Friday, March 02, 2018

អ្នកនាំពាក្យសាលាស្រុកកំពង់ត្រឡាច ចេញសេចក្តីបញ្ជាក់ព័ត៌មាន ជុំវិញករណីការឈូសឆាយដីលិចទឹក

អ្នកនាំពាក្យសាលាស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចេញសេចក្តីបញ្ជាក់ព័ត៌មាន ពាក់ព័ន្ធនឹងការ ចុះផ្សាយ របស់ ភ្នាក់ងារសារព័ត៌មានមួយចំនួន នៅក្នុងខេត្តកំពង់ឆ្នាំង ជុំវិញការឈូសឆាយដីលិចទឹក ស្ថិតនៅក្នុងភូមិ ស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សេចក្តីបញ្ជាក់ព័ត៌មានរបស់អ្នកនាំពាក្យសាលាស្រុកកំពង់ត្រឡាច ចេញថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ បានឱ្យដឹងថា ដោយសារមានសារព័ត៌បានលើកឡើងថា មានការឈូសឆាយដីលិចទឹក សូមបញ្ជាក់ថា ដីតាមទីតាំងខាងលើនេះ គឺជាអតីតប្រភេទដីលិចទឹកនៅរដូវទឹកឡើង និងនៅពេលទឹកស្រក ប្រជាពលរដ្ឋ អាស្រ័យផលធម្មតាជារៀងរាល់ឆ្នាំ មិនមែនជាដីព្រៃលិចទឹក ដែលរដ្ឋធ្វើការហាមឃាត់មិន ឱ្យប្រជាពលរដ្ឋ អាស្រ័យផលនោះទេ។

សេចក្តីបញ្ជាក់ដដែលបានបន្តថា ដោយសារស្ថានភាពដីនៅទីនោះ ពុំសូវមានជីវជាតិ ខ្វះបចេ្ចកទេសកសិកម្ម សត្វល្អិត និងកណ្ដុរ ច្រើនតែបំផ្លាញហើយធ្វើឱ្យទិន្នផលស្រូវពុំទទួលបានផលខ្ពស់ ហើយពួកគាត់មួយចំនួន ក៏ផ្អាកការផលិត និងមួយចំនួនទៀតនៅតែបន្តការផលិតរហូតមកដល់បបច្ចុប្បន្ន។ ក្រោយពីបានទទួលព័ត៌មាន ឮថាមានការឈូសឆាយដីព្រៃលិចទឹក ហ៊ុព័ទ្ធយកធ្វើជាកម្មសិទ្ធិ សាលាស្រុកបានចាត់តាំងកម្លាំងចម្រុះមួយ ក្រុម ទៅដល់ទីតាំងដីជាក់ស្ដែង បានជួបសាកសួរ តំណាងម្ចាក់ដី ឈ្មោះ ឡាយ គឹមលីន គាត់បានបញ្ជាក់ថា ដីនេះបានទិញពីប្រជាពលរដ្ឋចំនួន ៤គ្រួសារ លើទំហំផ្ទៃដីប្រមាណ ២ហិកតា ដោយមានការដឹងឮ និងទទួលស្គាល់ពីអាជ្ញាធរភូមិឃុំទៀតផង ហើយម្ចាស់ដីមានគោលបំណងកែច្នៃដីនេះ សម្រាប់ធ្វើពិសោធន៍ កសិកម្ម ដោយបានលើកភ្លឺព្រំដី រៀបចំជាថ្នាលរក្សាទឹកទុក និងរៀបចំជាប្រព័ន្ធផ្លូវក្នុងថ្នាលពិសោធន៍នោះ។

ក្រុមការងារបានបញ្ឈប់រាល់សកម្មភាពលើទីតាំងនេះទាំងស្រុង ហើយបានណែនាំឱ្យតំណាងម្ចាស់ដីស្នើ សុំច្បាប់ និងបំពេញបែបបទតាមនីតិវិធី រហូតដល់ទទួលបានការអនុញ្ញតពីអភិបាលខេត្ត ទើបមានសកម្មភាព បន្តទៀតបាន ៕


No comments:

Post a Comment