាមទារឱ្យមានភាពស្ងប់ស្ងៀម។ នៅក្នុងបទសម្ភាសន៍​មួយជាមួយទូរទស្សន៍ CNBC លោក Ross បាននិយាយថា ការដែលចិនប្រ​កាសកំណត់ពន្ធ​គយ​នោះ មានត ០,៣ ភាគរយនៃផលិត​ផល​សរុបអាមេរិក។ ដូច្នេះវា មិន​មែន​ជាការសកម្មភាពគំរាមកំហែង​ដល់ជីវិត។

លោក Ross បាននិយាយថា ការដែលអាមេរិកដាក់ទណ្ឌកម្មមួយចំនួនប្រឆាំងនឹងចិនបានកើតមាន​ឡើងមួយរយៈ ដោយ​សារ​តែឥរិយាបថកេងប្រវ័ញ្ចរបស់ចិនទាក់ទងទៅនឹងបច្ចេក​វិទ្យា។ លោក Ross និយាយ​ថា យើងកំពុងតែនិយាយអំពី​ភាគី​ទាំង​សងខាង ហើយវាគ្រាន់​តែប៉ះពាល់ ១ ភាគ​រយនៃសេដ្ឋកិច្ចរបស់ប្រទេស​ទាំងពីរ។

ការកំណត់ពន្ធគយថ្មីនេះមិនទាន់ចូលជាធរមានភ្លាមនៅឡើយទេ។ រដ្ឋាភិបាលអាមេរិកកំពុង​តែអញ្ជើញឱ្យមហាជនមាន​យោ​​​បល់​​​ស្តី​អំពីការដាក់ទណ្ឌកម្មពាណិជ្ជកម្មរបស់ខ្លួននៅថ្ងៃ១១ ឧសភា ហើយនិងបើកស្តាប់​​សវ​នាការ​ស្តី​ពី​ផែន​ការ​នេះ​​នៅ​ថ្ងៃ​១៥ ឧសភា។ ចំណែក​ចិនវិញមិន​បានកំណត់កាលបរិច្ឆេទសម្រាប់ការ​ចូលជាធរមានចំពោះពន្ធគយ ២៥ ភាគរយនៅឡើយ ដោយ​និយាយថា ខ្លួនកំពុងរង់ចាំមើលទង្វើរបស់​​លោក Trump សិន។

ស្ត្រីអ្នកនាំពាក្យលោកស្រី Sarah Sanders និយាយនៅសេតវិមានថា «យើងនឹងពិនិត្យ​ពិច្ច័យ នៅក្នុងរយៈពេលនេះ យើងមានសំណាងហើយ ដោយសារតែយើងមានអ្នកចរចាដ៏ល្អបំផុត​នៅក្នុងតុតំណាង​ឱ្យប្រធានាធិបតី។

លោកស្រីបានមានប្រសាសន៍បន្ថែមថា ចិនជាអ្នកបង្កើតបញ្ហានេះឡើង មិនមែនប្រធានាធិប តី Trump ទេ។ យើងប្រហែលជារងការឈឺចាប់រយៈពេលខ្លី ក៏ប៉ុន្តែយើងនឹងទទួលជ័យ​ជំនះ​រយៈពេលវែង»។

ចិនទទួលបានអតិរេកជញ្ជីងពាណិជ្ជកម្មជាមួយអាមេរិក ចំនួនទឹកប្រាប់ ៣៧៥ ប៊ីលានដុល្លារនៅឆ្នាំ​២០១៧។ ចិនបាននិយាយថា ខ្លួនបានស្នើឱ្យមានការពិភាក្សានៅអង្គការពាណិជ្ជកម្មពិភព​លោក​ជាការឆ្លើយតបទៅនឹងពន្ធគយអាមេរិក ស្ថាន​ភាព​នេះ​ដែលតម្រូវឱ្យយន្តការដោះស្រាយ​របស់​អង្គការ WTO ចំពោះជម្លោះនេះ។

លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់អ្នកយកព័ត៌មាននៅទី​ក្រុង​ប៉េកាំង​ថា «ចិននៅតែបើកទ្វារចំហសម្រាប់ការចរចាដែលនៅសេសសល់ជាមួយអាមេរិក ក៏ប៉ុន្តែអាមេរិកបាន​ខក​ខានឱកាសនេះម្តងហើយម្តងទៀត»។

លោក William Zarit ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅចិន បានប្រាប់ទីភ្នាក់​ងារ​ព័ត៌​មាន Associated Press ថា «ក្រុមហ៊ុនអាមេរិកនៅពេលនេះ ចង់ឃើញការចរចាដ៏ស្រ​ស្រាក់ស្រស្រាំរវាងរដ្ឋា​ភិបាលអាមេរិក និងរដ្ឋាភិបាលចិន និងការចរចាបែបស៊ីជម្រៅទៅលើភាគីទាំងសងខាង ហើយសង្ឃឹមថា នឹងអាចចៀសវាងសង្គ្រាមពាណិជ្ជកម្មបាន។ ខ្ញុំគ្រាន់តែអាច​សង្ឃឹមថា យើងអាច​ដោះស្រាយភាពខ្វែងយោបល់របស់យើងឆាប់ៗដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសការ​ខូច​ខាត​ទៅ​ដល់​សេដ្ឋ​កិច្ច​អាមេរិក ចិន និងចំពោះក្រុមហ៊ុនអាមេរិក»។

ការសរសើររបស់លោក Trump ចំពោះប្រធានាធិបតី Xi Jinping ហើយការអះអាងរបស់គាត់​ថា ពួកគេមានទំនាក់ទំនងផ្ទាល់ខ្លួនល្អ ហើយមិនទាន់បានទប់ស្កាត់នៅការគំរាមកំហែងចំពោះពន្ធ​គយ​នៅឡើយទេ។ ប្រហាក់ប្រហែលនឹងគ្នានេះដែរ លោក Trump បន្តនិយាយថា គាត់នឹងព្យា​យាមដើម្បីឱ្យចុះសម្រុងនឹងគ្នាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បើទោះបីជាទំ​នាក់​ទំនងរវាងរដ្ឋាភិបាលរបស់ពួកគេទាំងពីរមានភាពល្វីងជូរចត់ក៏ដោយ៕

ប្រភព៖ The Guardian ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨


No comments:

Post a Comment