Sunday, December 18, 2016

អ្នកសុំទានមួយ​ចំនួនអាចជាគោល​ដៅ​នៃ​ការ​កេង​ចំណេញ​នយោបាយ និង​ប៉ះពាល់​ដល់សណ្តាប់​ធ្នាប់សាធារណៈ

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ មានប្រជាពលរដ្ឋខ្មែរម្នាក់ បានបង្ហោះផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយលើកឡើងអំពីបញ្ហាអ្នកសុំទាន នៅតាមផ្លូវសាធារណៈ ជាពិសេសការសុំទានក្នុងរូបភាពវេទនា ដែលត្រូវបានរៀបចំឡើងដោយក្រុមជនឱកាសនិយម យកការសុំទានធ្វើជាមុខរបរ។
អ្នកបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកនោះ បានសរសេររៀបរាប់ថា «សណ្តានចិត្តបងប្អូនយើងដែលគិតគូរ និងជួយដល់បងប្អូនដែលក្រីក្រលំបាក ជាពិសេសបងប្អូនអ្នកសុំទានតាមផ្លូវសាធារណ: គឺជាគុណធម៌ដ៏ល្អប្រពៃ។ កន្លងមក មានអ្នកទីទ័លក្រដែលត្រូវបង្ខំចិត្តសុំទានដើម្បីដោះទ័លម្តងមួយគ្រា ហើយក៏មានបងប្អូនយើងមួយចំនួនដែលបានចាប់យកការសុំទាននេះជាអាជីពដែរ។ ត្រង់ចំណុចនេះ បងប្អូនខ្លះបន្តសុំទានជាអាជីព ដោយសារតែមិនមាន ឬមិនអាចធ្វើអ្វីផ្សេងទៀតបាន។ ប៉ុន្តែបងប្អូនយើងខ្លះទៀត គឺមិនចង់ទៅធ្វើការងារអីសោះ ក្រៅតែពីការសុំទាន ព្រោះវាងាយស្រួល ហើយមានសេរីភាព មិនដូចធ្វើការអោយគេនោះទេ ដែលត្រូវមានម៉ោងមានពេលត្រឹមត្រូវ។ ជាងនេះទៀត បងប្អូនខ្លះទៀតក៏បានបង្កើតអោយមានស្ថានភាពវេទនាភ្នែកកាន់តែខ្លាំង ដើម្បីងាយសុំទាន និងសុំទានបានកាន់តែច្រើនថែមទៀតផង ដូចជាមនុស្សពេញវ័យបីទារកមកសុំទាន, មនុស្សពេញវ័យអូសរទេះអ្នកជំងឺធ្ងន់ធ្ងរមកសុំទានឬមនុស្សពេញវ័យរៀបចំអោយក្មេងៗបីទារកមកសុំទាន។ល។ ដើម្បីរកលុយមកចិញ្ចឹមពួកខ្លួនដែលដេកទំនេរ ឬលេងល្បែងស៊ីសងទៅវិញ គឺក្រុមនេះហើយដែលយើងត្រូវផ្តល់ដំណោះស្រាយ ដើម្បីជួយផង និងចាត់វិធានការផង ដើម្បីទប់ស្កាត់សកម្មភាពហួសហេតុមួយចំនួន»។
គណនីហ្វេសប៊ុកដដែលនេះ បានបញ្ចេញជាយោបល់ជុំវិញរឿងនេះថា «ខ្ញុំគិតថា យើងមិនគួរហាមឃាត់ពួកគាត់មិនអោយសុំទានដោយចំហរនោះទេ ព្រោះគាត់ក៏មានសិទ្ធិសេរីភាពជ្រើសយកការសុំទាននេះជាអាជីពចិញ្ចឹមជីវិតដែរ។ នៅស្រុកណាក៏មានអ្នកសុំទានដែរ។ នៅអាមេរិក បារាំង ជប៉ុន អូស្ត្រាលី។ល។ សុទ្ធតែនៅមានអ្នកសុំទាន»។ ប៉ុន្តែយើងអាចរៀបចំអប់រំពួកគាត់ កុំអោយប្រើពលកម្មកុមារ ឬរបៀបសុំទានដែលវេទនាភ្នែកពេក សម្រាប់ការសុំទានរបស់ពួកគាត់ ឧទាហរណ៍ វិធានការហាមការសុំទានដោយប្រើទារក ឬកុមារតូច ឬកូនក្មេង ឬចាស់ជរាដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរ នៅតាមផ្លូវថ្នល់ជាដើម។ល។ តើបងប្អូនយល់យ៉ាងណាដែរ?» ទាំងនេះសុទ្ធតែជាគំនិតដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់។
សូមបញ្ជាក់ថា ករណីនៃការសុំទាននេះ ក៏គួរតែសាលារាជធានីភ្នំពេញ ធ្វើការណែនាំ និងរៀបចំឲ្យមានសណ្តាប់ធ្នាប់ ផងដែរ ពីព្រោះសកម្មភាពនេះវាបានប៉ះពាល់ធ្ងន់ធ្ងរដល់គោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលដែលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុតលើបញ្ហានេះ ។ ម៉្យាងវិញទៀត ការយកវិធីសុំទានធ្វើជាមុខរបរ គឺជាសកម្មភាពមិនសមរម្យនោះទេ ។ ផ្ទុយទៅវិញពលរដ្ឋ និងក្រុមមនុស្សមួយចំនួនតូចទាំងនោះ គួរត្រូវបានរៀបចំឲ្យមានរបៀបរៀបរយ។ មួយវិញទៀតអ្នកសុំទានទាំងនេះ គឺមិនអាចបង្ហាញថា ខ្មែរនៅតែក្រលំបាកវេទនាបែបនេះឡើយ តែវាបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងក៏អាចនាំឲ្យមានការបកស្រាយភ័ន្តច្រឡំពីកម្ពុជាលើបញ្ហានេះផងដែរ មិនត្រឹមតែប៉ុណ្ណោះទេ ក៏អាចមានជនឱកាសនិយមខ្លះ ឆ្លៀតថតផ្តិតយករូបភាពដ៏តិចតួចនេះ បង្ហោះផ្សព្វផ្សាយបំភ្លៃសភាពការណ៍ពិតនៃប្រទេសកម្ពុជា ដើម្បីធ្វើអាជីវកម្មផងដែរ៕




No comments:

Post a Comment