Wednesday, January 11, 2017

រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិរដ្ឋ Ontario នៃប្រទេសកាណាដាមកស្វែង​យល់​ការងា​រ​​គ្រប់គ្រងរមណីយ​​ដ្ឋានអង្គរពីសំណាក់អាជ្ញាធរជាតិអប្សរា

រដ្ឋមន្ត្រីពាណិជ្ជកិច្ចកម្មអន្តរជាតិ នៃរដ្ឋ Ontario ប្រទេសកាណាដា គឺលោក Michael Chan បានមកបំពេញទស្សនកិច្ចនិងស្វែងយល់អំពីការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ ពីសំណាក់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ ទទួលស្វាគមន៍និងធ្វើបទបង្ហាញជូនរដ្ឋមន្ត្រីនៅពេលនេះមាន លោក សុខ សង្វារ អគ្គនាយករង និងជាតំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំ មន្ត្រីជំនាញជាច្រើនរូបផ្សេងទៀត។
បន្ទាប់ពីកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ លោក សុខ សង្វារ ក៏បានបង្ហាញជូនគណៈប្រតិភូកាណាដាអំពីការវិវត្តសំខាន់ៗដែលពាក់ព័ន្ធនឹងការរៀបចំគ្រប់គ្រងរមណីយដ្ឋានអង្គរ។ ក្នងនោះ ចាប់ពីអង្គរត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៩២មក តាមរយៈឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ការគ្រប់គ្រងអង្គរត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់បំផុត ជាក់ស្តែង ការរៀបចំគណៈកម្មាធិការអន្តរជាតិ ICC-Angkorក្នុងឆ្នាំ១៩៩៣ ការកំណត់តំបន់ការពារក្នុងឆ្នាំ១៩៩៤ ការបង្កើតអាជ្ញាធរជាតិអប្សរាក្នុងឆ្នាំ១៩៩៥ ការបង្កើតច្បាប់ស្តីពីការគ្រប់គ្រងបេតិកភណ្ឌក្នុងឆ្នាំ១៩៩៦ គោលនយោបាយបើកលំហជើងមេឃឆ្នាំ១៩៩៧ យុទ្ធសាស្ត្រឈ្នះៗដែលបានបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុងក្នុងឆ្នាំ១៩៩៨។ កត្តាទាំងនេះហើយ ដែលជំរុញឲ្យអង្គរត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ឆ្នាំ២០០៤។
ជាមួយគ្នានេះលោក សុខ សង្វារ ក៏បានបញ្ជាក់ផងដែរ អំពីភាពជោគជ័យនៃការគ្រប់គ្រងរមណីយដ្ឋានអង្គររយៈពេលជាង២០ឆ្នាំកន្លងមកនេះរបស់អាជ្ញាធរជាតិអប្សរា តាមរយៈយន្តការICC-Angkor និងកិច្ចសហប្រតិបត្តិការយ៉ាងល្អពីសំណាក់ដៃគូជាតិ និងអន្តរជាតិជាច្រើនទៀត។ មិនត្រឹមតែជោគជ័យនៅអង្គរទេ យន្តការICC-Angkor ត្រូវបានបណ្តាប្រទេសជាច្រើនយកគំរូទៅអនុវត្តតាមទៀតផង។
ក្រៅពីនេះមន្ត្រីជំនាញ៤រូបផ្សេងទៀតក៏បានធ្វើបទបង្ហាញជូនរដ្ឋមន្ត្រីអំពីកិច្ចការអភិរក្សជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ ការអភិវឌ្ឍនិងគ្រប់គ្រងទេសចរណ៍អង្គរ ការអភិវឌ្ឍសហគមន៍ក្នុងរមណីយដ្ឋានអង្គរ និងការគ្រប់គ្រងបរិស្ថានក្នុងរមណីយដ្ឋានអង្គរ។

លោក Michael Chan បានរៀបរាប់ថា លោកពិតជាស្ងើចសរសើរចំពោះស្ថាដៃដូនតាខ្មែរ ដែលបានសាងសង់ប្រាសាទយ៉ាងល្អឥតខ្ចោះ ជាពិសេសលោកពិតជាស្ងើចសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ដែលបំពេញបេសកកម្មដ៏ធំធេងរបស់ខ្លួនបានទទួលលទ្ធផលយ៉ាងជោគជ័យ។ លោកក៏បានបញ្ជាក់ថា “មុនចេញដំណើរមក ប្រពន្ធខ្ញុំបានស្វែងរកក្នុងប្រព័ន្ធអ៊ីនធើណិតអំពីអង្គរ ហើយបានដឹងថា អង្គរពិតជាអស្ចារ្យណាស់ យើងបានដឹងថាថ្មីៗនេះអង្គរបានក្លាយជាគោលដៅទស្សនាដ៏ល្អបំផុតលើលោកទៀតផង”។ លោកក៏បានបញ្ជាក់បន្ថែមទៀតថា “ក្រោយពីស្តាប់បង្ហាញអម្បាញ់មិញនេះទៅ ឃើញថាមានប្រទេសជាច្រើនមកចូលរួមជួយអង្គរ ខ្ញុំនឹងយកបញ្ហានេះទៅជម្រាបជូនថ្នាក់ដឹកនាំខ្ញុំ ហើយខ្ញុំនឹងជំរុញស្ថាប័នជាតិ និងស្ថាប័នស្ម័គ្រចិត្តនានានៅក្នុងប្រទេស កាណាដា ដើម្បីមកចូលរួមក្នុងកិច្ចការអភិរក្សអង្គរនាពេលខាងមុខ”៕



No comments:

Post a Comment