Monday, September 11, 2017

អនុសាសន៍៥ចំណុចដើម្បីធានាស្ថិរភាពការងារ និងប្រាក់ចំណូលល្អ

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ជាមួយនឹងការដាក់ចេញនូវគោលនយោបាយឧស្សាកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់លក្ខខណ្ឌការងារ និងប្រាក់ចំណូលល្អ។ លោក បានថ្លែងដូចនេះ ក្នុងឱកាស សំ​ណេះសំណាលមួយតំណាងកម្មករដូចជា ប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុមមកពីបណ្តារោងចក្រ សហគ្រាសផ្សេងៗគ្នាជាង៤,៤៥២ពាន់នាក់ មកពីរោងចក្រចំនួន៨២ នៅមជ្ឈមណ្ឌ​លកោះពេជ្រ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍សំខាន់ៗទាំង៥ចំណុចនោះរួមមាន៖
១- ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ។
២- រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីក និងបង្កើនទីផ្សារបន្ថែម។
៣- រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។
៤- ផ្តល់របបគាំពារសន្តិសុខសង្គម ដល់កម្មករ និយោជិត។
៥- បន្តផ្តល់កិច្ចគាំពារនិងយកចិត្តទុកដាក់ចំពោះកម្មករ កម្មការនីដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូដើម្បីផ្តល់នូវលក្ខ័ណការងារល្អៗ ព្រមទាំងជួយសម្រួល នូវលិខិតបទដ្ឋាននានាដែលពាក់ព័ន្ធនឹងការងាររបស់ក្មួយៗកម្មករ។

ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន​សែន បានណែនាំឱ្យក្រុមហ៊ុន រៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ។ ចំពោះស្រ្តីមានផ្ទៃពោះសម្រាលកូន គឺទទួលបានការឈប់សម្រាកពីការងារ រយៈពេល ៣ខែ ហើយនៅទទួលបានប្រាក់ខែ ១២០% លើសពីនេះទៅទៀត ចាប់ពីខែមករា ឆ្នាំ២០១៨ នេះទៅ សម្រាប់កម្មការនីមានផ្ទៃពោះនឹងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលនៅពេលសម្រាលកូន ដោយអ្នកសម្រាលបានកូន១ទទួលបាន៤០ម៉ឺនរៀល អ្នកសម្រាលបានកូនភ្លោះទទួលបាន៨០ម៉ឺនរៀល និងអ្នកសម្រាលកូនភ្លោះ៣ គឺទទួលបាន១លាន២០ម៉ឺនរៀលរួមនឹងការឧបត្ថម្ភផ្សេងៗបន្ថែមទៀត៕



No comments:

Post a Comment