Monday, September 11, 2017

លិខិតចំហជូនស្ថានទូតអាមេរិកប្រចាំកម្ពុជា៖ អាមេរិកធ្វើអ្វីខ្លះនៅកម្ពុជា ? ជាដៃគូ ឬជាឪរបស់កម្ពុជា?


ពិតជាគួរឱ្យអស់សំណើច និងហួសចិត្តបំផុតដែលឯកអគ្គរដ្ឋទូតអាមេរិក វិល្លៀម ហេដ William Heidt តាមរយៈទំព័រហ្វេសប៊ុកស្ថានទូតនៅកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា នេះ បាន ចុះផ្សាយអត្ថបទថា «តើសហរដ្ឋអាមេរិកធ្វើអ្វីខ្លះនៅកម្ពុជា? យើងសង្គ្រោះព្រៃឈើ!” William Heidt បានព្យាយាមលើក គុណសម្បត្តិបន្តិចបន្តួចរបស់ខ្លួនក្នុងការងារព្រៃឈើ តម្លើងខ្លួនជាតួឯកជាអ្នកការពារធនធានធម្មជាតិដោយបំភ្លេចកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរកំណែទម្រង់លើការការពារ និងគ្រប់គ្រងធនធានធម្មជាតិរបស់ខ្លួន។
តាមរយៈហ្វេសប៊ុកស្ថានទូតអាមេរិកដដែល William Heidt បានថ្លែងដោយយល់ច្រឡំ និងមានចេតនាញុះញង់ថា ប្រទេសកម្ពុជាកំពុងតែបាត់បង់ព្រៃឈើលឿន ជាងប្រទេសណាទាំងអស់នៅលើផែនដីនេះ។ ប៉ុន្តែ William Heidt បែរជាភ្លេចលើកពីអាត្រានៃការបាត់បង់ព្រៃឈើច្រើនជាងគេនៅតំបន់ព្រៃអាម៉ាហ្សូនទៅវិញ។
តើនេះគឺជាចេតនាបំភ័ន្ត បំភ្លៃ បំផ្លើសសាធារណៈមតិឬយ៉ាងណា? William Heidt គួរដឹងថា បើតាមទិន្នន័យនៃការវាយតម្លៃលើគម្របព្រៃឈើនៅកម្ពុជា អាត្រាការបាត់បង់គម្របព្រៃឈើមានការធ្លាក់ចុះនៅកម្ពុជា ពោលគឺអាត្រាការបាត់បង់មានប្រមាណ ០,៨% ក្នុងមួយឆ្នាំ។ ការបាត់បង់គម្របព្រៃឈើធ្លាក់ចុះមានន័យថា គម្របព្រៃឈើមានការកើនឡើង ហើយកំណើននេះដោយសារតែតាមរយៈការអនុវត្តកំណែទម្រង់គ្រប់ជ្រុងជ្រោយលើវិស័យធនធានធម្មជាតិ ការអនុវត្តច្បាប់ ការដាំដុះឈើឡើងវិញ និងប្រសិទ្ធភាពនៃកំណែទម្រង់លើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិជាដើម។
William Heidt ក៏បាននិយាយកេងចំណេញនយោបាយថា «យើងកំពុងធ្វើការដើម្បីបញ្ឈប់រឿងនេះ។ យើងបានជួយប្រទេសកម្ពុជានៅក្នុងការលើកកំពស់ការ គ្រប់គ្រងដី និងអភិរក្សដីព្រៃចំនួនជាង ២,៦ លានហិកតា។ យើងបានបណ្តុះបណ្តាល និងផ្តល់គ្រឿងបរិក្ខាដល់អ្នកល្បាតព្រៃរាប់រយនាក់ ដើម្បីបញ្ឈប់អ្នកកាប់ឈើ ខុសច្បាប់។ យើងកំពុងធ្វើការនៅតាមសហគមន៍ព្រៃឈើចំនួនជាង១០០ ដើម្បីជួយអ្នកស្រុកអោយទទួលបានកម្មសិទ្ធិដី ហើយយើងបានជួយប្រជាជនជនបទចំនួនជាង ១៥០០០នាក់ ក្នុងការរកប្រភពចំណូលថ្មីៗក្រៅពីកាប់ឈើ»។
ការលើកឡើងនេះបានទាត់ចោលនូវសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើក្នុងនាមជាម្ចាស់ប្រទេស William Heidt និយាយ ដូច្នេះហាក់ដូចជា បានបង្ហាញច្បាស់ថា អាមេរិកបាននិងកំពុងចាត់ចែងលើការងារជំនួសកម្ពុជា ដែលវាហាក់ដូចជាអាមេរិកគិតថាកម្ពុជាស្ថិតនៅក្រោមអាណានិគម បែបថ្មីរបស់ខ្លួន។
យោងតាមខ្លឹមសារដែលបានលើកឡើងនៅក្នុងវេទិកាជាតិលើកទី២ ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ បានលើកឡើងពីកិច្ចការជាច្រើនដែលរាជរដ្ឋាភិបាលបានធ្វើសម្រាប់ធនធានធម្មជាតិ។
រដ្ឋាភិបាលបានរៀបចំគោលការណ៍ណែនាំស្តីពីនីតិវិធី និងដំណើរការរៀបចំសហគមន៍ការពារធម្មជាតិ ដើម្បីសម្រួលដល់ការរៀបចំបង្កើត ការពង្រឹងសមត្ថភាពគ្រប់គ្រង និងលើកកម្ពស់ជីវភាពសហគមន៍។ រាជរដ្ឋាភិបាលក៏បានផ្ទេរមុខងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងពង្រឹងការអនុវត្តសារាចរណែនាំលេខ០៥ ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រង ធនធានធម្មជាតិ។
រដ្ឋាភិបាលក៏កំពុងធ្វើការកំណត់តំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ បោះបង្គោលកំណត់ព្រំ រៀបចំផែនការតំបន់ការពារធម្មជាតិ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោះស្រាយទំនាស់ដីធ្លី សម្បទានដីសេដ្ឋកិច្ច សម្បទានដីសង្គមកិច្ច ហើយតាមរយៈយុទ្ធនាការរបស់ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បទល្មើសព្រៃទ្រង់ទ្រាយធំនៅទូទាំងប្រទេសត្រូវបានលុបបំបាត់ទាំងស្រុង។ ទាំងនេះជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ និងក្រសួងកសិកម្មព្រមទាំងរបស់ប្រជាជនកម្ពុជា មិនមែនរបស់អាមេរិក ឬរបស់ William Heidt ឡើយ។
ដូច្នេះ William Heidt គួរហ៊ានទទួលស្គាល់ការពិតនេះ ហើយសូមកុំព្យាយាម បំពុលខ្មែរតាមរយៈព័ត៌មានបំភ្លៃរបស់ខ្លួនដើម្បីសម្រេចផែនការប៉ុនប៉ងបំផ្លាញ សេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍរបស់ប្រជាជាតិខ្មែរ។ មនុស្សទូទាំងប្រទេសកម្ពុជា បានដឹងអស់ហើយថា អាមេរិកបាន និងកំពុងគាំទ្របក្សសង្គ្រោះជាតិ ក្នុងការផ្លាស់ប្តូររបបដឹកនាំតាមរយៈ កឹម សុខា តាំងពីឆ្នាំ១៩៩៣ រហូតមកទល់ពេលនេះ។ កឹម សុខា ក៏បានសារភាពដោយខ្លួនឯងថា ទទួលជំនួយពីអាមេរិក ដើម្បីផ្តួលរំលំរបបដឹកនាំនៅកម្ពុជា។
កម្ពុជាជារដ្ឋអធិបតេយ្យឯករាជ្យ ហើយប្រទេសជាមិត្តអាចជួយជំនួយបច្ចេកទេស ប៉ុន្តែគ្មានសិទ្ធិចាត់ចែងកិច្ចការជំនួស ម្ចាស់ប្រទេសឡើយ។ William Heidt មិនគួរច្រឡំតួនាទីរបស់ខ្លួនជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ជាប្រធានាធិបតីអាមេរិកនៅលើទឹកដីកម្ពុជាឡើយ។ ពិតជាគួរឱ្យស្តាយដែលឯកអគ្គរដ្ឋទូតមហាអំណាចមួយ ដែលគេប្រសិទ្ធនាមជាប្រទេសមាតាធិបតេយ្យ ប៉ុន្តែបែរជាបំពេញការងារដូចជា ការដាក់អាណានិគមទៅវិញ ដើរតួនាទីជំនួសស្ថាប័នបច្ចេកទេសនៃរដ្ឋអធិបតេយ្យមួយ។
ប៉ុន្តែសំណួរអាចចោទសួរថា ហេតុអ្វីបានជា William Heidt តាមរយៈហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជាបង្ហាញសារលើកតម្កើងខ្លួន ដោយលួចសមិទ្ធផលកម្ពុជា ធ្វើជារបស់ខ្លួនទៅវិញ? William Heidt ពិតជាមានរបៀបវារៈនយោបាយនៅពីក្រោយសារនេះច្បាស់ណាស់។ នៅក្នុងទ្រឹស្តីនៃការធ្វើបដិវត្តន៍ពណ៌ ការបញ្ឆេះកំហឹងប្រជាពលរដ្ឋអំពីធនធានធម្មជាតិ គឺជាវិធីសាស្ត្រមួយដើម្បីឱ្យប្រជាពលរដ្ឋចោទរដ្ឋាភិបាលថា គ្មានសមត្ថភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងងើបឡើងតស៊ូមតិ។ តើអ្វីដែល William Heidt លើកឡើងតាមហ្វេសប៊ុកនេះ គឺជាចេតនានយោបាយទុច្ចរិតមួយដើម្បីបង្កឱ្យមានការយល់ច្រឡំ ការស្អប់របស់ប្រជាជនមកលើរាជរដ្ឋាភិបាលកម្ពុជា? William Heidt គួរយល់ថា កម្ពុជាជារដ្ឋឯករាជ្យ មិនមែនស្ថិតនៅក្រោមអាណានិគមអាមេរិកឡើយ ហើយអាមេរិកជាឪរបស់បក្សប្រឆាំងនៅកម្ពុជា ប៉ុន្តែមិនមែនជាឪកម្ពុជាឡើយ។ ដូច្នេះគួរកុំលួចសមិទ្ធផលរាជរដ្ឋាភិបាលមកធ្វើជារបស់ខ្លួន ហើយក៏គួរកុំធ្វើឫកខែងរែងខុសក្បួនដូច្នេះ៕
ពីយើងខ្ញុំប្រជាជនកម្ពុជា

No comments:

Post a Comment