Wednesday, December 21, 2016

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងទំហំពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកើនដល់៥ពាន់លានដុល្លា

ហាណូយ)៖ នៅក្នុងពិធីលៀងសាយភោជន៍ នៅទីក្រុងហាណូយ ដែលនាយករដ្ឋមន្ត្រីវៀតណាមរៀបចំជូននាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីយប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦ នេះ គឺប្រមុខដឹកនាំ នៃប្រទេសទាំងពីរបានប្តេជ្ញាពង្រឹងនូវកិច្ចសហប្រតិបត្តិការអោយបានល្អដើម្បីថែរក្សានូវសុខសន្តិភាព និងពង្រឹងទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរអោយកើនឡើង ៥ពាន់លានដុល្លា ដើម្បីប្រទេសជាតិកាន់តែរីកចម្រើនទៅមុខ។
គួររំលឹកថា កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងជំនួបពិភាក្សាគ្នារវាងមេដឹកនាំប្រទេសកម្ពុជា-វៀតណាម ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្ត ចំពោះការបោះជំហានទៅមុខនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ នាពេលកន្លងមកដែលនាំមកនូវ ផលប្រយោជន៍ជាក់ស្តែងជាច្រើនប្រជាជននៃប្រទេសទាំងពីរ ហើយមេដឹកនាំទាំងពីរក៏ បានឯកភាពគ្នាថា ការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម គឺពិតជាមានសារៈសំខាន់យ៉ាងក្រៃលែងសម្រាប់ប្រជាជាតិទាំងពីរ។ តាមរយៈនោះ មេដឹកនាំទាំងពីរ បានប្តេជ្ញាបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីស្របតាមពាក្យស្លោក ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថេរភាពយូរអង្វែង។
គួរបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាមនេះក្នុងគោលបំណង ដើម្បីពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើវិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ សម្រាប់ប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំរីកចម្រើន ទ្វេឡើង ថែមទៀតក្នុងនាមជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា៕



No comments:

Post a Comment