Sunday, December 18, 2016

ប្រជាពលរដ្ឋមកពីទូទាំង១៣ភូមិ ក្នុងឃុំកុមារាជាទទួលបានការ​ពិនិត្យព្យាបាលជំងឺទូទៅ និងពិនិត្យជំងឺមាត់ធ្មេញ​ដោយឥតគិតថ្លៃពីអង្គការ CBN Cambodia

តាកែវ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ អង្កការ CBN Cambodia (Christian Broadcasting Network) ដែលធ្វើការផ្តោតលើកិច្ចការងារមនុស្សធម៌ ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ឃន សុភា និងក្រុមគ្រូពេទ្យជាច្រើនរូបទៀត បានចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាពលរដ្ឋមកពីទូទាំង១៣ភូមិ ក្នុងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។
ការចុះផ្តល់សេវាសុខភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំកុមារាជានេះ គឺធ្វើឡើងតបតាមការ ស្នើសុំ និងកិច្ចសហការរបស់ក្រុមការងារថ្នាក់ចុះជួយឃុំកុមារាជា ដែលមាន លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានក្រុមការងារ និងដោយមានការចូលរួម និងសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានក្នុងឃុំផងដែរ។
ការចុះផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ទូទាំង១៣ភូមិ ក្នុងឃុំកុមារាជា ដោយមិនគិតថ្លៃនេះ ធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ហើយសម្រាប់កម្មវិធីចុះពិនិត្យព្យាបាលនៅថ្ងៃទី១នេះ តំណាងក្រុមការងារថ្នាក់ជាតិ គឺដឹកនាំដោយលោក រ័ត្ន សណ្តាប់ និងលោក លី គាំ ប្រធានក្រុមការងារតាមភូមិ ក្នុងឃុំកុមារាជា ព្រមទាំងក្រុមការងារចុះជួយឃុំកុមារាជាមួយចំនួនទៀតផងដែរ។
លោក ប៉ុល ដុស ប្រធានក្រុមប្រឹក្សាឃុំកុមារាជា បានលើកឡើងថា ការចុះពិនិត្យព្យាបាល និងផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាការសម្រាលនូវការលំបាកមួយផ្នែកជូនប្រជាពលរដ្ឋដែលខ្វះខាត និងមានជំងឺ ហើយលោកក៏សូមអរគុណ និងជូនពរដល់អង្គការ CBN Cambodia ឱ្យដំណើរការទៅកាន់តែបានល្អប្រសើរថែមទៀត។
ជាមួយគ្នានេះ លោក អ៊ុ ញ្ញាណពិសិដ្ឋ នាយកអង្គការ CBN Cambodia បានមានប្រសាសន៍ថា លោកមានក្តីសោមនស្សរីករាយ ដែលបានអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ នាពេលនេះ។ លោកនាយក បានឱ្យដឹងថា សម្រាប់ការពិនិត្យ និងព្យាបាលនៅថ្ងៃនេះ ក្រុមការងាររបស់លោកមាន វេជ្ជបណ្ឌិតជំងឺទូទៅចំនួន៤រូប ហើយសម្រាប់ជំងឺមាត់ធ្មេញមានវេជ្ជបណ្ឌិតចំនួន២រូប។ នាយកអង្គការ CBN Cambodia បានបញ្ជាក់ថា អង្គការរបស់លោក បានដំណើរការនៅប្រទេសកម្ពុជាជាង១០មកឆ្នាំហើយ ហើយការចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋម្តងៗ មានប្រជាពលរដ្ឋចំនួនពី១០០០ ទៅ១២០០០នាក់។ លោកបានបន្តថា គោលដៅរបស់អង្គការ CBN Cambodia គឺចុះតាមបណ្តាខេត្តនានា ដែលប្រជាពលរដ្ឋមានការខ្វះខាត និងត្រូវការសេវាសុខភាពចាំបាច់។ លោក អ៊ុ ញ្ញាណពិសិដ្ឋ ក៏បានឱ្យដឹងទៀតថា អង្គការរបស់លោក ទទួលបានមូលនិធិពីប្រជាជនអាមេរិក សំរាប់ដំណើរការកិច្ចការមនុស្សធម៌នេះ។ ជាចុងក្រោយ លោក អ៊ុ ញ្ញាណពិសិដ្ឋ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ហើយបើមានតំរូវការចាំបាច់ក្នុងការពិនិត្យព្យាបាលនោះ ក្រុមការងាររបស់លោកនឹងមកទីនេះម្តងទៀត៕



No comments:

Post a Comment