Wednesday, January 11, 2017

អាថ៌កំបាំងនៅក្រោយស្នាមញញឹមប្រាសាទបាយ័ន

ប្រាសាទបាយ័នកសាងឡើងនៅចុងសតវត្សទី១២ ពេលខ្លះគេយល់ថាប្រាសាទនេះបង្កប់នូវរចនាបទបែប បារ៉ូកសម័យអង្គរ បើប្រៀបធៀបទៅនឹងប្រាសាទអង្គរវត្ត។ ព្រះភក្ត្របញ្ចេញស្នាមញញឹមនៅលើកំពូលជាច្រើនបង្កប់ដោយភាពអាថ៌កំបាំង។ ចម្លាក់ក្រឡោតទាបដ៏ល្អនៅតាមជញ្ជាំងថែវបានរៀបរាប់ពីជីវិតប្រចាំថ្ងៃរបស់រាស្រ្តខ្មែរនៅសម័យដ៏រុងរឿងនៃប្រាសាទបាយ័ន។ ភ្លាមៗបន្ទាប់ពីបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងអភិវឌ្ឍ រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលហៅកាត់ថា ICC Angkor ក្រុមអភិរក្សអង្គររបស់រដ្ឋាភិបាលជប៉ុននិងមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលជាអ្នកគ្រប់គ្រងផ្នែករដ្ឋបាល រួមជាមួយអង្គការយូណេស្កូ ក៏បានចាប់ផ្តើមអនុវត្តគម្រោងអភិរក្សខ្នាតធំមួយ ដែលចែកចេញជាពីរដំណាក់កាល ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០៥ ដើម្បីជួសជុលបណ្ណាល័យខាងជើង។
ការងារទាំងអស់រួមមាន ការងារអង្កេតទៅលើប្រាសាទបាយ័ន ការងារស្រាវជ្រាវនិងជួលជុល ការងារបង្កើតប្លង់មេមួយសម្រាប់ការអភិរក្ស និងការងារជួសជុលប្រាសាទបាយ័នទាំងមូលនិងកម្មវិធីបណ្តុះបណ្តាលអ្នកជំនាញខ្មែរ។ ដំណាក់កាលទីបីនៃគម្រោង ពីឆ្នាំ២០០៥ដល់ឆ្នាំ២០១១ ត្រូវបានរៀបចំឡើងក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ រវាងក្រុមអភិរក្សអង្គរជប៉ុន អាជ្ញាធរអប្សរា និងអង្គការយូណេស្កូ។ ជាបឋមគម្រោងនេះ សំដៅលើការផ្ទេរការទទួលខុសត្រូវលើការងារបន្តិចម្តងៗដល់អ្នកជំនាញខ្មែរ។ ដំណាក់កាលនេះផ្តោតទៅលើការជួសជុលបណ្ណាល័យខាងត្បូង ចម្លាក់ក្រឡោតទាបនានានៅតាមជញ្ជាំងថែវខាងក្រៅផ្នែកខាងត្បូងនិងលំនឹងរចនាសម្ព័ន្ធតួកណ្តាល។ដំណាក់កាលទីបួន នៃគម្រោង បានចាប់ផ្តើមនៅចុងឆ្នាំ២០១១ ហើយគម្រោងបានបញ្ចប់នៅឆ្នាំ២០១៦។
ដំណាក់កាលនេះផ្តោតទៅលើការងារពង្រឹងគ្រឹះនិងការពង្រឹងរចនាសម្ព័ន្ធខាងលើនៃតួកណ្តាល ការងារអភិរក្សចម្លាក់ក្រឡោតទាបនៅតាមជញ្ជាំងថែវខាងក្នុងការងារជួសជុលដំបូលនិងកន្លែងប្រឈមនឹងគ្រោះថ្នាក់ផ្សេងទៀត ព្រមទាំងការងារកែលម្អស្ថាបត្យកម្ម និងទេសភាពនៅខាងមុខជ្រុងខាងកើតប្រាសាទ។

រាល់ដំណាក់កាលទាំងអស់ តម្រូវឲ្យមានការស្រាវជ្រាវយ៉ាងស៊ីជម្រៅនិងប្រើវិធីសាស្ត្រពហុជំនាញ។ ជាការសំខាន់បំផុតដែលត្រូវឲ្យអ្នកជំនាញក្នុងស្រុកចូលរួមនៅក្នុងគម្រោងនេះ។ ក្រុមការងារបានប្រើបច្ចេកទេសខ្មែរសម័យបុរាណដើម្បីពង្រឹងគ្រឹះរបស់ប្រាសាទនីមួយៗ។ការប្រកាន់យកគោលការណ៍បែបនេះ រួមជាមួយភាពច្បាស់លាស់ផ្នែកវិទ្យាសាស្រ្ត និងវិធីសាស្រ្តពហុជំនាញ និងការចូលរួមរបស់អ្នកស្រុកគួរត្រូវបន្តនៅក្នុងដំណាក់កាលក្រោយៗទៀត។(២០ឆ្នាំនៃកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីការងារអភិរក្សនិងអភិវឌ្ឍដោយចីរភាពរមណីយដ្ឋានអង្គរ)៕




No comments:

Post a Comment